FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: មិនឲ្យ “Scam Online” កំណត់អត្តសញ្ញាណជាតិ៖ សារសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពី Brussels ទៅសហគមន៍អន្តរជាតិ (Video inside)

26-02-2026 16:24

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុក Scam Online ជា «សេដ្ឋកិច្ចខ្មៅ» ដែលបំផ្លាញសេដ្ឋកិច្ចស្របច្បាប់ និងបំផ្លាញកិត្តិយសជាតិ។ រាជរដ្ឋាភិបាល បានប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននេះ ឲ្យអស់ពីកម្ពុជាក្នុងអនាគតដ៏ខ្លីខាងមុខនេះ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញប្រធានបទនេះ៖

នៅក្នុងសម័យដែលសម្តីបកស្រាយព្រឹត្តិការណ៍ អាចកំណត់អនាគតសេដ្ឋកិច្ចប្រទេសមួយ ពាក្យពីរម៉ាត់ “Scam Online” អាចបំផ្លាញរូបភាពជាតិបានលឿនជាងការវាយប្រហារណាមួយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Agence France-Presse (AFP) នៅទីក្រុង Brussels នៅថ្ងៃទី២៥ កុម្ភៈ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនលើកលែង ចំពោះបញ្ហា“Scam Online” ឡើយ៖ «The scam networks or we call the black economy is destroying our honest economy, put the bad reputation on Cambodia, disrupt investments. So this is the reason why we need to clean this out so that the economic, real economic activities can be promoted, exports oriented, manufacturing, auto-industry, IT to be more beneficial to our economy.»
«បណ្តាញបោកប្រាស់ ឬយើងហៅថាសេដ្ឋកិច្ចខ្មៅ កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់យើង, វាដាក់កេរ្តិ៍ឈ្មោះអាក្រក់មកលើប្រទេសកម្ពុជា និងរំខានដល់ការវិនិយោគ។ ដូច្នេះ នេះជាហេតុផល ដែលយើងត្រូវសម្អាតរឿងនេះចេញឱ្យស្អាត ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ចពិតប្រាកដ អាចត្រូវបានលើកកម្ពស់ ដែលផ្តោតលើការនាំចេញ ការផលិត ឧស្សាហកម្មរថយន្ត និងបច្ចេកវិទ្យាដើម្បីឱ្យកាន់តែមានប្រយោជន៍ដល់សេដ្ឋកិច្ចរបស់យើង»។
សម្តីនេះ មិនមែនជាការបដិសេធធម្មតាទេ ប៉ុន្តែជាការបញ្ជាក់ជំហររដ្ឋថា កម្ពុជា មិនទទួលយកការកំណត់អត្តសញ្ញាណដោយឧក្រិដ្ឋកម្មឡើយ។

សម្តីនេះ មិនមែនជាការបដិសេធធម្មតា ឬការឆ្លើយតបបែបការពារទៅនឹងការចោទប្រកាន់អន្តរជាតិទេ។ វាជាការបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលយ៉ាងច្បាស់លាស់ថា កម្ពុជា មិនទទួលយកឲ្យឧក្រិដ្ឋកម្មកំណត់អត្តសញ្ញាណជាតិឡើយ ប៉ុន្តែប្តេជ្ញាដាក់អាទិភាពលើសេដ្ឋកិច្ចស្របច្បាប់ និងការអភិវឌ្ឍយូរអង្វែង។ ការលើកឡើងបញ្ហានេះនៅក្នុងក្រុង Brussels មជ្ឈមណ្ឌលនយោបាយសំខាន់របស់អឺរ៉ុប ក៏ជាសារដល់សហគមន៍អន្តរជាតិថា កម្ពុជា ចង់ធ្វើជាដៃគូសហការដែលទទួលខុសត្រូវ ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការពារទំនុកចិត្តវិនិយោគ។

*Scam Online៖ បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងសកលលោក

នៅពេលត្រូវបានសួរអំពីការចោទប្រកាន់អន្តរជាតិដាក់មកលើកម្ពុជាលើបញ្ហា “Scam Online” នេះ សម្តេចបវរធិបតី បានបញ្ជាក់បន្ថែមទៀតថា៖ “Online scams are a transnational crime problem. No single country can solve it alone.” «មានន័យថា ការឆបោកតាមអ៊ីនធឺណិត គឺជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន។ គ្មានប្រទេសណាមួយអាចដោះស្រាយវា តែម្នាក់ឯងបានទេ»។

