ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO រួមគ្នាអនុវត្តគម្រោង SCALE+
26-02-2026 13:39
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអង្គការ FAO រួមគ្នាអនុវត្តគម្រោង «ការកសាងភាពធន់អាកាសធាតុសម្រាប់សហគមន៍នៅក្នុងតំបន់ការពារទេសភាពប្រទេសកម្ពុជាដែលមានមេត្រីភាពជាមួយប្រព័ន្ធជីវៈចម្រុះ ដំណាំ និងការចិញ្ជឹមសត្វ សម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (SCALE+)»។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថានមាន ក្រោមអធិបតីលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបបរិស្ថាន និងលោកស្រី Ms. Rebekah Bell, តំណាង FAO Cambodia និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន ក្រសួងកសិកម្ម ដៃគូរអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងតំណាងមន្ទីបរិស្ថាន មន្ទីរកិច្ចការនារី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប ប្រមាណ២៨៩នាក់។
គម្រោងនេះត្រូវបានអនុម័តដោយប្រធាននៃមូលនិធិបរិស្ថានសាកល (Global Environment Facility GEF) ក្នុងទឹកប្រាក់ចំនួន ៩លានដុល្លារ ពី GEF តាមរយៈអង្គការ FAO ដែលក្នុងនេះក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកអនុវត្តដោយមានរយៈពេល៥ឆ្នាំ ក្នុងគោលបំណង ពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុរបស់សហគមន៍មូលដ្ឋាន ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅ នៅក្នុងតំបន់ការពារទេសភាព ដែលមានសង្គត់ភាពជាមួយគោលបំណងអភិរក្សជីវៈចម្រុះដោយផ្តោតលើតំបន់ដែនជម្រកសត្វព្រៃបឹងពែរ និងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលមានភូមសាស្ត្រស្ថិតនៅខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ៕




























