FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថា ទេ» បន្តចុះផ្សព្វផ្សាយដល់ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

26-02-2026 14:56

(ស្ទឹងត្រែង)៖ មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង សហការជាមួយ រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តចុះផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «និយាយថាទេ» ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការទប់ស្កាត់ និងបង្ការការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។

ពិធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី បួរ ខាំតង ប្រធានក្រុមប្រឹក្សាស្រុកបុរីអូរស្វាយសែនជ័យ, លោក ផាន់ យុត អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងលោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មាន ខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីនៃមន្ទីរព័ត៌មានខេត្ត កងកម្លាំងនគរបាល កងកម្លាំងយោធា រដ្ឋបាលឃុំអូរស្វាយ លោកគ្រូ អ្នកគ្រូ យុវជន កាកបាទក្រហមកម្ពុជាស្រុក និងសិស្សានុសិស្សជាង ៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុន ប៊ុនធឿន បានបញ្ជាក់ថា ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល និងបណ្តាញសង្គម បានផ្តល់ភាពងាយស្រួលក្នុងការទទួល និងចែករំលែកព័ត៌មាន ប៉ុន្តែក៏ជាកត្តាធ្វើឱ្យព័ត៌មានក្លែងក្លាយ រីករាលដាលយ៉ាងឆាប់រហ័សផងដែរ។ ដូច្នេះ យុទ្ធនាការ «និយាយថាទេ» គឺមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋ ពិសេសយុវជន និងសិស្សានុសិស្ស មានការត្រួតពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែករំលែកបន្ត និងមិនចូលរួមផ្សព្វផ្សាយព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់។

លោកបានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ ក្លាយជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ ដោយអនុវត្តគោលការណ៍ «ពិនិត្យ មុនចែករំលែក» និងចូលរួមរាយការណ៍ព័ត៌មានក្លែងក្លាយ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចូលរួមថែរក្សាបរិយាកាសព័ត៌មានឱ្យមានភាពត្រឹមត្រូវ និងមានសុចរិតភាព។

ជាមួយគ្នានេះ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ ក៏បានគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំយុទ្ធនាការនេះ ដោយចាត់ទុកថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាការងារសំខាន់មួយក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការរក្សាស្ថិរភាពមូលដ្ឋាន។ លោកបានជំរុញឱ្យមន្ត្រីមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរព័ត៌មាន ក្នុងការផ្សព្វផ្សាយចំណេះដឹងនេះឱ្យបានទូលំទូលាយ។

សូមបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេ» ចំពោះព័ត៌មានក្លែងក្លាយ (Say No to Fake News) នេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួងព័ត៌មាន ក្នុងការដាក់ចេញដល់មន្ទីរព័ត៌មានតាមបណ្តាល រាជធានី ខេត្ត ក្រុង ក្នុងការចុះផ្សព្វផ្សាយ ដើម្បីពង្រឹងការយល់ដឹងសាធារណៈ អំពីសារៈសំខាន់នៃព័ត៌មានពិត និងការបង្កើនភាពធន់របស់សហគមន៍ចំពោះព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកកសាងសង្គមឌីជីថលមួយប្រកបដោយការទទួលខុសត្រូវ និងមានចីរភាព៕