មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងអាជ្ញាធរខេត្តក្រចេះ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ដើម្បីឲ្យគម្រោងបានដំណើរការទាន់ពេលវេលា និងប្រកបដោយគុណភាព
26-02-2026 14:48
(ក្រចេះ)៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្ទីរជំនាញ បានចុះត្រួតពិនិត្យវឌ្ឍនភាព អនុគម្រោងក្រុងរបៀង៤ ក្នុងក្រុងក្រចះ រួមមាន អនុគម្រោងទីលានទុកដាក់សំរាម អនុគម្រោងការសាងសង់បណ្តាញលូរំដោះទឹកភ្លៀងនិងស្ថានីយបូមទឹក អនុគម្រោងលម្អរសោភណ្ឌភាពក្រុង និងអនុគម្រោងកែលម្អទីលានចាក់សំរាមចាស់។
ក្រោយពីបានចុះត្រួតពិនិត្យរួចមក ក្រុមការងារបានរៀបចំកិច្ចប្រជុំនៅសាលប្រជុំរបស់រដ្ឋបាលខេត្ត ដើម្បីពិភាក្សា និងផ្តោះប្តូរយោបល់ក្នុងគោលបំណងដើម្បីឲ្យគម្រោងបានដំណើរការទាន់ពេលវេលា និងប្រកបដោយគុណភាព។
នៅក្នុងការចុះត្រួតពិនិត្យទីតាំងកម្រោង និងការបើកកិច្ចប្រជុំខាងលើនេះ មន្ត្រីជំនាញ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃគម្រោងទាំង៤ ដែលបានកំពុងតែដំណើរការសាងសង់ ក្នុងនោះគម្រោងទីលានចាក់សំរាមក៏ត្រូវបានបញ្ចប់ តាំងពីអំឡុងខែសីហា ឆ្នាំ២០២៣ និងបានអនុម័តការថែទាំ ក្នុងការប្រតិបត្តិសំរាមដែលបានប្រមូលនៅក្នុងក្រុងក្រចេះ ក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុនសាងសង់ និងបានចងការទទួលខុសត្រូវរបស់ក្រុមហ៊ុនសាងសង់។ ដោយឡែក ចំពោះការងារដែលថែទាំ និងជួសជុលឡើងវិញរបស់ក្រុមហ៊ុនដែលបានកំណត់រយៈពេលមួយឆ្នាំនោះក៏ត្រូវបានបញ្ចប់ដែរ កាលពីខែសីហា ឆ្នាំ២០២៤។
ជាទូទៅការដឹកជញ្ជូនសំរាមទីក្រុងក្រចេះទៅចាក់នៅទីលាន ក្នុងមួយថ្ងៃសំរាមមានចាប់ពីចន្លោះ ២០ ទៅ ២៥តោន ក្នុងនោះក្រុមប្រឹក្សាបច្ចេកទេសក៏បានផ្ដល់វគ្គសិក្សាខ្លីៗនៅក្នុងការគ្រប់គ្រងថវិកា និងគ្រប់គ្រងគម្រោង តាមរយៈក្រុមប្រឹក្សាបច្ចេកទេស ក្នុងនោះក៏មានគម្រោងនៃការគ្រប់គ្រងទឹកកខ្វក់ផងដែរ។
គម្រោងទី២ ដែលជាគម្រោងគ្រប់គ្រងប្រព័ន្ធរំដោះទឹកភ្លៀង ក៏បានអនុម័តនៅក្នុងការសាងសង់ រយៈពេល១៧ខែ ចាប់ផ្ដើមសាងសង់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់ ១០០% នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ហើយបើគិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមហ៊ុនបានដំណើរការសាងសង់សម្រេចបាន៨៤%ផងដែរ។
គម្រោងកែលម្អក្រុងក្រចេះ ចាប់ផ្ដើមដំណើរការតាំងពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើរយៈពេល ១២ខែ ហើយក្រុមប្រឹក្សាបច្ចេកទេសក៏បានត្រួតពិនិត្យ និងអនុម័តដំណើរការសាងសង់ចាប់ពី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់ការសាងសង់ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។
គម្រោងកែលម្អក្រុងក្រចេះនេះ គឺមានការកែលម្អទីតាំងរង្វង់មូលព្រាបស ទីតាំងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់កុមារលេង និងការបំពាក់សាលានៅតាមមាត់ទន្លេប្រវែងជាង២គីឡូម៉ែត្រ និងការកែលម្អរង្វង់មូលនាគបាញ់ទឹក ឱ្យមានសោភ័ណភាពស្អាត រហូតមកដល់ពេលនេះក្រុមហ៊ុនសម្រេចការសាងសង់បាន ៧៥.៩១% ក្នុងនោះក៏មានការចូលរួមពីគណៈកម្មការទទួលខុសត្រូវរបស់គម្រោងដើម្បីត្រួតពិនិត្យទីតាំងដែលត្រូវធ្វើការកែលម្អទាំងបីទីតាំង នៅក្នុងក្រុងក្រចេះនៅផងដែរ។
លោក វ៉ា ថន បានឱ្យដឹងថា ដោយមានជំនួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានគម្រោង រួមមាន៖ ទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់ និងអនុគម្រោងផ្សេងទៀត ដែលកំពុងដំណើរការសាងសង់មានវឌ្ឍនភាពលឿនគួរឲ្យកត់សំគាល់។
លោកបានថា នេះជាការគិតគូររបស់ររាជរដ្ឋាភិបាល ស្របទៅនឹងគោលនយោបាយដើម្បីប្រជាជន ជាក់ស្តែងគម្រោងទាំងនេះនឹងជួយរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិចក្នុងរដូវវស្សា លើកកម្ពស់អនាម័យសុខភាព សោភ័ណភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូលក្នុងការស្រូបទាញអ្នក វិនិយោគមកប្រកបអាជីវកម្មផងដែរ។
លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនឹងដោះស្រាយបញ្ហា ដើម្បីធ្វើយ៉ាងណាបំពេញកង្វះខាត។ លោកបានស្នើឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីឲ្យដំណើរការគម្រោងទៅមុខបាននូវជោគជ័យ ធ្វើយ៉ាងណាឱ្យទីក្រុងយើងស្អាត ឈានដល់ការវៃឆ្លាត ទាក់ទាញភ្ញៀវទេសចរណ៍៕








