រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គការអាដ្រាកម្ពុជា រៀបចំយុទ្ធនាការអប់រំ លើកកម្ពស់ការយល់ដឹងអំពីជំងឺមិនឆ្លង ប្រធានបទ៖ «សុខភាពខ្ញុំ សុខភាពកម្ពុជា»
26-02-2026 16:31
(ពោធិ៍សាត់)៖ អង្គការអាដ្រាកម្ពុជា (ADRA Cambodia) បានសហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរសុខាភិបាល មន្ទីរអប់រំ យុវជន និងកីឡា រដ្ឋបាលស្រុកបាកាន និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំយុទ្ធនាការអប់រំ លើកកម្ពស់ការយល់ដឹងអំពីជំងឺមិនឆ្លង (NCDs) ក្រោមប្រធានបទ «សុខភាពខ្ញុំ សុខភាពកម្ពុជា» នៅអនុវិទ្យាល័យដូងជ្រំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
យុទ្ធនាការនេះ មានការគាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបតិ្តការ នៃអង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (ANCP) ដោយមានអ្នកចូលរួមប្រមាណ៦០០នាក់ រួមមាន៖ សហគមន៍ អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ អង្គការដៃគូ (អង្គការខាណា និងកូហ្វី) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ស្ថិតក្រោមវត្តមាន លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់។
លោក ទ្រី គឹមឡុង តំណាងអង្គការអាដ្រាកម្ពុជា បានលើកឡើងថា គម្រោងដែលយើងខ្ញុំ កំពុងអនុវត្តគឺជាកម្មវិធីសិក្សាស្វែងរកនូវការប្រើប្រាស់វិធីសាស្រ្តរបស់ Bridge to Better Health (B2BH) ដែលផ្តោតសំខាន់ទៅការផ្លាស់ប្តូរឥរិយាបថនៃការរស់នៅប្រចាំថ្ងៃ មានដូចជា៖ ការញុំា ហាត់ប្រាណ ការកាត់បន្ថយនៅឥរិយាបថមិនល្អ និងមានការផ្សាភ្ជាប់ ក្នុងវគ្គបណ្តុះបណ្តាល អំពីសួនដំណាំបែបគ្រួសារនោះ ក៏ជាប្រយោជន៍មួយនៃការទទួលបានបន្លែ ដែលមានជីវជាតិ (អាហារូប្តម្ភ) និងប្រាក់ចំណូលខ្លះក្នុងក្រុមគ្រួសារ។ មួយទៀត ការរៀនសូត្រដោយប្រើវិធីសាស្រ្ត B2BH នេះក៏និងទទួលបានសុខភាពល្អប្រចាំថ្ងៃ តាមរយៈការចូលរួម និងផ្លាស់ប្តូរពីសហគមន៍ ហើយឈានសម្រេចទៅតាមគោលដៅរបស់គម្រោង។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន និងលោកស្រី ប៉ុក ណាឌី ក៏បានលើកឡើងអំពីបញ្ហាសុខភាពនៃជំងឺមិនឆ្លងនេះដែរ។ លោកបានសង្កត់ធ្ងន់ ទៅលើការចំណាយថ្លៃពិនិត្យសុខភាព ថាំ្ន និងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។
ដើម្បីចូលរួមកាត់បន្ថយ និងគាំទ្រក្នុងគម្រោងរបស់អង្គការអាដ្រា លោកបានលើកនូវកម្មវិធីផ្ទះគំរូ ដើម្បីឲ្យប្រជាជនក្នុងស្រុកបាកាន ចូលរួមប្រកួតប្រជែង ក្នុងការរស់នៅ ដោយមានបរិស្ថានស្អាត ការញុំាអាហារដែលមានសុខភាពល្អ ហាត់ប្រាណជាប្រចាំ ដើម្បីជួយកសាងធនធានមនុស្សប្រកបដោយគុណភាព និងទទួលបានសុខភាពល្អប្រសើរ ស្របទៅតាមពាក្យស្លោក «ទំពាំងស្នងឬស្សី»។
លោកអភិបាលស្រុក និងលោកស្រី ប៉ុក ណាឌី បានលើកឡើងទៀតថា បញ្ហាសុខភាពដែលកើតឡើងពីជំងឺមិនឆ្លង គឺយើងបានចំណាយច្រើនណាស់ ទៅការថែទំាសុខភាព ហើយបាត់បង់ធនធានថវិកា ក្នុងការរកចំណូលក្នុងគ្រួសារ មិនមានសុខភាពល្អក្នុងការធ្វើកិច្ចការប្រចាំថ្ងៃ ដើម្បីចូលរួមកាត់បន្ថយបញ្ហានេះ យើងមានស្ថាប័ន ដែលពាក់ព័ន្ធកំពុង ចូលរួមធ្វើការងារ យ៉ាងស្វាហាប់ជាមួយមន្ទីរសុខាភិបាល អាជ្ងាធរមូលដា្ឋន សេវាសុខភាពសាធារណៈ និងអង្គការដៃគូផ្សេងៗទៀត។
