សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងប្រាប់ AFP ថា មជ្ឈមណ្ឌលឆបោកកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា (Video inside)
26-02-2026 10:17
(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថាមជ្ឈមណ្ឌលឆបោកបាន និងកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អ ប៉ុន្តែសម្ដេចបានច្រានចោលរាល់ការចោទប្រកាន់ដែលថារដ្ឋាភិបាលបានសមគំនិត ឬបានចូលរួមជាមួយមជ្ឈមណ្ឌលឆបោកទាំងអស់នោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សម្ដេចធិបតីធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ ក្នុងបទសម្ភាសន៍នោះ សម្ដេចធិបតីបានកត់សម្គាល់ទៀតថា «បណ្ដាញឆបោកដែលយើងហៅថាសេដ្ឋកិច្ចខ្មៅកំពុងបំផ្លាញសេដ្ឋកិច្ចដ៏បវររបស់យើង ហើយវាក៏បានធ្វើឱ្យកម្ពុជាមានឈ្មោះមិនល្អផងដែរ ដោយធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ។ នេះហើយជាហេតុផលដែលត្រូវចាំបាច់ត្រូវកម្ចាត់បណ្ដាញឆបោក»។
ថ្លែងដោយឥតលាក់លៀម សម្ដេចធិបតីបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកពិតជាបានជំរុញដោយប្រយោលដល់សកម្មភាពធុរកិច្ច និងផ្ដល់ការងារធ្វើមួយចំនួនពិតមែន ប៉ុន្តែសម្ដេចបានបដិសេធថាកម្ពុជាមិនបានទទួលផលប្រយោជន៍ពីមជ្ឈមណ្ឌលឆបោកនោះទេ។ «ជាការពិតណាស់ មជ្ឈមណ្ឌលឆបោកប្រហែលជា បានបង្កើតលទ្ធផលដោយផ្ទាល់មួយចំនួនដល់វិស័យអចលនទ្រព្យ ការវិនិយោគមួយចំនួន អគារ ការទិញ និងរបៀបបង្កើតមជ្ឈមណ្ឌលឆបោក។ ក៏ប៉ុន្តែទាំងអស់នេះមិនបានផ្ដល់ផលចំណេញដល់រដ្ឋាភិបាលកម្ពុជាឡើយ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី។
ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងមេឧក្រិដ្ឋជនឆបោក Chen Zhi សម្ដេចធិបតីប្រាប់ AFP នាឱកាសបំពេញទស្សនកិច្ចក្នុងទីក្រុងព្រុចសែល ថា «យើងមិនបានដឹងថាគាត់ (Chen Zhi) ជាមេឧក្រិដ្ឋជនឆបោកនោះទេ»។
សម្ដេចធិបតីក៏បន្ថែមដែរថា ធ្វើបត្យាប័ន Chen Zhi ទៅកាន់ចិន មិនមែនទៅកាន់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ជាផ្លូវការប្រឆាំងមេឧក្រិដ្ឋជនឆបោករូបនេះ គឺដោយសារតែរូបគេជាជនជាតិចិន។ តាមសម្ដេចធិបតី Chen Zhi ត្រូវបានដកហូតសញ្ជាតិកម្ពុជា បន្ទាប់ពីមេឧក្រិដ្ឋជនឆបោករូបនេះប្រើប្រាស់ ឯកសារក្លែងក្លាយដើម្បីទទួលបានសញ្ជាតិ។ ដូច្នេះធ្វើឱ្យរូបគេនៅសល់តែសញ្ជាតិចិនប៉ុណ្ណោះដែលតម្រូវកម្ពុជាត្រូវធ្វើបត្យាប័នជននេះ ទៅកាន់ប្រទេសដើមរបស់លោក៕
