FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជំនួយការផ្ទាល់សម្តេចតេជោ និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត មកប្រគល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បន្តឧបត្ថម្ភគាំទ្រដល់វីរកង​ទ័ពជួរមុខ និងចែកជូនដល់ពលរដ្ឋភៀសសឹក

25-02-2026 20:03

(ពោធិ៍សាត់)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមានអង្ករ ចំនួន១០តោន និងទឹកបរិសុទ្ធ ចំនួន១០០កេស មកប្រគល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បន្តឧបត្ថម្ភគាំទ្រដល់វីរកង​ទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។

ពិធីប្រគល់-ទទួលអំណោយខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការទទួលស្វាគមន៍ ពីសំណាក់ លោក អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្ត, លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីមួយចំនួនទៀត។

លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព បានឱ្យដឹងថា អំណោយទាំងនេះ គឺជាសេចក្តីសប្បុរស និងការគិតគូរជាប្រចាំពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយបងប្អូនកងទ័ព និងប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។ លោកបានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាព របស់កងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ ទោះក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

លោកក៏បានផ្តាំផ្ញើនូវប្រសាសន៍សាកសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ពីថ្នាក់ដឹកនាំ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន ដោយបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារ ដោយយើងមិនបានដឹងនោះឡើយ។

នាមជាប្រធានក្រុមសេនាតេជោសន្តិភាព លោក កែវ ផុង បានសង្កត់ធ្ងន់លើតម្លៃនៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងការរស់រានមានជីវិតរបស់ប្រជាជនគ្រប់រូប។ លោកក៏បានជំរុញឱ្យអាជ្ញាធរខេត្តពោធិ៍សាត់ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបែងចែកអំណោយទាំងនេះ ឱ្យដល់ដៃបងប្អូនដែលកំពុងខ្វះខាតពិតប្រាកដ និងទាន់ពេលវេលា ដើម្បីសម្រាលទុក្ខលំបាក និងពង្រឹងស្មារតីប្រយុទ្ធការពារជាតិមាតុភូមិ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាង លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការគោរពដឹងគុណយ៉ាងស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលតែងតែផ្ដល់នូវក្ដីមេត្តាករុណា និងការគិតគូរខ្ពស់ ចំពោះសុខទុក្ខរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់។

លោក អ៊ុយ សុធាវី បានបញ្ជាក់ថា អង្ករ ចំនួន១០តោន និងទឹកបរិសុទ្ធ ចំនួន១០០កេសនេះ គឺជាជំនួយដ៏មានតម្លៃ និងទាន់ពេលវេលាបំផុត ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់វីរកងទ័ពជួរមុខ ដែលកំពុងការពារព្រំដែន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបការលំបាក។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានសន្យាថានឹងនាំយកអំណោយដ៏ថ្លៃថ្លាទាំងនេះ ទៅបែងចែកជូនដល់គោលដៅឱ្យបានត្រឹមត្រូវ តម្លាភាព និងដល់ដៃអ្នកដែលត្រូវការចាំបាច់បំផុត ដោយមិនទុកឱ្យនរណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។ លោកបានលើកឡើងថា កាយវិការដ៏សប្បុរសនេះ បានសបញ្ជាក់ពីស្មារតី "ខ្មែរជួយខ្មែរ" និងទំនុកចិត្តយ៉ាងរឹងមាំរបស់ប្រជាជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោកអភិបាលរងខេត្ត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងលោក កែវ ផុង និងសហការីទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