ម្ចាស់សណ្ឋាគារនៅថ្មដា ដែលជាជនជាតិចិន បកអាក្រាតពីសកម្មភាពយោធាថៃ ចូលលួចសម្ភារមានតម្លៃក្នុងសណ្ឋាគាររបស់ខ្លួន
26-02-2026 22:30
(ភ្នំពេញ)៖ លោក Fang ម្ចាស់សណ្ឋាគារថ្មដា Heng Fang hotel នៅស្រុកថ្មដា ខេត្តពោធិ៍សាត់ ដែលត្រូវបានទាហានថៃ យកបន្លាលួសហ៊ុំព័ន្ធ បានចេញវីដេអូ បកអាក្រាតសកម្មភាពរបស់យោធាថៃ ដែលបានបាញ់ប្រហារមកលើទឹកដីកម្ពុជា និងយកបន្លាលួសព័ទ្ធសណ្ឋាគាររបស់លោក រួមទាំងរុះរើបំផ្លាញ និងលួចយករបស់មានតម្លៃក្នុងសណ្ឋាគាររបស់លោកគ្មានសល់ ប្រៀបបាននឹងពួកចោរចូលប្លន់តែម្តង។
លោក Fang បានបញ្ជាក់ដូចនេះថា «ថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើការផ្សព្វផ្សាយលើបណ្ដាញសង្គម ដែលជាការផ្សព្វផ្សាយលើកដំបូងបំផុតរបស់ខ្ញុំ គឺមានគោលបំណងឆ្លើយតបទៅនឹងបណ្ដាញផ្សព្វផ្សាយព័ត៌មានរបស់ថៃមួយចំនួន ដែលបានផ្សព្វផ្សាយលាបពណ៌ប្រឌិតព័ត៌មាន ហើយក៏មានបំណងបកអាក្រាតជនល្បីតាមបណ្ដាញសង្គមរបស់ថៃមួយចំនួន ដែលផ្សាយមិនពិតពីកម្ពុជា»។
លោក Fang បានរៀបរាប់ទៀតថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ពេលព្រឹកព្រលឹមថ្ងៃនោះ សង្គ្រាមរវាងកម្ពុជា និងថៃ បានចាប់ផ្ដើមហើយ នៅព្រឹកព្រលឹមប្រហែលម៉ោង៥ និងម៉ោង ៧ព្រឹក លោកបានលឺសូរសំឡេងគ្រាប់ផ្លោង មានចម្ងាយពីសណ្ឋាគាររបស់លោកប្រហែលជា ៥០០ម៉ែត្រ ហើយពេលនោះបុគ្គលិកសណ្ឋាគាររបស់លោក ក៏បានជម្លៀសចេញអស់ នៅសល់តែគ្រួសារលោក និងភ្ញៀវតិចតួចតែប៉ុណ្ណោះ តែនៅថ្ងៃត្រង់ ថ្ងៃដដែលនោះ មានគ្រាប់ផ្លោងចូលមកតំបន់នោះទៀត លោកក៏បានសម្រេចចិត្តបិទសណ្ឋាគារ ដើម្បីទៅរកទីទួលសុវត្ថិភាព។
លោក Fang បានបន្ថែមថា ក្រោយជម្លៀសខ្លួនអស់មួយរយៈ លោកក៏បានត្រឡប់ទៅមើលសណ្ឋាគារលោកវិញ ដោយពេលនោះលោកបានសុំទាហានកម្ពុជាឲ្យអនុញ្ញាតឱ្យលោកចូលទៅមើលសណ្ឋាគាររបស់លោក តែមិនត្រូវបានអនុញ្ញាតនោះឡើយ តែពេលនោះទិដ្ឋភាពដែលលោកបានឃើញ គឺទាហានថៃ បានរុញរទេះប្រមូលឥវ៉ាន់ដែលមានតម្លៃ និងក្នុងហាងរបស់លោក នៅចំពោះមុខលោក យកធ្វើជាកម្មសិទ្ធិរបស់ទាហានថៃ ដែលនេះគឺជាសកម្មភាពប្លន់តែម្ដង ពេលនោះទោះបីលោកបានប្រាប់ទៅទាហានថៃកុំឱ្យយកឥវ៉ាន់ទាំងនោះ ក៏ទាហានថៃមិនព្រមស្តាប់នោះឡើយ។
លោកបានបន្ថែមទៀតថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោកក៏បានសាកល្បងទំនាក់ទំនងជាមួយនឹងទាហានថៃជាច្រើនដង ដើម្បីសុំចូលមើលសណ្ឋាគាររបស់លោក តែត្រូវបានបដិសេធ ដូច្នេះលោក ក៏បានលួចលូនចូលតាមបន្លាលួស ដើម្បីទៅមើលសណ្ឋាគាររបស់លោក ហើយទិដ្ឋភាពនៅខាងក្នុង គឺកុំព្យូទ័រ ទូរទស្សន៍ ទូទឹកកក ម៉ូតូ ម៉ាស៊ីនបោកខោអាវ របស់មានតម្លៃ ទូដែក ដែលដាក់របស់របរមានតម្លៃ ត្រូវបានទាហានថៃ គាស់លួចគ្មានសល់ឡើយ៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក Fang ម្ចាស់សណ្ឋាគារថ្មដា Heng Fang hotel ខេត្តពោធិ៍សាត់៖
