FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ២០២៦ ជាឆ្នាំដ៏គ្រោះថ្នាក់សម្រាប់តៃវ៉ាន់?

26-02-2026 21:42

(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំ២០២១ លោកឧត្តមនាវីអាមេរិក Philip Davidson ជាអតីតប្រមុខទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសេវាប្រដាប់អាវុធ នៃព្រឹទ្ធសភាអាមេរិក ថាចិនបានកំណត់គោលដៅយ៉ាងច្បាស់លាស់ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់នៅមុនឆ្នាំ២០២៧។ ការព្យាករនេះទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង និងជំរុញឱ្យមានការធ្វើសកម្មភាពជាក់ស្ដែងដោយសភាទាំង២របស់សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា ៧.១ពាន់លានដុល្លារសម្រាប់ការពង្រឹងសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការកំញើញទប់ស្កាត់កុំឱ្យចិនវាយប្រហារលើតៃវ៉ាន់ ក៏ដូចជាបង្កើតយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងការគំរាមកំហែងយោធាពីចិន។

* កេរដំណែលរបស់លោក ស៊ី ជីនពីង
បើទោះជាលោក ស៊ី ជីនពីង បានណែនាំឱ្យកងទ័ពរំដោះប្រជាជនចិន PLA ត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីគ្រប់គ្រងតៃវ៉ាន់ដោយប្រើកម្លាំងបាយនៅមុនឆ្នាំ២០២៧ក៏ពិតមែន តែវាក៏មិនប្រាកដថាចិនត្រូវតែធ្វើសកម្មភាពក្នុងឆ្នាំនោះ នោះឡើយ។ គណបក្សកុម្មុយនិស្តចិននឹងត្រូវបើកមហាសន្និបាតបក្សលើកទី២១របស់ខ្លួន ក្នុងឆ្នាំ២០២៧ ហើយនៅក្នុងនយោបាយចិន អាទិភាពអំឡុងឆ្នាំរៀបចំមហាសន្និបាតបក្ស នោះគឺស្ថិរភាពដាច់ខាត។ បានន័យថារាល់ការសម្រេចចិត្ត ទាំងឡាយត្រូវឆ្លងកាត់ការពិចារណាយ៉ាងល្អិតល្អន់ជាទីបំផុត ពោលគឺមិនត្រូវឱ្យមានកំហុសសូម្បីតែបន្តិចដែលអាចធ្វើឱ្យមានអស្ថិរភាពនយោបាយនោះទេ។ គណបក្សកម្មុយនិស្តចិន CCP គឺជាអង្គការអភិរក្សនិយម ដូច្នេះគ្រប់ការសម្រេចចិត្តដែលអាចបង្កផលប៉ះពាល់ដល់តុល្យភាពអំណាចក្នុងគណបក្សនឹងត្រូវបានពន្យារពេល។

ក៏ប៉ុន្តែ ២០២៧ គឺជាឆ្នាំដ៏សំខាន់សម្រាប់ហេតុផលមួយផ្សេងទៀត នោះគឺ៖ វាជាឆ្នាំបិទបញ្ចប់អាណត្តិទី៣របស់លោក ស៊ី ជីនពីង។ ការពិភាក្សាអំពីផែនការស្វែងរកអ្នកបន្តវេនពីលោក ស៊ី ជីនពីងដែលនឹងមានអាយុ ៧៤ឆ្នាំ ក្នុងឆ្នាំ២០២៧ ហាក់មានសភាពស្ងប់ស្ងាត់ តែនៅតែបន្តធ្វើឡើង។ ក្រុមអ្នកតាមដាននយោបាយចិនមួយចំនួនយល់ថាលោក ស៊ី ជីនពីងនឹងមិនបោះបង់ចោលតំណែងទាំងអស់ក្នុងពេលតែមួយនោះទេ។ តែនៅឆ្នាំ២០២៧ លោកអាចនឹងបោះចោលតំណែង មួយក្នុងចំណោមតំណែងទាំង៣ដែលលោកកំពុងក្ដាប់ក្នុងដៃដែលរួមមានតំណែងជាប្រធានាធិបតី អគ្គលេខាធិការបក្ស និងប្រធានគណៈកម្មការយោធាមជ្ឈិមចិន។ ចាប់តាំងពីឆ្នាំ១៩៤៩ មេដឹកនាំ CCP បានធ្វើការសម្រេចចិត្តផ្សេងៗគ្នា ពាក់ព័ន្ធនឹងតំណែងទាំង៣នេះ។ លោក ម៉ៅ សេទុង បានបោះបង់ចោលតំណែងជាប្រធានាធិបតី ក្នុងឆ្នាំ១៩៥៩ បន្ទាប់ពីមានការប្រជែងអំណាចក្នុងបក្ស ប៉ុន្តែលោកបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងប្រធានគណៈកម្មការយោធាមជ្ឈិម។ លោក តេង ស៊ាវពីង បានបោះបង់ចោលតំណែងទាំង៣ នៅពេលប្រគល់អំណាចទៅឱ្យលោក ជាំង ហ្សេមីន (Jiang Zemin) ក្នុងឆ្នាំ១៩៨៩ តែបន្តរក្សាអំណាចនៅពីក្រោយឆាកតាមរយៈ គណៈកម្មការប្រឹក្សាមជ្ឈិម ដែលជាស្ថាប័នមួយមានសមាសភាពសុទ្ធតែជាចាស់ព្រឹទ្ធាចារ្យនៅក្នុងបក្ស។

