បណ្ឌិត ញិល រដ្ឋា៖ ដោយសារកម្ពុជាប្រើវេទិកា Reuters និង Fox News សន្លឹកបៀរកុហករបស់ថៃ ត្រូវបានគេមើលធ្លុះ
26-02-2026 16:56
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយសារកម្ពុជាបានប្រើវេទិកាសារព័ត៌មានល្បីៗលើពិភពលោក ដូចជា Reuters និង Fox News រួចហើយនោះ សន្លឹកបៀរកុហករបស់ថៃ ត្រូវបានគេមើលធ្លុះអស់ទៅហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទាហានថៃកំពុងឈរជើងជ្រៅចូលក្នុងទឹកដីកម្ពុជា។ ចំណែកឯរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ តាមរយៈវេទិកាទូរទស្សន៍ព័ត៌មានបារាំង France 24 បានថ្លែងថា តំបន់ដែលថៃកាន់កាប់បន្ទាប់ពីបទឈប់បាញ់គឺស្ថិតនៅក្នុងទឹកដីថៃ។
លោកបណ្ឌិត ញិល រដ្ឋា បានចាត់ទុកថា នេះជាសមរភូមិវោហារសាស្ត្រ ដែលជាល្បែងនយោបាយ «ចិត្តជាទេវទត្តមាត់ជាទេវតា» របស់អ្នកជិតខាង។ ក្នុងល្បែងការទូត និងសមរភូមិវោហារសាស្ត្រនាពេលបច្ចុប្បន្ន កម្ពុជាបានសម្រេចចិត្តប្រើប្រាស់សន្លឹកបៀយុទ្ធសាស្ត្ររបស់ខ្លួន វាយលុកទៅលើប្រព័ន្ធផ្សព្វផ្សាយយក្សលំដាប់ពិភពលោកដូចជា Reuters និង Fox News។ លោកបានចាត់ទុកទៀតថា នេះគឺជាការវាយលុកមុន ដើម្បីឱ្យសហគមន៍អន្តរជាតិបានដឹងឮថាថៃកំពុងរំលោភទឹកដី មុនពេលភាគីម្ខាងទៀតមានឱកាសបកស្រាយ។
លោកបណ្ឌិត ញិល រដ្ឋា បានបន្ថែមថា បន្ទាប់ពីកម្ពុជាបានស៊ីដាច់អស់ប៉ុន្មានទឹកទៅហើយ ថៃបានប្រើវេទិកា France 24 (មិនចម្លែកទេ គឺទឹកដីតម្កល់ផែនទី និងសទ្ធិសញ្ញាបារាំង-សៀម) លេងដែលដេញតាមក្រោយដើម្បីព្យាយាម «Check» ឬទប់ស្កាត់ឥទ្ធិពលដែលកម្ពុជាបានសាបព្រោះតាមរយៈ ប្រព័ន្ធផ្សព្វផ្សាយមហាអំណាចលេខមួយ។ ប៉ុន្តែក្នុងល្បែងបៀរ Poker បើអ្នករង់ចាំតែដេញតាមក្រោយគេ (Call) រហូត អ្នកនឹងអស់ប្រាក់ភ្នាល់ និងបាត់បង់ឥទ្ធិពលបន្តិចម្តងៗជាមិនខាន។
បើតាមលោកបណ្ឌិត ញិល រដ្ឋា មាន៥ចំណុចបង្កប់ឧបាយ ក្រោយសន្តិភាពដ៏ផុយស្រួយ៖
*ស្ថានភាពព្រំដែន៖ បទឈប់បាញ់មានមែន តែស្ថិតក្នុងស្ថានភាពរង់ចាំមើល (Fragile) និងមានការចោទប្រកាន់គ្នាទៅវិញទៅមក
*ជំហរទឹកដី៖ រក្សាជំហររឹងត្អូស ដោយចាត់ទុកការតវ៉ារបស់កម្ពុជាថាជាការប្រឌិត និងចោទកម្ពុជាវិញថាជាអ្នករំលោភអធិបតេយ្យ