សារៈសំខាន់នៅទីនេះ មិនមែនស្ថិតត្រឹមការពន្យល់បច្ចេកទេសអំពីលក្ខណៈឆ្លងដែននៃឧក្រិដ្ឋកម្មប៉ុណ្ណោះទេ។ វាជាការបកស្រាយពន្យល់អំពីអ្វីដែលគេធ្លាប់ចោទប្រកាន់មកលើប្រទេសមួយ ទៅជាការទទួលស្គាល់បញ្ហានេះជាសកល ដែលតម្រូវឲ្យមានកិច្ចសហការអន្តរជាតិរួមគ្នា។ ក្នុងន័យនេះ ជំនួសឲ្យការបន្តជម្លោះលើពាក្យ “Scam Hub” ប្រសាសន៍របស់សម្តេចបានផ្តោតទៅលើ “Transnational Crime.” ឧក្រិដ្ឋកម្មឆ្លងដែន។

ប្រសាសន៍នេះ មានន័យថា៖
- បញ្ហានេះមិនមែនកើតនៅក្នុងព្រំដែនប្រទេសណាមួយតែមួយនោះទេ
- វាពាក់ព័ន្ធបណ្តាញហិរញ្ញវត្ថុ បច្ចេកវិទ្យា និងជនល្មើសពីបណ្តាប្រទេសជាច្រើន
- និងដំណោះស្រាយមិនអាចមានប្រសិទ្ធភាពបានឡើយ បើគ្មានកិច្ចសហការយុទ្ធសាស្ត្រក្នុងកម្រិតសកល។
ប្រសាសន៍របស់សម្តេចបវរធិបតី មិនមែនត្រឹមជាការពន្យល់លក្ខណៈឆ្លងដែននៃឧក្រិដ្ឋកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា កម្ពុជាក៏ជាប្រទេសមួយដែលរងផលប៉ះពាល់ពីបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដូចជាប្រទេសដទៃទៀតដែរ។

ក្នុងបរិបទអន្តរជាតិ ការទទួលស្គាល់ថាបញ្ហានេះជាបញ្ហាឆ្លងដែន មានន័យថា កម្ពុជា មិនបដិសេធការពិត ឬបិទភ្នែកចំពោះបញ្ហានោះទេ។ ផ្ទុយទៅវិញ វាជាការដាក់ខ្លួនជាផ្នែកមួយនៃដំណោះស្រាយ និងជាដៃគូសហការ ដែលមានការទទួលខុសត្រូវ។ ហើយក្នុងសម័យ ដែល “រូបភាពស្មើនឹងទំនុកចិត្ត” និង “ទំនុកចិត្តស្មើនឹងវិនិយោគ” ការបញ្ជាក់ជំហរបែបនេះ គឺជាការប្រកាសថា កម្ពុជា មិនអនុញ្ញាតឲ្យសម្តីចោទប្រកាន់ កំណត់អត្តសញ្ញាណជាតិរបស់ខ្លួនឡើយ។ កម្ពុជាជ្រើសរើសយុទ្ធសាស្ត្រសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីពង្រឹងភាពស្របច្បាប់ និងការអភិវឌ្ឍយូរអង្វែង។

* Brussels៖ វេទិកាសម្រាប់ភាពស្របច្បាប់ និងទំនុកចិត្តអន្តរជាតិ

ទីក្រុង Brussels ដែលសម្តេចមហាបវរធិបតីបានលើកឡើងអំពីការប្តេជ្ញាចិត្តបោសសម្អាត “Scam Online” មិនមែនជាទីកន្លែងចៃដន្យឡើយ។ Brussels គឺជាមជ្ឈមណ្ឌលនយោបាយសំខាន់មួយរបស់សហភាពអឺរ៉ុប និងជាវេទិកាដែលស្តង់ដារច្បាប់ សិទ្ធិមនុស្ស និងភាពស្របច្បាប់អន្តរជាតិ ត្រូវបានយកជាគោល។

ការលើកឡើងប្រធានបទនេះ នៅទីនោះ មានន័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់ថា មេដឹកនាំកម្ពុជា ចង់ផ្ញើសារទៅសហគមន៍អឺរ៉ុប និងដៃគូអន្តរជាតិថា កម្ពុជាកំពុងពង្រឹងការអនុវត្តច្បាប់ និងកែលម្អក្របខ័ណ្ឌច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។
ក្នុងបរិបទនេះ Brussels ក្លាយជាវេទិកាសម្រាប់ការបញ្ជាក់ភាពស្របច្បាប់ (legitimacy signaling) និងការកសាងទំនុកចិត្តវិនិយោគ (confidence building)។
ប្រសាសន៍របស់ថ្នាក់ដឹកនាំកម្ពុជានេះទៀត បានបង្ហាញថា ការបង្ក្រាប Scam Online មិនមែនជាការប្រតិបត្តិការបណ្ដោះអាសន្ន ឬប្រតិកម្មចំពោះសម្ពាធអន្តរជាតិទេ ប៉ុន្តែជាផ្នែកមួយនៃគោលនយោបាយយូរអង្វែង ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ច និងរូបភាពជាតិ។

* Scam Online ជាបញ្ហាសន្តិសុខជាតិ
ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមបញ្ជាក់អំពីបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យាទេ ប៉ុន្តែបង្ហាញថា Scam Online មានវិមាត្រយុទ្ធសាស្ត្រជាច្រើនស្រទាប់។ បញ្ហានេះពាក់ព័ន្ធដោយផ្ទាល់នឹង៖
១. សុវត្ថិភាពសេដ្ឋកិច្ច៖ បណ្តាញឆបោកអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងភាពប្រកួតប្រជែងរបស់វិស័យសេដ្ឋកិច្ចស្របច្បាប់
២. ទំនុកចិត្តវិនិយោគ៖ ភាពមិនច្បាស់លាស់ និងរូបភាពអវិជ្ជមានអាចធ្វើឲ្យវិនិយោគិនស្ទាក់ស្ទើរ
៣. កិច្ចសហការអន្តរជាតិ៖ ប្រទេសដែលមានជនរងគ្រោះ អាចដាក់សម្ពាធផ្នែកការទូត ប្រសិនបើមិនមានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព
ក្នុងន័យនេះ Scam Online មិនមែនជាបញ្ហាបច្ចេកវិទ្យាផ្ទាល់ខ្លួននៃវិស័យឌីជីថលប៉ុណ្ណោះទេ។ វាជាបញ្ហា សន្តិសុខជាតិ ដែលពាក់ព័ន្ធនឹងភាពស្របច្បាប់របស់រដ្ឋ ស្ថិរភាពសេដ្ឋកិច្ច និងទីតាំងរបស់ប្រទេសមួយនៅលើឆាកអន្តរជាតិ។

ពេលឧក្រិដ្ឋកម្មឆ្លងដែនអាចប៉ះពាល់ដល់រូបភាពជាតិ និងការអភិវឌ្ឍយូរអង្វែង នោះការបង្ក្រាប វាមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចយុទ្ធសាស្ត្ររបស់រដ្ឋ។
ដូច្នេះការលើកឡើងរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់លាស់ថា បញ្ហា Scam Online នេះ ពិតជាពាក់ព័ន្ធនឹង៖
- កត្តាសុវត្ថិភាពសេដ្ឋកិច្ច
- កត្តាទំនុកចិត្តវិនិយោគ
- និងកត្តាកិច្ចសហការអន្តរជាតិ។
ក្នុងន័យនេះផងទៀត Scam Online មិនមែនត្រឹមជាបញ្ហាបច្ចេកវិទ្យាទេ ប៉ុន្តែជាបញ្ហាសន្តិសុខជាតិទាំងមូលផងដែរ។

* សង្គ្រាមពាក្យសម្តី៖ អ្នកចោទ ឬអ្នកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម?

ក្នុងសម័យដែលសម្តីអាចបង្កើតកម្លាំងនយោបាយ និងកំណត់ការយល់ឃើញសាធារណៈបានយ៉ាងលឿន ប្រសាសន៍បញ្ជាក់ ដោយផ្ទាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេស មិនមែនជាការបញ្ចេញមតិតាមអារម្មណ៍ឡើយ ប៉ុន្តែជាការបញ្ជាក់នូវសេចក្តីប្តេជ្ញាផ្លូវការរបស់រដ្ឋ។

ក្នុងបរិបទបញ្ហា Scam Online មានការចោទប្រកាន់ពីក្រុមនយោបាយមួយចំនួនថា បញ្ហានេះជាលទ្ធផលនៃអំពើពុករលួយ ឬការបណ្តោយឲ្យបណ្តាញឧក្រិដ្ឋកម្មប្រើប្រាស់ទឹកដីជាទីជម្រកជាដើម។ ទោះជាយ៉ាងណា ការចោទប្រកាន់បែបនេះ មិនបានភ្ជាប់ទៅនឹងការពិតមួយសំខាន់ គឺការបង្ក្រាបយ៉ាងសកម្មរបស់អាជ្ញាធរ ដែលបានចាប់បណ្តេញ និងចាប់ឃុំខ្លួនជនពាក់ព័ន្ធជាច្រើនម៉ឺននាក់ ក្នុងប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់។

