FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៃកា ប្រគល់កុំព្យូទ័រ ៤៦គ្រឿង ដល់សាលាបឋមអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង

26-02-2026 20:53

(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) បានប្រគល់កុំព្យូទ័រចំនួន ៤៦គ្រឿង ដល់សាលាបឋមអនុវត្តនៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីផ្ដល់ការគាំទ្រយូរអង្វែងដល់វិស័យអប់រំរបស់កម្ពុជា តាមរយៈគំនិតផ្តួចផ្តើមដូចជាការបង្កើតវិទ្យាស្ថានគរុកោសល្យ ការសាងសង់សាលារៀន ការផ្តល់សម្ភារសំខាន់ៗ និងការបណ្ដុះបណ្តាលគ្រូបង្រៀន។

ពិធីប្រគល់-ទទួលបានធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង និងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងមកពីសាលារៀន និងវិទ្យាស្ថានគរុកោសល្យ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ចៃកា ក្នុងការពង្រឹងការអប់រំនៅកម្ពុជា។ ការគាំទ្រនេះអាចធ្វើទៅបានតាមរយៈការចូលចំណែកពីមូលនិធិ KINOLD Yasuaki Sugimoto Memorial។

គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើនការចូលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន នៅកម្រិតថ្នាក់មូលដ្ឋាន ដោយធានាថាសិស្សានុសិស្សក៏អាចទទួលបានអត្ថប្រយោជន៍ពីឱកាសសិក្សាឌីជីថលផងដែរ។ នេះរួមចំណែកដល់គោលដៅរយៈពេលវែងនៃការលើកកម្ពស់ការអប់រំប្រកបដោយសមធម៌ និងគុណភាពតាមរយៈបច្ចេកវិទ្យា។

ចៃកានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធដើម្បីគាំទ្រវិស័យអប់រំរបស់កម្ពុជា និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងជប៉ុន៕