FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ បើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល» ជូនមន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៦

26-02-2026 12:22

(ពោធិ៍សាត់)៖ លោក ទូច គឹមហ៊ុយ ជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាជនបង្គោលបណ្តុះបណ្តាលកម្មវិធីឌីជីថល នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលប្រជុំមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល» ជូនមន្ត្រីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចំនួន៦ ដែលក្នុងនោះរួមមានខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី។

លោក អ៊ូ​ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ថ្ងៃនេះជាទិវាដ៏មានកិត្តិយស និងអត្តន័យជ្រាលជ្រៅបំផុត សម្រាប់មន្ទីរ ប.ទ. ខេត្តពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួង ប្រគល់ទំនុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល» សម្រាប់មន្ទីរ ប.ទ. ខេត្តចំនួន៦។ សិក្ខាសាលានេះមិនត្រឹមតែជាកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈនយោបាយ ដ៏មុតមាំរបស់ក្រសួងប្រៃសណីយ៍និ ងទូរគមនាគមន៍ ក្នុងការបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ និងបម្លែងរដ្ឋាភិបាលឆ្ពោះទៅរករដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលយកការកែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ជាស្នូល។

លោកបន្តថា ក្នុងបរិបទបច្ចុប្បន្ន សេវាសាធារណៈមិនអាចបន្តអនុវត្តតាមបែបប្រពៃណី ដែលចំណាយពេលយូរ មាននីតិវិធីស្មុគស្មាញ និងងាយប្រឈមនឹងហានិភ័យ នៃអំពើមិនប្រក្រតីឡើយ។ ការផ្លាស់ប្ដូរទៅជាប្រព័ន្ធឌីជីថល គឺជាការផ្លាស់ប្តូរវប្បធម៌ការងារ ពីរដ្ឋបាលផ្អែកលើឯកសារ ក្រដាស ទៅរដ្ឋបាលផ្អែកលើទិន្នន័យ និងបច្ចេកវិទ្យា ដែលផ្ដល់ភាពរហ័ស ត្រឹមត្រូវ តម្លាភាព និងអាចត្រួតពិនិត្យបាន។

លោក ទូច គឹមហ៊ុយ ជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាជនបង្គោលបណ្តុះបណ្តាលកម្មវិធីឌីជីថល បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកចូលរួម ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល» នាឱកាសនេះ។ លោកបន្តថា វត្តមានរបស់បងប្អូនមន្ត្រីយើងទាំងអស់គ្នា បញ្ជាក់ឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងការចង់អភិវឌ្ឍសមត្ថភាពខ្លួនឯង ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា។

លោក ទូច គឹមហ៊ុយ បានជម្រាបជូនថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញយ៉ាងខ្លាំងនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល»។ ក្នុងនាមយើងជាមន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ យើងគឺជា «ឆ្អឹងខ្នង» និងជាអ្នកដើរតួអង្គយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយនេះនៅមូលដ្ឋាន។

ជាការពិតណាស់ ការប្តូរពីការផ្តល់សេវាបែបក្រដាសស្នាម មកជាសេវាឌីជីថល មិនមែនគ្រាន់តែជាការធ្វើទំនើបកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជួយ៖ បង្កើនប្រសិទ្ធភាពការងារ បានលឿន និងកាត់បន្ថយការយឺតយ៉ាវ, មានតម្លាភាព ក្នុងការផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ដែលមកទទួលសេវា និងមានភាពងាយស្រួល ក្នុងការកាត់បន្ថយការធ្វើដំណើរ និងការចំណាយមិនចាំបាច់របស់ពលរដ្ឋ។

លោកបានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនសិក្ខាកាមទាំងអស់ ក្នុងរយៈពេលនៃសិក្ខាសាលានេះ ត្រូវយកចិត្តទុកដាក់ស្ដាប់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស, សាកសួរ និងពិភាក្សា ឱ្យបានផុសផុលនូវរាល់បញ្ហាប្រឈមដែលបងប្អូនធ្លាប់ជួបប្រទះ ពេលចុះអនុវត្តផ្ទាល់ និងហាត់អនុវត្តជាក់ស្តែង លើប្រព័ន្ធឱ្យបានស្ទាត់ជំនាញ ដើម្បីក្លាយជាគ្រូបង្គោល សម្រាប់បន្តពន្យល់ដល់សាធារណជន។

ជាថ្មីម្តងទៀត លោកសូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំ និងគ្រូឧទ្ទេស ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្តរៀបចំសិក្ខាសាលានេះឡើង និងសូមជូនពរ អស់លោក លោកស្រី និងបងប្អូនមន្ត្រីទាំងអស់ មានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងការងារ ព្រមទាំងប្រកាសបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធសេវាសាធារណៈឌីជីថល» ចាប់ពីពេលនេះតទៅ៕