មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយពីគ្រោះមហន្តរាយដល់ពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រយោជន៍ដល់សង្គមជាតិ (Video inside)
26-02-2026 17:16
(កំពង់ធំ)៖ លោក ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការក្រសួង និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័តមាន បានជំរុញឱ្យអ្នកសារព័ត៌មានផ្សព្វផ្សាយអំពីគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ និងមានប្រយោជន៍ដល់សង្គមជាតិ។
ការជំរុញបែបនេះរបស់លោក ហ៊ុយ សារ៉ាវុធ ក្នុងឱកាសតំណាងលោក នេត្រ ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីសិក្ខាសាលាជូនអ្នកសារព័ត៌មានរដ្ឋ និងឯកជនស្ដីពីការគ្រប់គ្រង និងការកាត់បន្ថយគ្រោះអន្តរាយ ក្នុងវិស័យព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃរដ្ឋបាលខេត្តកំពង់ធំ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័ត៌មាន, លោក អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងព័ត៌មាន, លោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរអង្គភាពខេត្តកំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងខេត្តឧត្តមានជ័យ និងសមាជិក សមាជិកាប្រមាណ ១០០នាក់។
លោក អ៊ុន បុត្ត បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានចក្ខុវិស័យរបស់ខ្លួនឱ្យក្លាយទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន ធានានូវសន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សាធារណៈ។
សម្រាប់លោក អ៉ីវ ផល្លី បានគូសបញ្ជាក់ថា នៅក្នុងសម័យបច្ចេកវិទ្យាឌីសជីថលរីកចម្រើន ដែលប្រព័ន្ធផ្សព្វផ្សាយសំបូរបែប ហើយមានការប្រកួតប្រជែង មិនអាចសំដៅលើខ្លឹមសារនៃអត្ថបទតែប៉ណ្ណោះទេ គឺត្រូវរួមបញ្ចូល ទាំងរូបភាព និងការដាក់ចំណងជើង ដើម្បីបង្កើនភាពទាក់ទាញពីអ្នកទស្សនា នៅក្នុងហេតុការណ៍អ្វីមួយ និងគ្រោះធម្មជាតិផ្សេងៗ បន្ទាប់ពីបានចងក្រងទៅជាព័ត៌មាន ឬបទយកការណ៍ ដោយត្រូវផ្ទៀងផ្ទាត់មុននឹងធ្វើការផ្សព្វផ្សាយ ជូនសាធារណជន ដើម្បីធានាបាននូវព័ត៌មានពិត ព័ត៌មានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ គុណភាពព័ត៌មាន ចៀសវាងនូវព័ត៌មានបំភ្លៃ បំភ្លើស បំភាន់ បន្លំ ព័ត៌មានក្លែងក្លាយ និងព័ត៌មានបញ្ញាសិប្បនិមិត្ត (AI) ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងផលប្រយោជន៍ប្រជាពលរដ្ឋ។
លោកបន្តថា ចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលនិយមធ្វើការ Live ផ្ទាល់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកប្រភពឱ្យច្បាស់លាស់ជាមុន ចៀសវាងនូវផលប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរដល់អ្នកដទៃ និងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសព័ត៌មានទាក់ទងនឹងសន្តិសុខជាតិ។
លោក ហ៊ុយ សារ៉ាវុធ បានថ្លែថា សិក្ខាសាលាផ្សព្វផ្សាយនៅថ្ងៃនេះមានគោលបំណង លើកកម្ពស់សមត្ថភាព និងការយល់ដឹងរបស់អ្នកសារព័ត៌មានរដ្ឋ និងឯកជន អំពីការគ្រប់គ្រង និងការកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីអាចផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ គោលបំណងសំខាន់ៗរួមមាន៖
*ទី១៖ ពង្រឹងចំណេះដឹងមូលដ្ឋាន អំពីប្រភេទគ្រោះមហន្តរាយ ដូចជា៖ ទឹកជំនន់ ខ្យល់ព្យុះ ភ្លើងឆេះ ការរញ្ជួយដី ជំងឺរាតត្បាត ជាដើម និងវិធានការកាត់បន្ថយហានិភ័យ
*ទី២៖ បង្កើនសមត្ថភាពក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគ្រោះមហន្តរាយ ដោយផ្តោតលើភាពត្រឹមត្រូវ ភាពទាន់ពេលវេលា និងការប្រើប្រាស់ប្រភពព័ត៌មានផ្លូវការ
*ទី៣៖ ជំរុញការផ្សព្វផ្សាយព័ត៌មាន ការពារ និងការត្រៀមខ្លួនជាមុន ដើម្បីឱ្យសាធារណជនមានការយល់ដឹង និងអាចចាត់វិធានការការពារខ្លួនបានល្អប្រសើរ
*ទី៤៖ ពង្រឹងកិច្ចសហការរវាងស្ថាប័នព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងការឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង
*ទី៥៖ លើកកម្ពស់សីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីគ្រោះមហន្តរាយ ដើម្បីជៀសវាងការបង្កការភ័យខ្លាច ឬការផ្សាយព័ត៌មានមិនពិត។
លោកថា «អ្នកសារព័ត៌មានជាអ្នកបញ្ជូនព័ត៌មានទៅសាធារណជនបានលឿន និងទូលំទូលាយ។ ប្រសិនបើព័ត៌មានមានភាពត្រឹមត្រូវ និងទាន់ពេលវេលា វាអាចជួយ និងកាត់បន្ថយហានិភ័យដែលអាចកើតមាន។ ដូច្នេះ ការលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន គឺជាកត្តាសំខាន់មួយក្នុងការកាត់បន្ថយគ្រោះមហន្តរាយក្នុងវិស័យព័ត៌មាន»។
លោកសង្ឃឹមថា បន្ទាប់ពីចូលរួមសិក្ខាសាលា អ្នកសារព័ត៌មាននឹងមានការយល់ដឹងច្បាស់អំពីវិធានការការពារ និងការត្រៀមខ្លួនមុនពេលមានគ្រោះមហន្តរាយ។ ពួកគេអាចផ្សព្វផ្សាយព័ត៌មានដោយផ្អែកលើប្រភពផ្លូវការ មានសីលធម៌វិជ្ជាជីវៈ និងរួមចំណែកជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការពារសុវត្ថិភាពសង្គម ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងគ្រោះមហន្តរាយមានគុណភាព និងប្រសិទ្ធភាពខ្ពស់សាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ និងអាចត្រៀមខ្លួនបានល្អប្រសើរ៕
























