រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារពិនិត្យ និងពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រ ខេត្តបន្ទាយមានជ័យ
26-02-2026 22:01
(បន្ទាយមានជ័យ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរលោកប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជាច្រើនទៀត នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារពិនិត្យ និងពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យបង្អែកព្រះនេត្រ ស្ថិតនៅភូមិជប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជាកិច្ចចាប់ផ្តើមលោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអានរបាយការសង្ខេបស្តីពី ការសាងសង់ អគារពិនិត្យ និងពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ដោយបានបញ្ជាក់ថា អគារនេះ មានទំហំ ២៣ម៉ែត្រ x ១៣ម៉ែត្រ សាងសង់ក្រោមការត្រួតពិនិត្យ វាយតម្លៃបច្ចេកទេស និងការដេញថ្លៃដោយការចូល រួមនិងសិទ្ធិសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការកសាងនោះចំណាយអស់ជាង ៣០មុឺនដុល្លា ក្រោយពីការជួសជុល និងសាងសង់ពង្រីកបន្ថែមអគារមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ឧបត្ថម្ភដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុង ក្រោយគម្រោងចាប់ផ្តើម ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងដែរលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ផែនការសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្ត រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះទៅ សម្រេចចក្ខុវិស័យនៅឆ្នាំ២០៥០ ហើយនៅក្នុងបញ្ចកោណទី១ នៃគោលនយោបាយយុទ្ធសាស្ត្រ គឺកាត់បន្ថយ អត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពបន្តពូជមាតា ទារក និងកុមារដែលនៅក្នុងកម្មវិធីគោលនយោបាយនៃអាទិភាព។
លោក អ៊ុំ រាត្រី បានបញ្ជាក់ដឹងទៀតថា ដើម្បីសម្រេចបាននូវគោលដៅ និងសកម្មភាពជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានដាក់ចេញនូវផែនការ និងសកម្មភាពដែលត្រូវបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍អន្តរាគមន៍ សម្រាប់ឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវ ពង្រឹង និងពង្រីកសេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំព្យាបាល និងបង្ការហានិភ័យសុខភាពជាដើម។
នាឱកាសនោះសាស្ត្រាចារ្យ ឈាង រ៉ា បានធ្វើការកោតសរសើរដល់លោកវេជ្ជបណ្ឌិត និងលោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសេីរ តាមរយៈការអនុវត្តន៍នូវចំនុចល្អៗ ក្នុងនោះចេះ គោរពវិនយ័ការងារ ម៉ោងធ្វេីការម៉ោងយាម ពាក់ឯកសណ្ឋាន មានស្លាកឈ្មោះ បានត្រឹមត្រូវ អនាមយ័នៅក្នុងមន្ទីរពេទ្យ បានស្អាត និងចូលរួមថែរក្សាទ្រព្យសម្បត្តិរដ្ឋ យកចិត្តទុក្ខដាក់ពិនិត្យព្យាបាលជម្ងឺ មានការទទួលខុសត្រូវចំពោះអ្នកជម្ងឺ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ឲ្យដឹងបន្តថា វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ទាំង៥យ៉ាង ឲ្យបានល្អដើម្បីកែប្រែឥរិយាបថ ទន់ភ្លន់ សុភាពរាបសារ រួសរាយរាក់ទាក់ ជាមួយអ្នកជំងឺឲ្យខាងតែបាន ខិតខំអភិវឌ្ឍន៍សមត្ថភាពឲ្យទាន់សម័យ ជឿនលឿន រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ កុំទុកអ្នកជំងឺចោល និងត្រូវបញ្ជូនគាត់ទៅកន្លែងដែលមានលទ្ធភាពព្យាបាលខ្ពស់ជាងយេីង ក្នុងករណីដែលគ្រូពេទ្យគ្មានលទ្ធភាពព្យាបាលបាន។ យកចិត្តទុកដាក់ពិនិត្យព្យាបាលកម្មករ កម្មការីនី មន្ត្រីរាជការ មេឃុំមេភូមិ អនុភូមិ ចៅសង្កាត់ ស្មៀន ដោយកុំយកសេវាឡើយ។ លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់ត្រូវតែទទួលទោសវិន័យនៅពេលដែលមានការប្រព្រឹត្តខុសឆ្គង ធ្វេសប្រហែសក្នុងពេលបំពេញការងារនិងមិនគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជប់ខ្ជួន ៕


