នៅឆ្នាំ២០០២ លោក ជាំង ហ្សេមីន បានបោះបង់ចោលតំណែងប្រធានាធិបតី និងអគ្គលេខាធិការបក្ស។ តែបន្តរក្សាតំណែងជាប្រធានគណៈកម្មការយោធាមជ្ឈិមរយៈពេល៣ឆ្នាំ។ លោក ហ៊ូ ជិនតៅ (Hu Jintao) វិញបានប្រគល់តំណែង ទាំងអស់ទៅឱ្យលោក ស៊ី ជីនពីង នៅពេលលោកចុះចេញពីតំណែង។ ប្រសិនបើដំណើរការស្វែងរកអ្នកបន្តវេនចាប់ផ្ដើមឆាប់ៗ ក្រុមអ្នកតាមដាននយោបាយចិនបានព្យាករថាលោក ស៊ី ជីនពីងអាចនឹងបោះបង់ចោលតំណែងជាប្រធានាធិបតី ពីព្រោះតំណែងនេះមិនសូវមានអំណាចទេ ធៀបទៅនឹងតំណែងជាអគ្គលេខាធិការបក្ស និងប្រធានគណៈកម្មការយោធាមជ្ឈិម។ តែព្រមពេលជាមួយគ្នា ការបោះបង់ចោលតំណែងណាមួយអាចនឹងបំផ្លាញកុងសង់ស៊ីសដាច់ខាតនៅក្នុងប្រព័ន្ធ ហើយបើការធ្វើវិមជ្ឈការអំណាច ឬការផ្ទេរអំណាចពិតជាកើតឡើងពិតមែន នោះផែនការយោធាណាមួយដើម្បីគ្រប់គ្រងតៃវ៉ាន់ទំនងជានឹងត្រូវបានលើកពេល។ វាមានភាគរយខ្ពស់ណាស់ថាឆ្នាំ២០២៧ អាចនឹងចូលមកដល់ និងកន្លងផុតទៅ ដោយលោក ស៊ី ជីនពីង នឹងបន្តកាន់អំណាចនៅអាណត្តិទី៤។ ដូចគ្នាទៅនឹងមេដឹកនាំចិនមុនៗដែរ លោក ស៊ី ជីនពីងមិនចាំបាច់ត្រូវចុះចេញពីតំណែងទេ ហើយក៏មិនចាំបាច់ទាល់តែវាយយកតៃវ៉ាន់ឱ្យបាន ទើបអាចរក្សាអំណាចរបស់ខ្លួន បាននោះដែរ។ ប៉ុន្តែ ខុសប្លែកពីមេដឹកនាំចិនមុនៗ លោក ស៊ី ជីនពីង បានប្រឹងប្រែងជំរុញយ៉ាងខ្លាំងដើម្បីយកតៃវ៉ាន់ឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ចិន។ ប្រសិនបើលោក ស៊ី ជីនពីង មានឱកាសមួយដើម្បីសម្រេចគោលដៅ បង្រួបបង្រួមជាតិរបស់លោក នោះលោកនឹងមិនស្ទាក់ស្ទើរទេ។

