ខែដំបូងឆ្នាំនេះ កម្ពុជា រកចំណូលបានជាង៦៣លានដុល្លារ ពីការនាំចេញកង់ កើនឡើងជាង៦៨%
26-02-2026 15:18
(ភ្នំពេញ)៖ ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជានាំចេញកង់ ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួន៦៣.៥៧លានដុល្លារ កើនឡើងរហូតដល់ចំនួន៦៨.៥១% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ មានចំនួន៣៧.៧២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។
បើតាមក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជា នាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិកជាដើម។
សូមរំលឹកថា សហភាពអឺរ៉ុបបានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាននៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។
ការអនុញ្ញាតនេះ ធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែមានភាពងាយស្រួល ក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង។
កម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖
* ទី១៖ A AND J (CAMBODIA) CO.,LTD.
* ទី២៖ SPEEDTECH INDUSTRIAL CO., LTD.
* ទី៣៖ SMART TECH (CAMBODIA) CO.,LTD.
* ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD
* ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។
សូមជម្រាបថា នៅឆ្នាំ២០២៥ កម្ពុជានាំចេញកង់ ទៅកាន់បណ្ដាប្រទេសដៃគូ ក្នុងទឹកប្រាក់ចំនួន ៦០៩.៣៣លានដុល្លារ កើនឡើងរហូតដល់ចំនួន៤២.៧៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ មានចំនួន ៤២៦.៩១លានដុល្លារ៕



