ឧត្តមសេនីយ៍ឯក លឹម សុខារស្មី អំពាវនាវក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថានបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលពីអគ្គស្នងការដ្ឋាននគរបាលជាតិ
26-02-2026 17:45
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់អគ្គនាយក អគ្គនាយិកា ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខ និងសហគ្រាស គ្រឹះស្ថាន បន្ដបញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាលបំប៉នជំនាញពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៨៣ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ការបណ្ដុះបណ្ដាលនេះ គឺធ្វើឡើងភ្នាក់ងារសន្ដិសុខឯកជន មានវិជ្ជាជីវៈច្បាស់លាស់ឲ្យយល់ដឹងអំពីច្បាប់ យល់ដឹងអំពីវិធីសាស្រ្តការពារគោលដៅ ការពារកន្លែងកើតហេតុ ទប់ស្កាត់បទល្មើស ទប់ស្កាត់អគ្គីភ័យនិងសង្គ្រោះ ដែលជាកិច្ចការងារចម្បងសម្រាប់ភ្នាក់ងារសន្តិសុខឯកជន។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានអះអាងថា ភ្នាក់ងារសន្តិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ជូនសង្គមជាតិទាំងមូល ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។ មួយវិញទៀត គឺការចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» សំដៅថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារ ផលប្រយោជន៍ជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិយើងផងដែរ។
ហេតុនេះ ដើម្បីពង្រឹងនូវវិស័យសន្តិសុខឯកជន ឲ្យមានការរីកចម្រើន និងប្រកបដោយគុណភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការ នៃអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, រយៈពេល២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ទទួលបានចំណេះដឹងជាច្រើន ដែលសិក្ខាកាមបាននិងកំពុងជួបប្រទះកន្លងមក ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍ សង្គមជាតិក្នុងផ្លូវវិជ្ជមាន និងមានក្រម សិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ យកចំណេះដឹងទាំងអស់នេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តឲ្យយល់ដឹងអំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវិត និងសណ្តាប់ ធ្នាប់សង្គម ព្រមទាំងការចូលរួមចំណែកអនុវត្ត គោលនយោបាយភូមិ-ឃុំសង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕



















