FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ រៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ៧៨គីឡូម៉ែត្រ នៅថ្ងៃទី៨មីនា

27-02-2026 09:56

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ រៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ៧៨គីឡូម៉ែត្រ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយចេញដំណើរពីទីស្តីការក្រសួងទេសចរណ៍ វេលាម៉ោង៥៖០០នាទីព្រឹក ឆ្ពោះទៅទីរួមខេត្តតាកែវ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» ក្នុងគោលបំណងអបអរទិវានារីអន្តរជាតិ ៨មីនា ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ និងបង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ព្រមទាំងឧបត្ថម្ភសម្ភារសិក្សា ដល់សិស្សានុសិស្សខ្វះខាត។

ក្រសួងទេសចរណ៍ បានឲ្យដឹងថា មហាជនដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ខាងលើ សូមអញ្ជើញចុះឈ្មោះឱ្យបានទាន់ពេលវេលាតាមរយៈ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា៖

*ចំពោះការចុះឈ្មោះចូលរួមមិនមានបង់ថវិកា
*អ្នកចូលរួមចុះឈ្មោះដំបូង ៧០០នាក់ ទទួលបានអាវយឺតចំនួន១ ដោយឡែកចំពោះអ្នកចុះឈ្មោះ ចាប់ពីលេខរៀង ៧០១ មិនទទួលបានអាវយឺត ប៉ុន្តែអាចចូលរួមបាន (ចំពោះអ្នកចូលរួមទទួលបាន អាហារសម្រន់ពេលព្រឹក ភេសជ្ជៈ និងអាហារថ្ងៃត្រង់)
*អ្នកចុះឈ្មោះចំនួន ៧០០នាក់ ដំបូងអាចមកទទួលយកអាវយឺតព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១៧:០០ នាទី នៅទីស្តីការក្រសួងទេសចរណ៍
*អ្នកចូលរួមព្រឹត្តិការណ៍ជិះកង់ដែលមានបំណងឡើងទស្សនាភ្នំជីសូរ្យ ត្រូវមានស្បែកជើងប៉ាតាសម្រាប់ ឡើងភ្នំ
*អ្នកចូលរួមត្រូវត្រៀមកង់ដោយខ្លួនឯង ក្នុងករណីប្រសិនបើមានបំណងចង់ជួលកង់ សូមមេត្តា ទំនាក់ទំនងហាងកង់សុខភាពល្អ តាមរយៈលេខទូរសព្ទ៖ ០១៥ ៩៩៧ ៩៣៩/ ០៨៩ ៩៩៧ ៩៣៩៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