FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ម៉ឺនដុល្លារ សម្រាប់ការស្ដារតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការសាងសង់អគារសាលាបឋមសិក្សា នៅជនបទកម្ពុជា

26-02-2026 20:26

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានសម្រេចចុះហត្ថលេខាផ្ដល់ចំនួយឥតសំណងនូវថវិកាចំនួន ៣០៧,៧២០ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយចំនួនពីរសម្រាប់អនុវត្តគម្រោងដូចតទៅ៖

ទី១៖ គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង (ថវិកាចំនួន ១៣៤,៩៦៩ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋាករទឹកខេត្តស្វាយរៀង

ក្នុងគម្រោងនេះប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានតម្លើងនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។ បច្ចុប្បន្ន ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ មានភាពលំបាកក្នុងការទទួលបានទឹកដែលមានសុវត្ថិភាពសម្រាប់ទទួលទាន និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំ។ តាមរយៈគម្រោងនេះក្នុងរយៈពេល ៣ឆ្នាំខាងមុខ ប្រជាជនជាង ១២,០០០នាក់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។

ទី២៖ គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៧២,៧៥១ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង

ក្នុងគម្រោងនេះអគារសិក្សា១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងបង្គន់អនាម័យ១ខ្នង ៥បន្ទប់ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាសម្ដេចក្រុមព្រះ ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ ហើយបរិស្ថាននៅទីនោះមិនសូវមានអនាម័យទេ ដោយសារកង្វះខាតនូវចំនួនបង្គន់អនាម័យ។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយយើងរំពឹងថាគម្រោងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្សចំនួន ៥៨០នាក់ និងគ្រូបង្រៀនចំនួន ២០នាក់។

គម្រោងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន ជំនួយឥតសំណងគូសាណូណិ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានាដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាលើកកម្ពស់ភាពមានម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៧២លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិជាង ៧០០គម្រោងនៅទូទាំងប្រទេសកម្ពុជា៕