រដ្ឋបាលថ្នាក់ក្រោមជាតិ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងមូលដ្ឋាន
26-02-2026 14:38
(ភ្នំពេញ)៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមមាន ឃុំ-សង្កាត់ ក្រុង-ស្រុក-ខណ្ឌ និងខេត្ត ដែលមានតំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ដោយផ្អែកលើការងារពង្រឹងភាពស្អាត ភាពបៃតង និងចីរភាព។
កន្លងមកក្រសួងបរិស្ថាន បានសហការជាមួយគណៈបញ្ជាការកងឯកភាពររាជធានីខេត្ត ក្រុងស្រុក អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល ដៃគូសហការនានា និងប្រជាលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការពង្រឹងការអនុវត្តច្បាប់ លើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការការពារព្រៃឈើ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្មីៗនេះក្រសួងមហាផ្ទៃបានបញ្ជាក់អំពីតួនាទីនិងភារកិច្ចស្របតាមច្ក្រមបរិស្ថាន និងធនធានធម្មជាតិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសអាជ្ញាធរក្រុងស្រុក ឃុំ សង្កាត់ ក្នុងគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈលិខិតបញ្ជូនមកអភិបាលខេត្តព្រះវិហារ ឱ្យណែនាំដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ឱ្យបញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ, ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ, ត្រូវពង្រឹងការគ្រប់គ្រង ការថែរក្សា និងការការពារធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមស្មារតីនៃលិខិតលេខ ១២២២ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅតាមមូលដ្ឋាន ជាពិសេសការចូលរួមជំរុញសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ គឺជាសក្ខីភាពមួយ នៃការអនុវត្តគោលនយោបាយវិមជ្ឈកា និងវិសហមជ្ឈកា ដែលក្រសួងបរិស្ថាន បានគាំទ្រការជំរុញឱ្យមានប្រសិទ្ធភាព នៃការបំពេញតួនាទី និងភារកិច្ច ប្រកបដោយការទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថាន បានជម្រាបជូនទៅក្រសួងមហាផ្ទៃស្តីពីករណីពាក់ព័ន្ធនឹងការកាន់កាប់ រានដីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ស្របពេលជាមួយគ្នានេះ ក្រសួងបរិស្ថាន បានធ្វើការថ្កោលទោសចំពោះបុគ្គល ដែលបានគប់គិតគ្នាធ្វើសកម្មភាពចាក់ដី និងទន្ទ្រានដីព្រៃកោងកាងយកជាកម្មសិទ្ធិ ក្នុងភូមិតាបែន ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលជាតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តកោះកុង៕







