ប្រមុខការទូតកម្ពុជា៖ ក្រោយបទឈប់បាញ់លើកទី២ យោធាថៃ បានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារ ដោយបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា (Video inside)
26-02-2026 15:05
(ហ្សឺណែវ)៖ ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃសម័យប្រជុំលើកទី៦១ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបន្តលាតត្រដាងអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលកម្ពុជា ដែលបង្កឡើងដោយប្រតិបត្តិការរបស់យោធាថៃ។
លោកបានលើកឡើងថា ខណៈពេលដែលយើងកំពុងពង្រឹងលើការអភិវឌ្ឍក្នុងប្រទេស និងចាប់តាំងពាក់កណ្តាលឆ្នាំ ២០២៥ មក ប្រតិបត្តិការយោធារបស់ថៃ បានពង្រីកទៅកាន់តំបន់ព្រំដែនជាច្រើនកន្លែង ដែល បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិលរបស់យើង ជាផលវិបាកដែលស្ថិតក្រោមការទទួលខុសត្រូវផ្ទាល់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ។
លោកថា៖ «បទឈប់បាញ់លើកទី២ ដែលសម្រេចបានកាលពីចុងឆ្នាំមុន នៅតែផុយស្រួយ។ ចាប់តាំង ពីពេលនោះមក យោធា[ថៃ] បានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារ ដោយបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា»។
បើតាមប្រមុខការទូតកម្ពុជា, ប្រជាជនស៊ីវិល រស់នៅក្នុងបណ្តាភូមិជាប់ព្រំដែន ត្រូវបានបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋាន និងផ្ទះសម្បែងរបស់គេ។ ផ្ទះសំបែងត្រូវបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់ពួកគេត្រូវបានសាងសង់ឡើង ហើយការហាមឃាត់មិនឱ្យប្រជាជនស៊ីវិលចូលទៅកាន់តំបន់ទាំងនោះរបស់ពួកគេ បានធ្វើឡើងដោយការដាក់រាយបន្លាលួស និងទូកុងតឺន័រ ដែលបានរារាំងដល់ការវិលត្រឡប់ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិល និងផ្ទុយពីការព្រមព្រៀងគ្នាពីមុនមករវាង ប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា លើសពីការបង្កអរិភាព ប្រជាជនស៊ីវិលជិត ៦៥០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ ហើយ មនុស្សជាង ៨០.០០០ នាក់ផ្សេងទៀត នៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់គេវិញ បាននៅឡើយ។ សកម្មភាពទាំងនេះដែលប៉ះពាល់ដល់ប្រជាជនស៊ីវិល កំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិរស់រានមាន ជីវិត សិទ្ធិសន្តិសុខបុគ្គល សេរីភាពក្នុងការធ្វើដំណើរ សិទ្ធិទទួលបានជម្រកសមរម្យ និងសេរី ភាពទទួលបាននូវវប្បធម៌ និងសាសនា។
ប្រមុខការទូតកម្ពុជា បានបញ្ជាក់បន្ថែមថា នៅគ្រប់កាលៈទេសៈទាំងអស់ កម្ពុជាបានបង្ហាញនូវការអត់ធ្មត់ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយបានផ្តល់ជំនួយមនុស្សធម៌ ធានាបន្តផ្តល់សេវាចាំបាច់នានាដល់ជនភៀសសឹក និង នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងចីរភាព ព្រមទាំង ការសន្ទនាដោយសន្តិវិធី ដើម្បីការវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។
លោកបានបញ្ជាក់បន្ថែមទៀតថា ការការពារសិទ្ធិមនុស្សមិនអាចកាត់ផ្តាច់ចេញពីសន្តិភាពបានឡើយ។ ក្នុងស្មារតីនេះ កម្ពុជា សូមអំពាវនាវឱ្យមានការគោរពឱ្យបានពេញលេញ និងការអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ច ព្រមព្រៀងដែលមានស្រាប់ ការដកកងកម្លាំងយោធាថៃចេញពីទឹកដីកម្ពុជា ដែលវត្តមានរបស់ កងកម្លាំងទាំងនោះ នៅតែជាឧបសគ្គចម្បងដល់ការវិលត្រឡប់របស់ប្រជាជនស៊ីវិលទៅកាន់ផ្ទះ សម្បែងរបស់គេវិញ ប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង តាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌ អន្តរជាតិ។ មានតែការគោរពតាមគោការណ៍ និងច្បាប់ខាងលើនេះទេ ទើបប្រជាជាតិយើងទាំង ពីរអាចរស់នៅជាមួយគ្នាក្នុងសុខសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕



