FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា វ៉ាន់ដេត ណែនាំដល់ក្រុមការងារ ចុះមូលដ្ឋានខេត្តតាកែវ ត្រូវរៀបចំវេទិកាសាធារណៈ ឱ្យបានទៀងទាត់ ដើម្បីស្ដាប់ពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ

26-02-2026 19:08

(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ក្រុង ស្រុកទាំង ១០ ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពចំណុះរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៤១២រូប នៅសាលប្រជុំសាលាខេត្តតាកែវ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានកត់សម្គាល់លើបញ្ហាប្រឈមនានានៅមូលដ្ឋាន និងណែនាំដល់ក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យបន្ត ខិតខំរួមគ្នាដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ជាដើម។

បន្ថែមលើនេះ លោករដ្ឋមន្រ្តី ក៏បានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋាន ត្រូវរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ ដើម្បីស្ដាប់ពីកង្វល់ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

មុននឹងបញ្ចប់ លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរក្រុមការងារចុះមូលដ្ឋាន ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ រហូតសម្រេចបានសមិទ្ធផលជាច្រើន នាពេលកន្លងមក៕