FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦

26-02-2026 15:25

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានរយៈពេលេ២ថ្ងៃ ចាប់ពីរថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរំដួល អគារអង្គរវត្ត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស។ សន្និបាតនេះ ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិករបស់ក្រសួងប្រមាណជាង១០០០នាក់។

ថ្លែងនាឱកាសនោះលោក ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម លះបង់ទាំងកម្លាំងកាយ និង កម្លាំងចិត្ត ចំណាយទាំងបញ្ញា និងស្មារតី ខិតខំប្រឹងប្រែងបំពេញការងារមិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ជាច្រើនជូនក្រសួង ក៏ដូចជាសង្គមជាតិ។

លោក ហេង សួរ បានលើកឡើងថា ពាក់ព័ន្ធវិស័យការងារនេះដែរ ដូចដឹងហើយថា បើទោះ​បី​ជា​កម្ពុជា​រង​សម្ពាធ​នូវ​ភាព​មិនប្រាកដប្រជាជាសាកល ហើយជាអកុសល ដែល​កម្ពុជា​រង​ការ​ឈ្លាន​ពាន​ពី​សំណាក់​យោធាថៃ​មកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយធ្វើឱ្យជីវភាព​រស់​នៅ​របស់​បង​ប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជាបង​ប្អូន​ដែល​ធ្លាប់​តែ​ធ្វើ​ការ​ងារ​នៅ​ប្រទេស​ថៃ​រង​នូវផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែបើ​ក្រឡេក​មើល​ជា​រួម​នៃ​កំណើន​ទុន​វិនិយោគ​កំណើន​ក្រុម​ហ៊ុន កំណើនរោងចក្រ កំណើនការងារ គឺឃើញថាសេដ្ឋកិច្ច មុខរបរ និងការងារ​របស់​កម្ពុជា ​គឺនៅមានភាពរឹងមាំ ហើយដែលភាពរឹងមាំទាំងអស់នេះ គឺកើតចេញ​ពី​គោល​នយោបា​យ​ដ៏​ត្រឹម​ត្រូវ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់គ្រប់ការដ្ឋានទាំងអស់ ដែល​ធ្វើ​ឱ្យ​បរិយាកាស​វិនិយោគ គឺមានភាពងាយស្រួលជាងមុន។

លោករដ្ឋមន្ត្រីបានថ្លែងថា នៅក្នុង២០២៥ ក្នុងចំណោមប្រជាពលរដ្ឋ១៧ លាននាក់ ជាពិសេសប្រជាពលរដ្ឋពេញវ័យប្រមាណជាង១១លាននាក់ ដោយមានបងប្អូនដែលមានការងារធ្វើជាង១០លាន ៧សែននាក់ ដែលក្នុងនោះមានវិស័យកសិកម្មមាន២លាន៨សែននាក់,វិស័យឧស្សាហកម្ម ៣លាននាក់ វិស័យសេវាកម្មជិត៥លាននាក់។ ប្រសិនបើយើងមើលកំណើននៅក្នុងវិស័យការងារនេះ ដោយឃើញថា វិស័យកសិកម្មស្រូបយកបន្ថែម នូវកម្លាំងពលកម្មបានចំនួន៤,៦ម៉ឺននាក់ ហើយវិស័យឧស្សាហកម្ម ដែលក្នុងនោះមានរោងចក្រ ហើយបានបង្កើតការងារថ្មីបានជាង៤០ម៉ឺននាក់ និងវិស័យសេវាកម្ម ដែលមានភោជនីដ្ឋាន និងការធ្វើពាណិជ្ជកម្ម ក៏បានជួយបង្កើតការងារប្រមាណជាង៣៥ម៉ឺននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងចំណោមការងារដែលបង្កើតមានការងារស្ថិតនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ទោះបីជាយ៉ាងណាក៏ដោយការងារក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺជាប្រភពផ្គត់ផ្គង់ នឹងបង្កើតឱ្យមានចំណូលទៅដល់ប្រជាពលរដ្ឋ និងយុវជនដែលដល់វ័យចូលធ្វើការជាដើម។ លោកបានបន្ដថា ផ្ទុយទៅវិញយើងបានបងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ បានក្លាយទៅធនធាន បានក្លាយទៅជាកម្លាំងពលកម្ម និងជួយបំពេញនូវការខ្វះខាត សម្រាប់រោងចក្រសហគ្រាសផងដែរ។

សូមជម្រាបដែរថា សន្និបាតនេះ បានរៀបចំឡើង​ក្នុង​គោល​បំណង​ដើម្បី​ពិនិត្យ​វាយ​តម្លៃ​អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅ​អនុវត្ត​បន្ត ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត សំដៅ​ពង្រឹង និងពង្រីកការអនុវត្តវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិភាពខ្ពស់បន្ថែមទៀត៕