មន្ត្រីរាជរដ្ឋាភិបាលបានបង្ហាញជំហរយ៉ាងច្បាស់ថា ការបង្ក្រាបបទល្មើស Scam Online គឺជាអាទិភាពជាតិ។ ការប្តេជ្ញាដែលបានលើកឡើងថា នឹងបន្តសកម្មភាពបង្ក្រាបឲ្យបានទូលំទូលាយ និងឱ្យអស់ យ៉ាងហោចនៅមុនពេលបុណ្យចូលឆ្នាំខ្មែរ នាពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ គឺជាសញ្ញាបង្ហាញថា រាជរដ្ឋាភិបាល មិនចាត់ទុកបញ្ហានេះជាប្រតិកម្មបណ្តោះអាសន្នឡើយ ប៉ុន្តែជាគោលនយោបាយមានគោលដៅ និងកាលកំណត់ច្បាស់លាស់។

ប្រសាសន៍ប្តេជ្ញាពីទីក្រុង Brussels របស់ថ្នាក់ដឹកនាំកម្ពុជា បានបន្ថែមទម្ងន់អន្តរជាតិទៅលើសារបង្ក្រាបបទល្មើស Scam Online នេះទៀត។ វាបង្ហាញថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យបទល្មើស Scam Online ជ្រកខ្លួនក្រោមរូបភាពណាមួយឡើយ ហើយកំពុងដាក់ខ្លួនជាភាគីសកម្មក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។

សេចក្តីសន្និដ្ឋាន៖ នៅពេលនាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយថា៖ “We do not tolerate online scams.” មាន ន័យថាយើងមិនលើកលែងដល់បទល្មើស Scam Online, វាមិនមែនជាពាក្យសម្ដីសម្រាប់ត្រឹមតែសារព័ត៌មានផ្សាយប៉ុណ្ណោះទេ។

វាជាសារទៅកាន់វិនិយោគិនថា សេដ្ឋកិច្ចស្របច្បាប់ ត្រូវបានការការពារ។ វាជាសារទៅកាន់ដៃគូអន្តរជាតិថា កម្ពុជា ជាដៃគូដែលទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ហើយវាជាសារទៅកាន់សហគមន៍ខ្មែរក្នុងស្រុកថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យឧក្រិដ្ឋកម្មឆ្លងដែននេះ បំផ្លាញកិត្តិយសជាតិបានឡើយ។

សំខាន់ជាងនេះទៅទៀត វាជាការប្រកាសថា កម្ពុជា មិនអនុញ្ញាតឲ្យ សម្តីចោទប្រកាន់អវិជ្ជ មាន ឬការបកស្រាយដែលមិនមានតុល្យភាព កំណត់អត្តសញ្ញាណជាតិរបស់ខ្លួនបានឡើយ។ក្នុងសម័យដែលរូបភាពអន្តរជាតិស្មើនឹងទំនុកចិត្ត ហើយទំនុកចិត្តស្មើនឹងវិនិយោគ និងការអភិវឌ្ឍយូរអង្វែង ការបដិសេធមិនលើកលែង Scam Online គឺជាការការពារសេដ្ឋកិច្ចជាតិ មិនខុសគ្នាពីការការពារព្រំដែនឡើយ។

ប្រសាសន៍ពី Brussels មិនមែនជាសម្តីតបតែការចោទប្រកាន់ទេ ប៉ុន្តែជាការកំណត់ទីតាំងប្រទេសនៅលើឆាកអន្តរជាតិ៖ កម្ពុជា មិនមែនជាប្រទេស ដែលត្រូវបានកំណត់ដោយឧក្រិដ្ឋកម្មឆ្លងដែននេះទេ ប៉ុន្តែជាប្រទេសដែលកំពុងកំណត់ខ្លួនឯងដោយការទទួលខុសត្រូវ សុចរិត ភាព និងសន្តិសុខសេដ្ឋកិច្ច។

ក្នុងសង្គ្រាមពាក្យសម្តី សម្តីបំរើកំហឹងអារម្មណ៍ អាចបំផ្លាញរូបភាពជាតិបានក្នុងពេលដ៏ខ្លី។ប៉ុន្តែសេចក្តីប្តេជ្ញាចិត្តដ៏ច្បាស់លាស់ និងសកម្មភាពជាក់ស្តែង ជាពិសេស ពីសម្លេងដោយ ផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីក្រុងប្រុចសែល មជ្ឈមណ្ឌលនយោបាយសំខាន់របស់អឺរ៉ុប គឺជាប្រសាសន៍ ដែលអាចស្តារទំនុកចិត្តជាអន្តរជាតិឡើងវិញនិងពង្រឹកកិត្តិយសជាតិបានយ៉ាងពិតប្រាកដ៕