* បើមិនចាត់ការឥលូវ តើចាំដល់ពេលណា?
មកទល់នឹងពេលនេះ ហេតុផលចម្បងដែលលោក ស៊ី ជីនពីងមិនប្រើប្រាស់កម្លាំងយោធាប្រឆាំងតៃវ៉ាន់ នោះគឺលោកនៅតែមានការសង្ស័យ និងស្ទាក់ស្ទើរអំពីជ័យជម្នះ។ សំណួរពីជ័យជម្នះនេះគឺវាអាស្រ័យថាតើសហរដ្ឋអាមេរិក នឹងធ្វើការឆ្លើយតបយ៉ាងដូចម្ដេចចំពោះការវាយប្រហារណាមួយរបស់ចិនលើតៃវ៉ាន់? ចិនសព្វថ្ងៃទំនងជាជឿជាក់ថាគ្មានប្រធានាធិបតីអាមេរិកណាដែលមិនអើពើនឹងតៃវ៉ាន់ ហើយទំនងជានឹងមិនធ្វើអន្តរាគមន៍យោធាក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ខ្លាំងជាលោក ដូណាល់ ត្រាំនោះទេ។ ខជាជាក់ស្ដែង យុទ្ធសាស្ត្រសន្តិសុតិរបស់សហរដ្ឋអាមេរិកត្រូវបានចេញផ្សាយកាលពីពេលថ្មីៗនេះ និងដែលផ្ដោតជាអាទិភាពលើដែនឥទ្ធិពលអាមេរិកក្នុងតំបន់អាមេរិក និងអះអាងពីនិន្នាការមិនធ្វើអន្តរាគមន៍និយម បានគាំទ្រទស្សនៈបែបនេះ ក៏ព្រោះតែយុទ្ធសាស្ត្រថ្មីនេះមិនបានចាត់ទុកចិនជាការគំរាមកំហែង ឬជាបញ្ហាប្រឈមមួយសម្រាប់សហរដ្ឋអាមេរិកឡើយ។ ការមិនសូវខ្វាយខ្វល់ច្រើនរបស់រដ្ឋបាល លោក ត្រាំ ចំពោះការធ្វើសមយុទ្ធយោធារបស់ចិនឡោមព័ន្ធតៃវ៉ាន់កាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ជាទឡ្ហីករណ៍មួយដែរ។ លើសពីនេះទៅទៀត កាលពីដើមខែមករា ឆ្នាំ២០២៦ ការសម្រេចចិត្តរបស់លោក ត្រាំ វាយប្រហារវ៉េណេស៊ុយអេឡា និងចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ បានបង្ហាញកាន់តែច្បាស់ទៅទៀតថាសហរដ្ឋអាមេរិកផ្តោតជាអាទិភាពលើតំបន់ដែនឥទ្ធិពលរបស់ខ្លួន។

ក៏ប៉ុន្តែការប្រែប្រួលបែបនេះនៅក្នុងយុទ្ធសាស្ត្រជាអាទិភាពរបស់សហរដ្ឋអាមេរិក និងវិធីសាស្ត្រដោះស្រាយជាមួយចិន ប្រហែលជាមានត្រឹម៣ឆ្នាំទៀតប៉ុណ្ណោះ។ ការប្រែប្រួលនេះទៀតសោតក៏អាចនឹងសាបរលាបដែរ នៅក្រោយការបោះឆ្នោត ពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងករណីគណបក្សប្រជាធិបតេយ្យគ្រប់គ្រងសភា ហើយមូលដ្ឋានគាំទ្ររបស់លោក ត្រាំ បាត់បង់ថាមពល។ ឱកាសល្អមិនមែនចេះតែមាននោះទេ ហើយចិនក៏មិនប្រាកដថាអាចនឹងបានជួប ប្រធានាធិបតីអាមេរិកដែលស្ទាក់ស្ទើរចំពោះតៃវ៉ាន់ដូចជាលោក ត្រាំនោះដែរ។

