ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បន្តចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន១,៧០០ ជូនពលរដ្ឋនៅខេត្តកណ្តាល តាកែវ និងខេត្តកំពត
26-02-2026 21:15
(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ចំនួន១៧០០ជូនប្រជាពលរដ្ឋនៅខេត្តកណ្តាល៥០០កញ្ចប់ ខេត្តតាកែវ៥០០កញ្ចប់ និងខេត្តកំពត៧០០កញ្ចប់។
ក្នុងឱកាសមានមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី បានលើកឡើងថា អំណោយនេះ ទទួលបានពីមជ្ឈមណ្ឌលព្រះចៅសាល់ម៉ាន ដើម្បីជំនួយសង្គ្រោះ និងការងារមនុស្សធម៌(KSRelief) ដែលសម្រាប់ឆ្នាំ២០២៦នេះ ផ្តល់ជូនចំនួន៨៨៥០កញ្ចប់ ដល់កម្ពុជា សម្រាប់ចែកជូនសាសនិកឥស្លាមនៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដោយមិនបានទូទៅនោះទេ ប៉ុន្តែនៅបណ្តាខេត្តខ្លះទៀតទទួលបានអំណោយពីអង្គការសមាគមជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត ដែលកំពុងធ្វើសកម្មភាពចែកកញ្ចប់អាហារសម្រាប់ខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ។ អង្គការទាំងនោះមកពីប្រទេសសិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៉ី តួកគីយ៉េ អាឡឺម៉ង់ គុយវែត និងផ្សេងៗទៀត។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះចៅសាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ក៏ដូចជាមជ្ឈមណ្ឌលសង្គ្រោះ និងមនុស្សធម៌ ស្តេចសាល់ម៉ាន ដែលបានផ្តល់ជំនួយសប្បុរសធម៌ សម្រាប់១០៧ប្រទេស ក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលតែងតែផ្តល់ជារៀងរាល់ឆ្នាំផងដែរ។
ទេសរដ្ឋមន្ត្រី បានបន្ដថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចទាំងទ្វេ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេស ដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក ហើយលោកបានថ្លែងអំណរអរគុណប្រជាពលរដ្ឋ ដែលតែងតែគាំទ្ររាជរដ្ឋាភិបាល និងសូមបន្តគាំទ្រ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនតទៅមុខទៀត។
ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ លោក បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋថែរក្សាសុខភាពឲ្យបានល្អ ក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕
