អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីណែនាំ និងពង្រឹងការអនុវត្តច្បាប់បទបញ្ជា របស់រាជរដ្ឋាភិបាល
26-02-2026 14:32
(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅព្រឹកទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ (A) ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងទាំង៣, អភិបាលក្រុង ស្រុកទាំង៩, លោកនាយក-នាយករងរដ្ឋបាលសាលាខេត្ត, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីណែនាំ និងពង្រឹងការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅ លើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជំរុញផែនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តរតនគិរី។
តាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែកុម្ភៈ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ដែលលើកឡើងដោយលោកវ៉ាន់ សោភា អភិបាលរងខេត្ត បានបង្ហាញថា បទល្មើសព្រហ្មទណ្ឌ (បទឧក្រឹដ្ឋ និងបទមជ្ឈឹម) កើតឡើងចំនួន ០៥ លើកដែលរួមមាន រំលោភ សេពសន្ធវៈ ០៣លើក, លួច០១លើក និងឆក់០១
លើក បើធៀបនឹងខែមករា ឆ្នាំ២០២៦ មាន ការកើនឡើងចំនួន ០២លើក។
កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បង្ក្រាបបានតែចំនួន ០៤លើក (នៅសល់ ០១លើក) ឃាត់មនុស្សបាន ០៥នាក់ និងបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្ត។ បញ្ហាក្មេងទំនើង បានកើតឡើងចំនួន ០២លើក ឃាត់ខ្លួនមនុស្សបាន ០៤នាក់ (អនុវត្តន៍ច្បាប់ ចំនួន ០១លើក មនុស្ស ០២នាក់ និងអនុវត្តន៍វិធានការអប់រំចំនួន ០១លើក មនុស្ស ០២នាក់)។
ល្បែងស៊ីសងខុសច្បាប់ បង្ក្រាបបានចំនួន ០១លើក មនុស្ស ០១នាក់ (អនុវត្តន៍វិធានការច្បាប់)។ បទល្មើសគ្រឿងញៀន បង្ក្រាបបាន ០៦លើក (ករណីជួញដូរ ០៥លើក ប្រើប្រាស់ ១លើក) ឃាត់ខ្លួនជនសង្ស័យបាន ១៣មុខសញ្ញា មុខសញ្ញា ដកហូតវត្ថុតាងរួមមាន៖ ដកហូតវត្ថុតាងថ្នាំញៀនមេតំហ្វេតាមីន (អាយ) ចំនួន២៦កញ្ចប់ ទម្ងន់ ៣៥,៤ក្រាម ,ម៉ូតូ ០២គ្រឿង ,ទូរស័ព្ទដៃ ១០គ្រឿង និងដាវ ០២ដើម។
បើកគណនីសម្អាតប្រាក់ ១ករណី បង្ក្រាបបានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធ នឹងថ្នាំញៀនចំនួន ០២កញ្ចប់ ដែលមានទម្ងន់ ៣២,៨៣ក្រាម។ ការងារចរាចរណ៍ គ្រោះថ្នាក់កើតឡើង ២/៤លើក បើធៀបនឹងខែមករា ឆ្នាំ២០២៦ ថយចុះ ២ លើក គ្រោះថ្នាក់ រវាងម៉ូតូ និងម៉ូតូសណ្តោងរ៉ឺម៉ក ១លើក ម៉ូតូ និងម៉ូតូ ១លើក បណ្តាលឲ្យស្លាប់១នាក់ របួសធ្ងន់ ៤នាក់ របួសស្រាល ១នាក់ ខូចខាត ម៉ូតូ ៤គ្រឿង និងរ៉ឺម៉ក ១គ្រឿង។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ។
លោកក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំ យកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងពង្រឹងការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យបានល្អប្រសើរ៕














