នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានផ្លាស់ដោយបង្ខំ ឲ្យទៅបម្រើការងារនៅមន្ទីរអប់រំខេត្តតាកែវ
26-02-2026 14:27
(តាកែវ)៖ លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្លាស់ប្ដូដោយបង្ខំឲ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។
លិខិតរបស់លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានរកឃើញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។
រដ្ឋមន្រ្តីក្រសួងអប់រំ បានសម្រេចថា
*ទី១៖ ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ឱ្យទៅបម្រើការងារនៅអង្គភាពក្រោម ឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ
*ទី២៖ បង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវិទ្យាល័យ «ជាស៊ីមតាកែវ» ដែលដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាថ្មី
*ទី៣៖ លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ចំនួន ៣៤,១១២,៦០០រៀល ចូលថវិកាសាលា។
លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានប្រាប់ Fresh News ឲ្យដឹងថា ពិតជាមានការផ្លាស់ប្ដូនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ពិតប្រាកដមែន ហើយករណីនេះគឺយោងទៅតាមលិខិតរបស់ក្រសួងអប់រំ និងមានការពិភាក្សាជាមួយអភិបាលខេត្ត និងអភិបាលរងខេត្តទទួលបន្ទុក ដោយសម្រួលភាកិច្ចលោក ទ្រី ឆាយ ឲ្យមកបម្រើការងារនៅមន្ទីរអប់រំ។
បើតាមលោកប្រធានមន្ទីរអប់រំ, ការផ្លាស់ប្ដូលោកនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» គឺពាក់ព័ន្ធទៅនិងនីតិវិធី នៃការប្រើប្រាស់ថវិការរបស់សាលា៕











