FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយកម្ពុជារហូតដល់ដំណាក់កាលនៃការបំពានពីសំណាក់យោធាថៃ មកលើមាតុភូមិកម្ពុជា (Video inside)

26-02-2026 15:37

(ភ្នំពេញ)៖ ថ្លែងពីលើវេទិកា, លោក កឹម គុណវឌ្ឍន៍ អតីតប្រធានសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA និងសូមពាំនាំនូវសេចក្តីអំណរគុណរបស់ប្រជាជាតិខ្មែរ ដែលបានមើលឃើញយ៉ាងច្បាស់ពីការគាំទ្រឥតសំចៃពីសំណាក់ប្រជាជនប៉ុន រដ្ឋាភិបាលជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការរំលោភបំពានពីសំណាក់យោធាថៃ មកលើមាតុភូមិកម្ពុជា។

ការថ្លែងអំណរគុណបែបនេះរបស់លោក កឹម គុណវឌ្ឍន៍ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦​ របស់សមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ពិធីនេះមានការចូលរួមសំណាក់លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា, លោកស្រី ថ្លាង សូរិយា ប្រធានសមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា, លោកស្រី Miyashita Akiko អនុប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា, លោកស្រី ទៀ តារាសាត អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃ, លោក Va Kora ប្រធានសមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកបានសម្តែងនូវការគាំទ្រទាំងស្រុងចំពោះសកម្មភាពរបស់សមាគមអតីតកម្មសិក្សាការី JICA-AC ដែលបានបំពេញតួនាទីយ៉ាងសកម្ម និងសមស្របជាមួយនឹងជំនឿទុកចិត្តរបស់សមាជិក សមាជិកា ជំនឿទុកចិត្តពីទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ព្រមទាំងជំនឿទុកចិត្តពីប្រទេសជាតិ។

លោក កឹម គុណវឌ្ឍន៍ បានថ្លែងថា ជំនឿទុកចិត្តនេះ គឺបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំសមាគមអតីតកម្មសិក្សាការី JICA-AC ដើម្បីបន្តសកម្មភាពចូលរួមអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោក កឹម គុណវឌ្ឍន៍ បានគូសបញ្ជាក់ថា៖ «យើងខ្ញុំ ជឿជាក់ និងកត់ត្រាទុកលើជំនួយគាំទ្រនេះ និងចងចាំជានិច្ច និងរៀនសូត្រពីគំរូវីរភាពនេះ ដើម្បីបង្ហាញដល់ប្រជាជនយើងខ្ញុំពីអ្វីដែលជប៉ុន បានធ្វើជូនដល់កម្ពុជា»

បើតាមលោកស្រី ថ្លាង សូរិយា បានលើកឡើងថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា មានរយៈពេលជាង ២០ឆ្នាំហើយ ដែលទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលដៅបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សជូនប្រទេសកម្ពុជា។ តាមរយៈការបញ្ជូនមន្រ្តីរាជការរបស់រដ្ឋាភិបាល សិស្ស និស្សិត និងអង្គការផ្សេងៗនៅកម្ពុជាទៅធ្វើការបណ្តុះបណ្តាល នៅប្រទេសជប៉ុន ទៅតាមជំនាញរបស់គេរៀងៗខ្លួន។

បន្ថែមពីនេះលោក Sanui Kazumasa បានលើកឡើងថា សម្រាប់សកម្មភាពក្រៅប្រទេស JICA-AC តំណាងឱ្យកម្ពុជា ក្នុងន័យមិត្តភាពនៃសមាគមអាស៊ាន-ជប៉ុន សតវត្សរ៍ទី២១។ រហូតមកដល់ពេលនេះ អ្នកតំណាងរបស់ JICA-AC បានចូលរួមក្នុងយ៉ាងសកម្មក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិ (ECM) និងព្រឹត្តិការណ៍ផ្សេងទៀតដែលរៀបចំក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងនៅក្នុងប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JICA-AC បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍសហគមន៍នៅកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជនជប៉ុន និងកម្ពុជា៕