ជាគោលការណ៍ ចិនចូលចិត្តលេងហ្គេមយូរអង្វែងដោយផ្អែកលើហេតុផលថានៅពេលដែលខ្លួនវ៉ាដាច់សហរដ្ឋអាមេរិកទាំងខាងសេដ្ឋកិច្ច និងយោធា នោះចិនអាចរារាំងសហរដ្ឋអាមេរិកមិនឱ្យការពារតៃវ៉ាន់បានយ៉ាងងាយ។ ចក្ខុវិស័យសុទិដ្ឋិនិយម បែបនេះបានឈានដល់ចំណុចកំពូល អំឡុងឆ្នាំដំបូងនៃការឆ្លងរាតត្បាតកូវីដ១៩ ជាពេលមួយដែលចិនជឿថា «ដោយសារតែលោកខាងកើតរះឡើង ហើយលោកខាងលិចធ្លាក់ចុះ មិនយូរមិនឆាប់ចិននឹងអាចបណ្ដេញសហរដ្ឋអាមេរិកចេញពីតំបន់ អាស៊ី។ ក៏ប៉ុន្តែ ៦ឆ្នាំកន្លងមកនេះនៃការប្រកួតប្រជែងកំពូលមហាអំណាចបានបង្ហាញថាមហិច្ឆតារបស់ចិនមិនអាចសម្រេចបានក្នុងពេលដ៏ខ្លីដូចដែលខ្លួនធ្លាប់សង្ឃឹមទេ។ ជំនួសឱ្យការរង់ចាំគ្មានដែនកំណត់ ចិនអាចកំពុងសញ្ជឹងគិតថាការមិនអើពើ របស់វ៉ាស៊ីនតោនបច្ចុប្បន្ន ប្រហែលជាហុចឱកាសល្អដើម្បីឱ្យខ្លួនសម្រេចក្ដីសុបិនបង្រួបបង្រួមជាតិ។ ក្រៅពីនេះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនក៏កំពុងកំណត់លើឱកាសរបស់ចិនផងដែរ។ សង្រ្គាមនៅអ៊ុយក្រែនបានបង្វែរការផ្ដោតរបស់អាមេរិក យ៉ាងខ្លាំង។ ក្នុងនោះរដ្ឋបាលលោក ចូ បៃដិន មិនអាចផ្តោតលើចិនតាមមធ្យោបាយដែលខ្លួនចង់ រីឯរដ្ឋបាលអាណត្តិទី២របស់លោក ត្រាំ បានដកការផ្តោតចេញពីសង្រ្គាមនេះ យកពេលទៅដោះស្រាយបញ្ហាសន្តិសុខក្នុងស្រុក និងតំបន់អាមេរិក។ ដរាបណាការផ្តោតអារម្មណ៍ និងធនធានរបស់សហរដ្ឋអាមេរិកបង្វែរទៅលើអឺរ៉ុប វាមានភាគរយតិចណាស់ដែលវ៉ាស៊ីនតោនមានឆន្ទៈប្រឈមមុខជាមួយចិននៅប៉ាស៊ីហ្វិក។ តែប្រសិនបើសង្រ្គាមអ៊ុយក្រែនខិតទៅរកទីបញ្ចប់ ផលប្រយោជន៍របស់ចិន ក៏ចាប់ផ្ដើមរលាយបាត់ដូចគ្នាដែរ។

