គ្រឿងចក្រកម្ទេចមីនធុនធ្ងន់របស់ជប៉ុន បានដឹកមកដល់កម្ពុជាហើយ ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន (Video inside)
26-02-2026 20:11
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ឱ្យដឹងថា គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទ KOMATSU មានទម្ងន់ជាង ៤០តោន មានសមត្ថភាពពិសេសក្នុងការកម្ទេចមីន ដែលរដ្ឋាភិបាលជប៉ុន បានប្រគល់ជូនរដ្ឋាភិបាលកម្ពុជាបានដឹកមកដល់កម្ពុជា ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម។
តាមរយៈបណ្តាញសង្គម Facebook នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះលោក ហេង រតនា បានបញ្ជាក់ដូចនេះថា សូមស្វាគមន៍គ្រឿងចក្រកម្ទេចមីនថ្មីទំនេីប ដែលបានមកដល់ព្រះរាជាណាចក្រនេះ ដេីម្បីចូលរួមកម្ទេចសំណល់យុទ្ធភណ្ឌសង្គ្រាម នេះជាសម្ភារបច្ចេកទេសដេីម្បីពង្រឹងសន្តិភាពមនុស្សជាតិពិតៗ! ។
គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ប្រភេទKOMATSUនេះ មានទម្ងន់ជាង ៤០តោន ត្រូវបានប្រេីប្រាស់ និងអភិវឌ្ឍន៍បច្ចេកទេសនៅកម្ពុជារវាងអង្គភាពCMAC និងក្រុមហ៊ុន KOMATSU នៅចុងទសវត្សឆ្នាំ១៩៩៨ និងបានដាក់ឱ្យដំណេីការក្នុងអង្គភាពCMAC តាំងពីកំឡុងឆ្នាំ២០០៥មកម្លេះ។
សូមអរគុណជាថ្មីចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់នេះជូនរាជរដ្ឋាភិបាល ដេីម្បីគាំទ្រអង្គភាព CMAC ក្នុងការពន្លឿនល្បឿនការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌នៅកម្ពុជា ជាពិសេសសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ប្រយោជន៍ផ្តល់នូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់ទៅភូមិឋាននិងប្រេីប្រាស់ដីធ្លីក្នុងការកសាងជីវភាពជាថ្មីឡេីងវិញ ប្រកបដោយសុខសុវត្ថិភាពនិងកសាងជីវិតដោយសន្តិភាព។















