គួរឲ្យសង្វេគណាស់! រថយន្តដឹកដីបុកអ្នកបើកម៉ូតូអូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ទាំង២នាក់ប្ដីប្រពន្ធ រីឯកូនតូចរងរបួសធ្ងន់នៅតំបន់7NG
26-02-2026 17:32
(កណ្តាល)៖ គួរឲ្យសង្វេគណាស់! ឡានដឹកដីខ្នាតធំ បានបើកបុកម៉ូតូមួយគ្រឿងបណ្ដាលស្លាប់២នាក់ប្ដីប្រពន្ធភ្លាមៗតែម្ដង រីឯកូនតូចម្នាក់រងរបួសធ្ងន់ ត្រូវដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ចំណុចនៅលើផ្លូវបេតុង9NG ស្ថិតក្នុងភូមិព្រែកលួង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា នៅវេលាកើតហេតុមានរថយន្ត១គ្រឿងម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2986 បើកបរដោយឈ្មោះ មឿន សេងលី អាយុ២០ឆ្នាំ មានទីលំនៅភូមិ ទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (រត់គេចខ្លួន) បើកបរពីទិសខាងកើត ទៅខាងលិច។ ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូជនរងគ្រោះ ពីក្រោយអូសប្រហែល៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ទាំង២នាក់ប្តីប្រពន្ធគួរឲ្យអាសូរណាស់។
ជនរងគ្រោះជាប្តីឈ្មោះ រុំ វ័ន អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ តូច ល័ង អាយុ២៨ឆ្នាំ។ ដោយឡែកកូនស្រីឈ្មោះ វ័ន ស្រីលក្ខ អាយុ៣ឆ្នាំ របួសធ្ងន់។ ជនរងគ្រោះរស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនកូនស្រីតូចតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ និងស្រាវជ្រាវរកសាច់ញាតិមកទទួលសពជនរងគ្រោះទាំងពីរនាក់ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាណិតពន់ពេក។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរខ្វះការប្រុសប្រយ័ត្នមិនបានមើលឧបសគ្គខាងមុខ និងរត់គេចពីកន្លែងកើតហេតុ។ ប្រជាពលរដ្ឋរកស៊ីនៅតំបន់នោះ បាននិយាយថា មួយរយៈពេលចុងក្រោយនេះសកម្មភាព នៃការដឹកជញ្ជូនអាចម៍ដី និងខ្សាច់ ធ្វើឡើងទាំងយប់ទាំងថ្ងៃ ហើយអាចម៍ដី និងខ្សាច់ជ្រុះរប៉ាត់រប៉ាយពេញផ្លូវស្ទើរកម្រាស់ពីរបីតឹកទៅហើយ។
ក្រុមហ៊ុនដឹកជញ្ជូនដី និងខ្សាច់ទាំងនោះ មិនខ្វល់អំពីអាយុជីវិតប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនោះឡើយ គឺអ្នកបើកបររថយន្តប្រជែងប្រឹងប្រើប្រាស់ល្បឿនយ៉ាងលឿន ដើម្បីឲ្យបានចំនួនដឹកជញ្ជូនច្រើនជើងក្នុង១ថ្ងៃៗ។
កាលពីប៉ុន្មានសប្តាហ៍មុន ក៏មានករណីគ្រោះថ្នាក់នៅម្ដុំនោះដែរ បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស ដែលរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋអ្នកធ្វើដំណើរនិយាយថា នៅពេលដែលផ្លូវជិះម៉ូតូពោរពេញដោយខ្សាច់ គឺងាយគ្រោះថ្នាក់ខ្លាំងណាស់។
សូមបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវឈ្មោះ 7NG ត្រូវបានប្តូរមកជា 9NG វិញ៕