ម្យ៉ាងវិញទៀត សកម្មភាពរបស់លោក ត្រាំ ដែលបានអង្រួននយោបាយតៃវ៉ាន់ក៏បានផ្ដល់ផលចំណេញឱ្យចិនដែរ។ កាលពីឆ្នាំ២០២៥ លោក ត្រាំ បានដំឡើងពន្ធគយ ២០ភាគរយលើតៃវ៉ាន់ ហើយក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបតែ សម្រេចបានថ្មីៗនេះ តៃវ៉ាន់បានយល់ព្រមវិនិយោគក្នុងទំហំទឹកប្រាក់ ២៥០ពាន់លានដុល្លារលើការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិកជាថ្នូរទៅនឹងការបញ្ចុះពន្ធគយមកនៅត្រឹមអត្រា ១៥ភាគរយ។ វិធីសាស្ត្រផ្សះផ្សារបស់លោក ត្រាំ ចំពោះចិន និងសោះកក្រោះចំពោះតៃវ៉ាន់បានបង្កើនការព្រួយបារម្ភថារូបលោកអាចនឹងធ្វើការដោះដូរសម្បទានគ្នាជាមួយចិនដែលអាចជាការដោះដូរផលប្រយោជន៍សេដ្ឋកិច្ចជាមួយការគាំទ្រគោលជំហររបស់ចិនលើតៃវ៉ាន់។ សកម្មភាពទាំងនេះបានធ្វើឱ្យ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ជាបក្សកាន់អំណាចនៅតៃវ៉ាន់ និងមេដឹកនាំគណបក្សនេះគឺលោក Lai Ching-te ធ្លាក់ចុះប្រជាប្រិយភាព។ ការប្រែប្រួលមតិសាធារណៈនៅតៃវ៉ាន់បានផ្ដល់ឱ្យចិននូវក្ដីសង្ឃឹមថាប្រជាជនតៃវ៉ាន់ នៅទីបំផុតទៅអាចនឹងបោះបង់ចោលគណបក្ស DPP ហើយអាចឈានទៅរកការបង្រួបបង្រួមជាមួយចិនក៏ថាបាន។

* ការវិភាគពីផលចំណេញ និងការខាតបង់
CCP និងថ្នាក់ដឹកនាំរបស់ខ្លួនមិនចូលចិត្តធ្វើរឿងប្រថុយប្រថាននោះទេ។ ពាក់ព័ន្ធនឹងតៃវ៉ាន់ ពួកគេនឹងមិនសម្រេចចិត្តធ្វើសកម្មភាពដោយងាយៗឡើយ។ មុនពេលធ្វើការសម្រេចចិត្ត ពួកគេត្រូវតែឆ្លើយប្រកបដោយទំនុកចិត្តនឹងសំណួរចំនួន២ ជាមុនសិន។ ទី១៖ តើកងទ័ពចិនត្រៀមលក្ខណៈរួចរាល់ដើម្បីប្រយុទ្ធឱ្យឈ្នះហើយឬនៅ? ទី២៖ តើចិនត្រៀមខ្លួនដើម្បីដោះស្រាយផលវិបាកហើយឬនៅ? តាមក្រុមអ្នកវិភាគលោកខាងលិចភាគច្រើន កងទ័ពរំដោះប្រជាជនចិន PLA មិនទាន់ ត្រៀមលក្ខណៈរួចនៅឡើយទេដើម្បីប្រយុទ្ធជាមួយសហរដ្ឋអាមេរិក។ លោក ស៊ី ជីនពីង ប៉ុន្មានឆ្នាំចុងក្រោយនេះបានដឹកនាំយុទ្ធនាការបោសសម្អាតអំពើពុករលួយ និងជម្រុះឧត្តមសេនីយ៍កំពូលៗជាច្រើននាក់ហើយដែល យុទ្ធនាការនេះកំពុង ធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់យោធាចិន។

តែទោះជាបែបនេះក្ដី សំណួរពាក់ព័ន្ធនឹងការត្រៀមលក្ខណៈរបស់ PLA គឺវាក៏អាស្រ័យផងដែរថានរណាដែល PLA នឹងត្រូវប្រយុទ្ធជាមួយ? បានន័យថាប្រសិនបើសហរដ្ឋអាមេរិកមិនធ្វើអន្តរាគមន៍ទេ PLA ប្រហែលជានឹងមិនពិបាកយកឈ្នះ កងទ័ពតៃវ៉ាន់ឡើយ។ PLA មានកងទ័ពសរុបសកម្មជាង ២លាននាក់ ផ្ទុយពីតៃវ៉ាន់ដែលមានត្រឹមតែជាង ១៧០ ០០០នាក់។ កញ្ចប់ថវិកាយោធារបស់ចិនក្នុងឆ្នាំ២០២៥ គឺ ២៤៧ពាន់លានដុល្លារ ខណៈតៃវ៉ាន់មានត្រឹម ៣១ពាន់លានដុល្លារ។ រឿងបរិមាណកងទ័ព តៃវ៉ាន់មិនអាចតាមទាន់ចិនទេ។ លោក ត្រាំ មិនបាននិយាយថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ជួយតៃវ៉ាន់ឬក៏យ៉ាងណាទេ ប៉ុន្តែការសន្មត់ថាសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍កំពុងទន់ខ្សោយខ្លាំង ជាងពេលណាទាំងអស់។