*យន្តការទំនាក់ទំនង៖ ព្យាយាមបង្ហាញភាពស្និទ្ធស្នាលតាមរយៈ «WhatsApp» ដើម្បីទប់ស្កាត់ការប៉ះទង្គិចដោយអចេតនា (ការទូតបែបក្រៅផ្លូវការ ដើម្បីចៀសវាងការត្រួតពិនិត្យពីអន្តរជាតិ)
*បញ្ហាមីយ៉ាន់ម៉ា៖ ថៃចង់ឱ្យមីយ៉ាន់ម៉ាត្រឡប់មកអាស៊ានវិញ ដើម្បីផលប្រយោជន៍សន្តិសុខ និងសេដ្ឋកិច្ចផ្ទាល់ខ្លួន (Sustainable peace is in our interest)
*សារទៅកាន់ពិភពលោក៖ ថៃព្យាយាមបង្ហាញថាខ្លួនជាជនរងគ្រោះ ពីការឃោសនារបស់កម្ពុជា និងជាអ្នកសន្តិភាពក្នុងតំបន់។
ទោះបីជាព្យាយាមបង្ហាញភាពទន់ភ្លន់ ប៉ុន្តែការថ្លែងរបស់លោកមានចំណុចខ្សោយ និងភាពមិនស៊ីសង្វាក់គ្នា មួយចំនួន៖
*ក៖ លោកអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង (de-escalation) ប៉ុន្តែក្នុងពេលតែមួយ បែរជាប្រើពាក្យវាយប្រហារខ្លាំងៗថា ការលើកឡើងរបស់កម្ពុជាមិនត្រឹមត្រូវទាល់តែសោះ។ វាមិនមែនជាឆន្ទៈពិតប្រាកដ។
*ខ៖ លោកទទួលស្គាល់ថាបទឈប់បាញ់ថ្ងៃទី ២៧ ធ្នូ «ផុយស្រួយ ហើយកិច្ចព្រមព្រៀងមុន (ដែលអាមេរិកជួយសម្របសម្រួល) ក៏បានបរាជ័យ គឺជាការបង្ហាញពីអសមត្ថភាពរបស់ការទូតថៃ។
*គ៖ ការនិយាយថាការចូលរួមជាមួយមីយ៉ាន់ម៉ាមិនមែនជាផ្លូវមួយខ្សែ (not a one-way street) មើលទៅដូចជាមានតុល្យភាព ប៉ុន្តែវាក៏អាចឆ្លុះបញ្ចាំងពីភាពទាល់ច្រករបស់ថៃ ក្នុងការជំរុញឱ្យរបបយោធាមីយ៉ាន់ម៉ាធ្វើតាមការចង់បានរបស់អាស៊ានក្នុងរយៈពេល ៥ឆ្នាំមកនេះ។ វាកាន់តែស្តែងឱ្យឃើញថា ឥទ្ធិពលការទូតរបស់ថៃ (Soft Power) កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ក្នុងល្បែងនេះ ថៃកំពុងព្យាយាមបោកបញ្ឆោតថាខ្លួននៅតែមានឥទ្ធិពល និងចង់បានសន្តិភាព។ ប៉ុន្តែដោយសារកម្ពុជាបានប្រើវេទិកា Reuters និង Fox រួចទៅហើយ សន្លឹកបៀរកុហករបស់ថៃត្រូវបានគេមើលធ្លុះអស់ទៅហើយ។
បើតាមបណ្ឌិត ញិល រដ្ឋា បទសម្ភាសនេះគ្រាន់តែជាយុទ្ធនាការឃោសនាការទូត ដើម្បីពន្លត់ភ្លើងបណ្តោះអាសន្ន និងទិញពេលវេលាប៉ុណ្ណោះ។ ដរាបណាគ្មានដំណោះស្រាយបច្ចេកទេសជាក់លាក់ ស្ថានភាពព្រំដែននឹងនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់លោក ធ្វើឡើងអំឡុងពេលថ្លែងបទអន្តរាគមន៍ នៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦៕



