FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)

25-02-2026 18:02

(ភ្នំពេញ)៖ នៅទីស្ដីការក្រសួង នាព្រឹកថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Nianshan Zhang អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណៈប្រតិភូ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារស្ដីពីអាទិភាពអភិវឌ្ឍន៍ និងបញ្ហាប្រឈមក្នុងវិស័យធនធានទឹកនៅកម្ពុជា។

ក្នុងកិច្ចជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោក Nianshan Zhang ដែលត្រូវបានតែងតាំងជាអគ្គនាយកថ្មី ព្រមទាំងបានថ្លែងអំណរគុណដល់ ADB ដែលជានិច្ចកាលតែងតែផ្ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងធនធានទឹក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។

លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូអំពី យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់យក «ទឹក» ជាវិស័យអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពទាំង៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងធនធានទឹកមានតួនាទីដ៏សំខាន់សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចពហុវិស័យ មិនមែនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ដែលក្នុងនោះក្រសួងកំពុងខិតខំដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាឱ្យបាននូវ «សន្តិសុខទឹក» ជាអតិបរមា ជាពិសេសការឆ្លើយតបទៅនឹងបញ្ហាខ្វះខាតទឹកក្នុងរដូវប្រាំង។

តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនាពេលកន្លងមក និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីកសាងទំនាក់ទំនងវិជ្ជមាន និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំជាមួយក្រសួងធនធានទឹក និងឧតុនិយម ទាក់ទងនឹងការវិនិយោគបច្ចុប្បន្ន និងអនាគត ជាពិសេសការស្វែងយល់កាន់តែស៊ីជម្រៅពីអាទិភាព និងបញ្ហាប្រឈមសំខាន់ៗរបស់ក្រសួង។

សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងវិនិយោគមួយចំនួន ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលរួមមាន៖ ទី១.គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC) ទី២.គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(IAIP) ទី៣.គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និងទី៤.គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានចម្រុះជំហានពីរ(SIWRMP) ដែលផ្តោតលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន៕