ហេតុអ្វីបានជាបន្លែប្រភេទតែមួយ ក្នុងថ្ងៃតែមួយ តែបែរជាមានថ្លៃខុសគ្នានៅតាមខេត្តផ្សេងគ្នាទៅវិញ? (Video inside)
26-02-2026 21:17
(បាត់ដំបង)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីស្ថានភាពថ្លៃបន្លែ ដែលប្រែប្រួលខុសគ្នាទៅតាមតម្រូវការជាក់ស្ដែង។
តាមរយៈសំណេរនៅលើគណនីហ្វេកប៊ុករបស់លោក បានលើកឡើងថា បងប្អូនកសិករនិងប្រជាពលរដ្ឋមួយចំនួនតែងយល់ថា ថ្លៃបន្លែប្រែប្រួលដោយសារបន្លែនាំចូល ឬឈ្មួញកណ្តាលក្រឡុកទីផ្សារ។ មានករណីពិសេសខ្លះ ការគិតបែបនេះមិនខុសទេ តែបើពិនិត្យមើលទិដ្ឋភាពជារួមវិញ កត្តាចម្បងបំផុតដែលជះឥទ្ធិពលដោយផ្ទាល់នោះគឺ តុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់ឯណោះទេ។
ប្រភពដដែលបានឱ្យដឹងថា ហេតុផល ៣យ៉ាងដែលនាំឱ្យថ្លៃមានការប្រែប្រួល ដូចជា៖
*រដូវងាយដាំ៖ រដូវរំហើយនិងរដូវសម្រក ងាយដាំនិងសម្បូរដីដាំដុះ(សម្រាប់តំបន់មាត់ទន្លេ) ការផ្គត់ផ្គង់ច្រើន ធ្វើឱ្យថ្លៃបន្លែធ្លាក់ចុះ។
*រដូវពិបាកដាំ៖ រដូវក្តៅខ្លាំងនិងរដូវវស្សា(ពិសេសបន្លែស្លឹក) ការផ្គត់ផ្គង់ក្នុងស្រុកមិនគ្រប់គ្រាន់ ធ្វើឱ្យបន្លែឡើងថ្លៃ ហើយក៏ជារដូវដែលបន្លែនាំចូលហូរចូលច្រើនបំផុតដើម្បីបំពេញឱ្យកង្វះខាត
*ឱកាសសម្រាប់កសិករកម្ពុជា៖ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ដូចជាផ្ទះសំណាញ់ ដើម្បីចាប់យកសក្តានុពលពីបន្លែនាំចូល។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានបង្កើតកម្មវិធី «សហគមន៍កសិកម្មទំនើប» ដើម្បីជួយគាំទ្រដល់បងប្អូនកសិករយើងអាចទទួលបានដើមទុន បច្ចេកទេស និងទីផ្សារច្បាស់លាស់ ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក និងជំនួសឱ្យការនាំចូលប្រកបដោយសមត្ថភាពប្រកួតប្រជែងខ្ពស់៕





















