ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ជនបរទេសជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams (Video inside)
25-02-2026 17:57
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ មានជនបរទេសជាង៣ម៉ឺននាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធ Online Scams និងបានបញ្ជូនទៅប្រទេសដើមកំណើត។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីកម្ពុជា គ្មាន អំពើជួញដូរមនុស្ស និងគ្មានអំពើឆបោកតាមអនឡាញ» នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្ត្រី ស សុខា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈការបង្ការទប់ស្កាត់ និងការចុះបង្ក្រាបបោកសម្អាត Scams Online មកដល់ម៉ោងនេះ យើងមានប្រមាណជាង២១ម៉ឺននាក់ បានចាកចេញដោយស្ម័គ្រចិត្ដពីកម្ពុជា និងប្រមាណជាង៣ម៉ឺននាក់ ត្រូវបណ្ដេញចេញ ចាប់បញ្ជូនទៅប្រទេសដើមកំណើតវិញ»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានសម្ដែងនូវការអរគុណ ចំពោះបណ្ដាឯកអគ្គរដ្ឋទូតនៅក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្របសម្រួល និងទទួលយកនូវជនជាតិរបស់ខ្លួន ដើម្បីបញ្ជូនទៅប្រទេសដើមកំណើត៕



