គិតត្រឹមឆ្នាំ២០២៥ កម្មវិធីផ្ដល់អាហារតាមសាលារៀន បានគ្របដណ្តប់សាលាបឋមសិក្សាគោលដៅជាង ១ ១០០សាលា មានសិស្សប្រមាណ ៣០ម៉ឺននាក់កំពុងទទួលផល (Video inside)
25-02-2026 17:42
(កំពង់ឆ្នាំង)៖ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា គិតមកដល់ឆ្នាំ២០២៥ កម្មវិធីផ្តល់អាហារតាមសាលារៀននៅកម្ពុជា មានសាលារៀនគោលដៅចំនួន ១ ១១៤សាលា នៅក្នុងខេត្តចំនួន ១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០ ០០០នាក់។
កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩មក ដោយមានការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងគោលបំណងលើកកម្ពស់ អាហារូបត្ថម្ភកុមារ កាត់បន្ថយអត្រាបោះបង់ការសិក្សា និងបង្កើនការចូលរៀននៅតំបន់ជនបទ តំបន់មានអត្រាភាពក្រីក្រខ្ពស់ និងងាយរងគ្រោះខ្លាំង។
លោកបណ្ឌិត ចន ណារិទ្ធ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក និងស្របតាមផែនការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម, កម្មវិធីនេះ ត្រូវបានផ្ទេរការគ្រប់គ្រងការអនុវត្តជាបណ្តើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោក មកក្រោមការដឹកនាំអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡាវិញ។
លោកបណ្ឌិតបានលើកឡើងថា កាលឆ្នាំ២០២៣ រាជរដ្ឋាភិបាលសម្រេចទទួលយកសាលាគោលដៅ មកក្រោមការគ្រប់គ្រងអនុវត្តរបស់ក្រសួងអប់រំបានចំនួន ៤២៧សាលា ក្នុងខេត្តចំនួន ១០រួមមាន៖ សៀមរាប កំពង់ធំ ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងឧត្តរមានជ័យ ដែលមានសិស្សទទួលផលចំនួន ១១០ ៦៤៥នាក់។
ជាមួយគ្នានេះដែរ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះបានថ្លែងថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផល ក្នុងសហគមន៍មានគោលបំណងទ្រទ្រង់ ការលូតលាស់កាយសម្បទា និងបញ្ញា ស្មារតីក្នុងការទទួលយកការសិក្សាតាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតំបន់ ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយ អត្រាបោះបង់ការសិក្សានៅបឋមសិក្សាផងដែរ។
ជារួមកម្មវិធីផ្ដល់អាហារតាមសាលារៀនបាននឹងកំពុងផ្ដល់អាហារូបត្ថម្ភ ដល់កុមារគ្រប់អាយុចូលរៀន នៅតាមសហគមន៍ នៅតាម គ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះដែលកំពុងប្រឈមនឹងអសន្តិសុខស្បៀង។ ក្រៅពីនេះវាក៏រួមចំណែកជំរុញការចូលរៀនប្រកបដោយសមធម៌ ពង្រឹង ប្រសិទ្ធភាព និងគុណភាពអប់រំ និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអនុវត្តយុទ្ធសាស្ត្ររួមនៃការផ្ទេរ-ទទួល ឆ្ពោះទៅកាន់កម្មវិធី ជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយគ្រោងនឹងទទួលយកសាលាគោលដៅពីកម្មវិធីស្បៀងអាហារពិភពលោកមកដាក់ជាកម្មវិធីជាតិត្រឹមឆ្នាំ២០២៨។
ការផ្ទេរការអនុវត្តមកជាកម្មវិធីជាតិនេះបានបង្ហាញពីការកើនឡើងនៃសមត្ថភាពជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធានានិរន្តរភាពរបស់កម្មវិធីក្នុងរយៈពេលវែង។ ក្នុងគោលដៅបន្តចូលរួមចំណែកជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា៕