ថាតើចិនអាចដោះស្រាយផលវិបាកបង្កឡើងដោយការវាយប្រហារណាមួយលើតៃវ៉ាន់បានឬយ៉ាងណា? វាក៏អាស្រ័យផងដែរលើការឆ្លើយតបរបស់សហរដ្ឋអាមេរិក។ ប្រសិនបើប៉េកាំងគិតថាបន្ទាប់ពីវាយតៃវ៉ាន់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ប្រាកដជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរលើចិន នោះការខាតបង់អាចនឹងជំរុញថ្នាក់ដឹកនាំចិនពន្យារពេល និងចាំប្រយុទ្ធនៅពេលក្រោយ។ ក៏ប៉ុន្តែ ក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយលោក ត្រាំ កាលពីពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានប្រើប្រាស់រ៉ែកម្រ និងការសងសឹកដំឡើងពន្ធគយយ៉ាងមានប្រសិទ្ធភាពដើម្បីដាក់សម្ពាធលើសហរដ្ឋអាមេរិក។ ក្រោយជ័យជម្នះនេះ ប៉េកាំងអាចនឹងសម្លឹងឃើញថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកជាបញ្ហាមិនធំដុំ ខណៈសមត្ថភាពរបស់បណ្ដាប្រទេសដទៃទៀត ក្នុងការរួបរួមគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងចិន កាន់តែមិនចាំបាច់និយាយ។ នៅក្នុងការប៉ុនប៉ងរបស់លោក ត្រាំ ស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន លោក ត្រាំហាក់សម្របទៅតាមការទាមទារកាន់កាប់ទឹកដីអ៊ុយក្រែនរបស់ រុស្ស៉ី។ ការធ្វើបែបនេះជាសារលើកទឹកចិត្តដល់ចិនដែលចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន។ យ៉ាងណាក៏ដោយ នេះមិនមែនមានន័យថាចិននឹងវាយប្រហារលើតៃវ៉ាន់ឆាប់ៗនោះទេ។ ពីព្រោះគេមិនទាន់សង្កេតឃើញសញ្ញានៃការចល័តទ័ព ការត្រៀមរៀបចំភស្តុភារ ឬការផ្លាស់ប្ដូរគោលនយោបាយរបស់រដ្ឋាភិបាលចិនដែលបង្ហាញថាការវាយប្រហារនឹងធ្វើឡើងឆាប់ៗឡើយ។

គួរបញ្ជាក់ថា កាលពីអតីតកាល ចិនបានពន្យារពេលធ្វើសកម្មភាពលើតៃវ៉ាន់ ដោយសារតែប៉េកាំងដឹងថាខ្លួនមិនអាចធ្វើសកម្មភាពដែលអាចឱ្យពួកគេបរាជ័យ និងជឿជាក់លើយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធី តាមរយៈការរះឡើងរបស់ចិនអាចនឹងធ្វើឱ្យតៃវ៉ាន់ចង់រួបរួមជាមួយខ្លួន។ ការគិតបែបនេះកំពុងផ្លាស់ប្ដូរ ក្រោមហេតុផល២៖ ម្យ៉ាងដោយសារតែការប្រកួតប្រជែងកំំពូលមហាអំណាចជាច្រើនឆ្នាំមកនេះបានរាំងស្ទះ ការរះឡើងរបស់ចិនទៅរកតំណែង ជាកំពូលមហាអំណាច និងម្យ៉ាងទៀតដោយសារតែចំណង់ចង់គ្រប់គ្រងតៃវ៉ាន់ដោយប្រើកម្លាំងបាយ កាន់កើនសន្ទុះខ្លាំងឡើង។ ទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវតែដឹងថាកត្តារួមផ្សំបច្ចុប្បន្នបានផ្ដល់នូវអ្វីដែលប៉េកាំងអាចនឹងចាត់ទុកថាជាឱកាសល្អ របស់ខ្លួនដើម្បីគ្រប់គ្រងតៃវ៉ាន់៕