FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ដែលជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

26-02-2026 16:51

(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលបេះដូង ខេត្តសៀមរាប ដែលជាជំនួយរបស់សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជំងឺបេះដូង ជាពិសេសជំងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់ និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ។

លោកសាស្រ្តាចារ្យ បានណែនាំដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប រួមទាំងផ្នែកឯកជន ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ត្រូវយកចិត្តទុកក្នុងការអនុវត្ត រួមមាន៖ ១) ការពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈ, ២) ការផ្ដល់សេវាដោយសមធម៌ និងមិនរើសអើង៖ ត្រូវធានាថា អ្នកជំងឺគ្រប់រូបទទួលបានការបម្រើសេវាសុខាភិបាលដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមភាព ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតសង្គ្រោះជីវិតប្រជាជន។

លោកសាស្រ្តាចារ្យ បានបន្តថា ទី៣) ការគ្រប់គ្រង និងថែទាំសមិទ្ធផល ៖ ត្រូវខិតខំថែទាំងអគារ អនាម័យឱ្យបានល្អ ៤) ការពង្រីកវិសាលភាពមូលនិធិសមធម៌ និង ៥) អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និងមានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលត្រឹមត្រូវ និងមានសុពលភាព។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធ ដែលបានការចូលរួម សហការសម្របសម្រួល និងបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលផងដែរ។

ព្រមទាំងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលសំដៅធានាឱ្យសម្រេចបាននូវសមិទ្ធផលអគារថ្មី ប្រកបដោយស្តង់ដាបច្ចេកទេសខ្ពស់ ដែលសមិទ្ធិផលនេះនឹងចូលរួមលើកកម្ពស់សុខភាព សុខុមាលភាព និងគុណភាពនៃជីវិតរបស់ប្រជាជន មិនត្រឹមតែខេត្តសៀមរាបប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនទូទាំងប្រទេស និងភ្ញៀវទេសចរណ៍ទាំងអស់។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់ថា សមិទ្ធផលនៃគម្រោងមួយនេះ នឹងចូលរួមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើនវានុវត្តន៍ទំនើបកម្មសេវាសុខាភិបាល ពិសេសសេវាផ្នែកជំងឺបេះដូង និងសរសៃឈាម ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាព នៃការបម្រើសេវានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមាន៖ ការធ្វើរោគវិនិច្ឆ័យបេះដូង ការសង្គ្រោះបន្ទាន់ ជាកន្លែងសម្រាកព្យាបាលជំងឺបេះដូង ការពិគ្រោះជំងឺ ការឆ្លុះអេកូសាស្រ្ត ការឆ្លុះសរសៃឈាម និងការវះកាត់បេះដូង ព្រមទាំងការរួមបញ្ចូលសេវារូបភាពវេជ្ជសាស្រ្ត។

សូមជម្រាបថា មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ អគារនេះសង់បន្ថែមចំនួន២ជាន់ ពីលើអគារមជ្ឈមណ្ឌលផ្តល់ឈាមសរុបផ្ទៃក្រឡាសាងសង់ថ្មីចំនួន ១,២៩៨.៤៥ម៉ែត្រការ៉េ ចំណាយថវិកាសាងសង់អស់ចំនួន ១,៣០៦,២៩០ដុល្លារសហរដ្ឋអាមេរិក។

ជាន់ទី១នៃអគារ មានទំហំ ៦៤៩,៣២ ម៉ែត្រការ៉េ ផ្តល់សេវាសំខាន់ៗ រួមមាន៖ ១) សេវាពិគ្រោះជំងឺក្រៅ លើឯកទេសជំងឺបេះដូង និងសរសៃឈាម ២) សេវាកម្មអមវេជ្ជសាស្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាមផ្សេងៗ មានជាអាទិ៍៖ ការចាប់ចង្វាក់បេះដូង (ECG) អេកូបេះដូង (Echocardiography) ការចាប់ចង្វាក់បេះដូង ២៤ម៉ោង (24 hours- ECG Holter) តេស្តមុខងារបេះដូង ដោយ Treadmill stress test និងអេកូបេះដូងតាមបំពង់អាហារ (transesophageal echocardiography) ៣) សេវាសម្រាកពេទ្យ ដែលមានចំនួន ៣បន្ទប់ សរុបគ្រែសម្រាកចំនួន ២២គ្រែ។

ជាន់ទី២ នៃអគារ មានទំហំ ៦៤៩,១៣ម៉ែត្រការ៉េ ផ្តល់សេវាប្រពោធនកម្មជំងឺបេះដូង ដែលមានគ្រែសម្រាកចំនួន ៨គ្រែ និងសេវាសម្រាកពេទ្យបន្ទប់ VIP ចំនួន ៤បន្ទប់ ស្មើនិងគ្រែសម្រាកចំនួន ៤គ្រែ និងបន្ទប់ថតឆ្លុះសសៃឈាម (Cath-Lab) សម្រាប់ផ្តល់សេវាកម្មទំនើបក្នុងការថតឆ្លុះ និងជួសជុលសរសៃឈាមបេះដូងដោយដាក់ រឺស័រ។

អគារមជ្ឈមណ្ឌលបេះដូងនេះ បានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា សរុបថវិកា ចំនួន ១,១៣១,១៩៩៦ ដុល្លាសហរដ្ឋអាមេរិក ដូចជា ម៉ាស៊ីនថតឆ្លុះសសៃឈាម (Monoplane Angiography)ជំនាន់ចុងក្រោយ, ម៉ាស៊ីនអេកូសាស្ត្របេះដូង សសៃឈាម និងអេកូសាស្ត្របេះដូងតាមបំពង់អាហារ, ម៉ាស៊ីនធ្វើតេស្តមុខងារបេះដូងដោយ (Treadmill stress test), ម៉ាស៊ីនតាមដានចង្វាក់បេះដូង២៤ម៉ោង, ម៉ាស៊ីនវាស់ចង្វាក់បេះដូង, ម៉ាស៊ីនជំនួយដង្ហើម Ventilator, ម៉ាស៊ីនតាមដានសញ្ញាជីវិត (Patient monitor), ម៉ាស៊ីនថតអ៊ិចរ៉េ និងម៉ាស៊ីនជួយសង្រ្គោះអ្នកជំងឺពេលគាំបេះដូង (Defibrillator)៕