FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំមន្ត្រីសុខាភិបាលទាំងអស់ទូទាំងខេត្ត ធ្វើយ៉ាងណាខិតខំឱ្យអស់លទ្ធភាព សមត្ថភាព ដើម្បីឱ្យសេវាសុខាភិបាលក្នុងខេត្តព្រះវិហារកាន់តែល្អប្រសើរ

26-02-2026 14:58

(ព្រះវិហារ)៖ លោក វេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវមន្ត្រីសុខាភិបាលទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណាខិតខំឱ្យអស់ពីលទ្ធភាព សមត្ថភាព ដើម្បីឱ្យសេវាសុខាភិបាលក្នុងខេត្ត កាន់តែប្រសើរឡើង។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក ប្រធានមន្ទីរបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌុលសុខភាព និងអង្គការដៃគូរជាច្រើនទៀត។

នៅក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងនាំនូវការកោតសរសើរ និងអរគុណពីលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលលោកតែងតែលើកឡើងពីគុណតម្លៃ និងសារៈសំខាន់របស់មន្ត្រីសុខាភិបាលដែលបានបម្រើការងារបានយ៉ាងល្អដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ។

ក្នុងនាមមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានរួមគ្នាធ្វើឱ្យមន្ទីរសុខាភិបាលខេត្តទទួលបានជោគជ័យ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាបន្តបន្ទាប់។លោកថា៖អ្វីដែលលោកទទួលបានការផ្តល់ពីរាជរដ្ឋាភិបាលនូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ ក្នុងឱកាសសន្និបាតក្រសួងសុខាភិបាលប្រចាំឆ្នាំ២០២៥ នោះគ្រាន់តែជាតំណាងរបស់បងប្អូនទាំងអស់ទេ មិនមែនផ្តល់មករូបលោកតែម្នាក់ឯងទេ លោកនឹងយកមេដាយនោះមកដាក់តាំងនូវកន្លែងណាមួយ ដើម្បីបញ្ជាក់ថាមេដាយនោះជារបស់ពួកយើងទាំងអស់គ្នា។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ដៃគូរអភិវឌ្ឍន៍ទាំងអស់ ទាំងដៃគូរដែលមានការិយាល័យ និងគ្មានការិយាល័យ នៅក្នុងខេត្តព្រះវិហារ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យសុខាភិបាល ជួយដល់មន្ទីរសុខាភិបាលខេត្ត ដែលធ្វើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះវិហារ មានការរីកចម្រើនជាបន្តបន្ទាប់។ដោយឡែកអាជ្ញាធរមូលដ្ឋាន ក៏បានចូលរួមសហការច្រើន ដែលនាំឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះវិហារកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ពាក់ព័ន្ធនិងការបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់មន្ទីរសុខាភិបាលខេត្តនាពេលនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងណែនាំដល់អ្នកចូលរួមទាំងអស់ពិភាក្សា ទាក់ទងនិងកន្លែងដែលមិនទាន់មានវឌ្ឍនភាព ថាហេតុអ្វីបានជាមិនទាន់មានវឌ្ឍនភាព? និងណែនាំដល់ថ្នាក់ដឹកនាំគ្រប់រូប ត្រូវធ្វើការងារឱ្យច្រើនជាងមន្ត្រី ត្រូវបើកចិត្តឱ្យទូលាយ ទទួលយករាល់មតិចូលរួមក្នុងន័យស្ថាបនា ពីមន្ត្រីក្រោមឱវាទនិងអ្នកជុំវិញខ្លួន ត្រូវបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយគុណភាព ប្រសិទ្ធភាព ស័ក្កសិទ្ធភាព និងមាននិរន្តរភាព ពិសេសត្រូវមានសុវត្ថិភាព និងសមធម៌ ចំពោះអ្នកជម្ងឺ ត្រូវពង្រឹងចំពោះការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អចំពោះអ្នកជម្ងឺ និងត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីសុខាភិបាលសាធារណៈ និងឯកជន ឱ្យបានល្អផងដែរ៕