FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ែន បូណា៖ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង

25-02-2026 19:42

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានគោលដៅបណ្តុះកូនខ្មែរឱ្យខ្លាំង តាមរយៈការជ្រើសរើសមុំទី១ ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍មូលធនមនុស្ស។

បាឋកថា ស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» បានរៀបចំឡើង នៅសាកលវិទ្យាល័យអាស៊ីអឺរុប នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអាស៊ីអឺរុប គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរុបសរុបជាង ៣០០នាក់។

លោក ប៉ែន ប៉ុណ្ណា បានមានប្រសាសន៍បន្តទៀតថា ដើម្បីឱ្យសង្គមបោះជំហានទៅមុខពីមួយជំនាន់ទៅមួយជំនាន់ ទាមទារឱ្យយុវជនស្រករក្រោយត្រូវតែមានសមត្ថភាពខ្លាំងទាំងចំណេះជំនាញ ទាំងសីលធម៌ក៏ល្អ និងសុខភាពក៏រឹងមាំទាំងផ្លូវកាយនិងផ្លូវចិត្ត។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានលើកទឹកចិត្តឱ្យនិស្សិតចាប់យកឱកាសដែលថ្នាក់ដឹកនាំ រៀមច្បងជំនាន់មុនបានខិតខំពុះពារការលំបាកគ្រប់យ៉ាង ប្រកបដោយការលះបង់ខ្ពស់ដើម្បីបង្កើតបរិយាកាសអំណោយផលគ្រប់បែបយ៉ាងដល់យុវជនជំនាន់ក្រោយ ដូចជា សាលារៀនមានគ្រប់ទីកន្លែង ចំណីអាហារសម្បូរបែប សម្លៀកបំពាក់ល្អ មធ្យោបាយធ្វើដំណើរក៏មានគ្រប់គ្រាន់។

លោកមានប្រសាសន៍បន្ថែមថា«ដូច្នេះ នៅសល់តែម្យ៉ាងគត់ គឺការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់ក្មួយៗនិស្សិតគ្រប់រូបដើម្បីក្លាយជាមូលធនមនុស្សដ៏ពូកែសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ក្នុងគ្រួសារមួយ ក៏ដូចជាក្នុងសង្គមទាំងមូលដែរ ដើម្បីឱ្យគ្រួសារឬសង្គមបោះជំហានទៅមុខ ទាល់តែមនុស្សជំនាន់ក្រោយដើរឱ្យបានឆ្ងាយជាងមនុស្សជំនាន់មុន»។

ទន្ទឹមគ្នានេះ លោក៏មិនភ្លេចដែក្នុងការរម្លឹកពីអតីតកាលដ៏ជូរចត់នៃប្រទេសជាតិក្នុងសម័យសង្គ្រាម និងជាពិសេសរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលប្រទេសជាតិរងការបំផ្លិចបំផ្លាញគ្មានសល់ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ។ ប៉ុន្តែ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកសាងប្រទេសឱ្យរីកលូតលាស់ខ្លាំងដូចសព្វថ្ងៃដែលផ្តល់ឱកាសអំណោយផលយ៉ាងខ្លាំងដល់យុវជនជំនាន់ក្រោយ។

សូមជម្រាបថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