រដ្ឋមន្ត្រី ហួត ហាក់៖ រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងសមត្ថភាពអ្នកប្រកបមុខរបរ
26-02-2026 11:36
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ ការចុះឈ្មោះតាមថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះទទួលយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Skill Voucher) ក្នុងវិស័យទេសចរណ៍ ដែលរាជរដ្ឋាភិបាលបានកំណត់យកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាសសរស្ដម្ភមួយយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចកម្ពុជា ព្រោះសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិងកំពុងបង្កើតការងារប្រមាណជាង៨៥% សម្រាប់ប្រជាពលរដ្ឋខ្មែរ។
ក្នុងពិធីមានការអញ្ជើញចូលរួមពីលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍, លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, លោក គី សុខគីម នាយកប្រតិបត្តិនៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងលោក លោកស្រី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គសិក្ខាសាលា ប្រមាណជាង២,០០០នាក់។
ក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងបន្តថា រាជរដ្ឋាភិបាល បន្តបង្កើនការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការពង្រឹងសមត្ថភាព, ភាពប្រកួតប្រជែង និងភាពធន់ នៃមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាកម្លាំងចលករដ៏សំខាន់ និងប្រកបដោយសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម ជាពិសេសការគិតគូរផ្តល់ភាពកក់ក្តៅជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានកញ្ចប់អត្ថប្រយោជន៍ និងកិច្ចអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងអនាគតរបស់បងប្អូន តាមរយៈការបង្កើតឱកាសមុខរបរ, ការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ។
ដើម្បីអាចផ្ដល់ឧត្ដមប្រយោជន៍ជាអតិបរមាជូនដល់បងប្អូននៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរច្បាស់លាស់ និងបានផ្តល់អាទិភាព លើការកសាងមូលដ្ឋានទិន្នន័យ នៃអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានច្បាស់លាស់ ដែលជាចំណុចគន្លឹះសម្រាប់ការវិភាគ និងជាមូលដ្ឋានសម្រាប់ការរៀបចំយន្តការគាំទ្ររបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងស្ថាប័នជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព ក្នុងនោះរាជរដ្ឋាភិបាល បានបង្កើត និងដាក់ឱ្យដំណើរការថ្នាលឌីជីថល សម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឥតបង់ថ្លៃ និងដោយស្ម័គ្រចិត្ត និងការចុះឈ្មោះដោយផ្អែកលើព័ត៌មាន តាមរយៈការធ្វើស្វ័យប្រកាស ដែលមានទម្រង់សាមញ្ញ ងាយស្រួល និងចំណេញពេលវេលា។
ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ក្រុមការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍, លេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទាំង២៤, មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥, សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ, កម្លាំងចិត្ត, ប្រាជ្ញា ស្មារតី, និងពេលវេលា, ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការជំរុញការចុះឈ្មោះតាមថ្នាលឌីជីថល សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការចុះឈ្មោះយកបណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងវិស័យទេសចរណ៍។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា មានជឿជាក់យ៉ាងមុតមាំថា ការរួមចំណែករបស់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់នៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យនានា នឹងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៅក្នុងទីផ្សារការងារលើគ្រប់វិស័យ ប្រកបដោយស័ក្តិសិទ្ធិភាព, ប្រសិទ្ធភាព និងចីរភាព ជាពិសេសដើម្បីធានាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែមានលទ្ធភាព, កាន់តែធំធាត់រីកចម្រើន និងកាន់តែមានសក្តានុពល ដើម្បីចូលរួមចំណែកឱ្យបានពេញលេញ ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល៕















