អភិបាលខេត្តកំពង់ស្ពឺ៖ វិស័យអប់រំ ជាក្បាលម៉ាស៊ីនគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេស ដែលកំពុងអភិវឌ្ឍន៍
26-02-2026 14:33
(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានចាត់ទុកថា វិស័យអប់រំជាក្បាលម៉ាស៊ីនគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេស ដែលកំពុងអភិវឌ្ឍន៍។
នេះជាការថ្លែងរបស់លោកទៅកាន់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋជាង៥០០នាក់ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាទួលខ្លុង និងសាលាបឋមសិក្សាត្រពាំងក្លុល ក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ នាឱកាសដាក់សម្ពោធជាផ្លូវការនៅក្តាខៀនកិត្តិយសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។
លោកថា «ជាការលើកកម្ពស់វិស័យអប់រំ តាមការផ្តល់កិត្តិយសដល់សិស្សពូកែប្រចាំសាលា ក្នុងន័យលើកស្ទួយដល់ការខិតខំប្រឹងប្រែងរៀនសូត្រពីសំណាក់ក្មួយៗ តាមសាលានីមួយៗជាលើកទឹកចិត្តដ៏ប្រពៃឲ្យមានការព្យាយាម ឲ្យបានគ្រប់ៗគ្នា»។
លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បានបន្តថា ជាការពិតណាស់ការអប់រំ គឺជាក្បាលម៉ាស៊ីនគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចសម្រាប់ប្រទេស ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ លោកថា «ចំណេះដឹងអាចធ្វើជាផ្លូវដែលអាច ធ្វើឱ្យមូលធនមនុស្សកាន់តែប្រសើរឡើង និងជាគុណវុឌ្ឍ ដល់មានសារៈសំខាន់សម្រាប់វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ច។ ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការប្រែក្លាយ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទៅជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ២០៣០ ការអប់រំ បានក្លាយជាអាទិភាពចម្បង»។
អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ទៀតថា តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងបន្តការងារកសាងក្តាខៀនកិត្តិយសបន្តែមទៀតរហូតសម្រេចបានលទ្ធផល១០០%ក្នុងក្រុងឧដុង្គម៉ែជ័យ។ ជាងនេះនៅតាមសាលាបឋមសិក្សាផ្សេងៗ ក៏ត្រូវតែកសាងឡើងដូចគ្នាទៅតាមជំនួយពីសប្បុរសជន បន្ថែមទៀតដើម្បីជាការលើកកម្ពស់គុណភាពលើវិស័យអប់រំ៕





