លោកអភិបាលស្រុក និងលោកស្រី ប៉ុក ណាឌី បានថ្លែងថា «ខ្ញុំគាំទ្រទៅលើការផ្សព្វផ្សាយក្នុងយុទ្ធនាការនាថ្ងៃនេះ គឺយើងត្រូវចូលរួមកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លងទាំងអស់គ្នា។ យុទ្ធនាការនេះផ្តោតលើការអប់រំ លើកកម្ពស់ការយល់ដឹង និងការបង្ការពីជំងឺទឹកនោមផ្អែម សម្ពាធឈាម និងជំងឺធាត់ ដែលយើងស្គាល់ថាវាជាជំងឺមិនឆ្លង ហើយកំពុងកើនឡើងយ៉ាងលឿននៅកម្ពុជា»។
យោងតាមការស្ទង់មតិ STEPS Survey ឆ្នាំ២០២៣ ដែលអនុវត្តដោយក្រសួងសុខាភិបាល និង អង្គការសុខភាពពិភពលោក (WHO) កត្តាហានិភ័យប្រឈមសំខាន់ៗ នៃជំងឺមិនឆ្លងមានដូចជា៖ របបអាហារពុំសូវមានសុខភាពល្អ ពុំសូវធ្វើលំហាត់ប្រាណ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការប្រើប្រាស់ផលិតផលថ្នាំជក់ កំពុងកើនឡើងក្នុងចំណោមមនុស្សពេញវ័យអាយុ១៨–៦៩ឆ្នាំ ជាហេតុបង្កើននូវបន្ទុកចំណាយដល់បុគ្គល គ្រួសារ និងប្រព័ន្ធសេវាសុខាភិបាលសាធារណៈ។
គោលបំណងនៃយុទ្ធនាការ៖
* លើកកម្ពស់ការយល់ដឹងអំពីការការពារជំងឺមិនឆ្លង ដោយកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹង អាហារមិនមានសុខភាពល្អ កង្វះកាយវប្បកម្ម (មិនបាន/ពុំសូវធ្វើសកម្មភាពរាងកាយ) ដែលប៉ះពាល់សុខភាពដល់សិស្សានុសិស្សនិងសហគមន៍
* បង្កើនឲ្យមានការយល់ដឹងអំពីជំងឺមិនឆ្លង និងអាចចែករំលែកចំណេះដឹងនេះទៅក្នុងសាលារៀន និងសហគមន៍
* ផ្តល់ជាព័ត៌មាន និងគាំទ្រដល់អ្នកដែលមានហានិភ័យ ដើម្បីធ្វើការពិនិត្យសុខភាព និងការការពារ
* បន្តសហការលើសកម្មភាពទាក់ទងនឹងជំងឺមិនឆ្លង ជាមួយភាគីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន។
ព្រឹត្តិការណ៍នេះ មានសកម្មភាពនៃយុទ្ធនាការរួមមាន៖ ការដើរផ្សព្វផ្សាយស្ថិតក្នុងចម្ងាយ៤០០ម៉ែត្រ ពីសាលាឃុំទៅអនុវិទ្យាល័យដូងជ្រុំ ការផ្តល់សារចំណាប់អារម្មណ៍ លើផ្នែកសុខភាព និងកម្មវិធីចំណាប់អារម្មណ៍ ដោយតំណាងពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុកបាកាន មន្ទីរសុខាភិបាលខេត្ត និងអង្គការអាដ្រាកម្ពុជា មានការឆ្លើយនូវសំណួរអំពីជំងឺមិនឆ្លង និងការណែនាំ ផ្សព្វផ្សាយសារសុខភាព រួមមាន៖ «តិចអំបិល តិចស្ករ តិចខ្លាញ់»។ លើសពីនេះ កម្មវិធីក៏ផ្តល់នៅអាហារសម្រន់ (អាហារូប្តម្ភ) ដែលបានរៀបចំដោយក្រុមការងារ គម្រោងដល់អ្នកចូលរួមទាំងអស់គ្នា។
តាមរយៈយុទ្ធនាការនេះ អង្គការអាដ្រាកម្ពុជា និងដៃគូដែលកំពុងអនុវត្តសកម្មភាពពីជំងឺមិនឆ្លង បានបន្តបញ្ជាក់ការប្តេជ្ញាចិត្ត ក្នុងការគាំទ្រផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការការពារ និងគ្រប់គ្រងជំងឺមិនឆ្លង ឆ្នាំ២០២២ - ២០៣០ ដើម្បីរួមចំណែកលើកកម្ពស់ឥរិយាបថសុខភាពល្អ ការការពារជាមុន និងការស្វែងរក ពិនិត្យសុខភាពពីជំងឺមិនឆ្លង សម្រាប់សហគមន៍កម្ពុជារបស់យើង៕





















