FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ក្រុមនិស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានទទួលជ័យជម្នះជាក្រុមជ័យលាភីលេខ១ ក្នុងវគ្តជម្រុះថ្នាក់ជាតិ (National Champion) នៃការប្រកួតតុលាការប្រឌិតនីតិអន្តរជាតិ Philip C. Jessup International Law Moot Court 2026

25-02-2026 17:20

(ភ្នំពេញ)៖ ក្រុមនិស្សិត AUPP នឹងត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី Washington D.C. សហរដ្ឋអាមេរិក ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកួតជុំអន្តរជាតិ White & Case International Rounds ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។

សូមបញ្ជាក់ថាការប្រកួតតុលាការប្រឌិតនីតិអន្តរជាតិ Philip C. Jessup International Law Moot Court គឺជាការប្រកួតប្រជែងតុលាការផ្នែកនីតិអន្តរជាតិសាធារណៈដ៏ធំបំផុតរបស់ពិភពលោក ដែលមានការចូលរួមពីនិស្សិតជាង ៣០០០ នាក់ និងតំណាងសាកលវិទ្យាល័យច្បាប់ជាង ៧០០ មកពីជាង ១០០ ប្រទេសនៅទូទាំងពិភពលោក នៅក្នុងឆ្នាំ ២០២៦ នេះ។ ការប្រកួតប្រជែងនេះគឺយកតម្រាប់តាមគំរូតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាស្ថាប័នតុលាការកំពូលអន្តរជាតិនៃអង្គការសហប្រជាជាតិ (UN)។ រូបភាពនៃការប្រកួតប្រជែងគឺក្រុមនិស្សិតច្បាប់តំណាងប្រទេសនីមួយៗប្រកួតប្រជែងគ្នាទៅវិញទៅមក ដោយដើរតួជារដ្ឋភាគីជម្លោះក្នុងសវនាការរបស់ ICJ តាមរយៈការបកស្រាយដេញដោលដោយផ្ទាល់មាត់ និងរៀបចំឯកសារជាលាយលក្ខណ៍អក្សរដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន នៅក្នុងនីតិអន្តរជាតិសាធារណៈ។

យោងតាមគេហទំព័រផ្លូវការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) បានឱ្យដឹងថា វគ្តជម្រុះថ្នាក់ជាតិនៃការប្រកួតតុលាការប្រឌិតនីតិអន្តរជាតិ Philip C. Jessup បានប្រព្រឹត្តទៅកាលពីថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០២៦។ មុនទទួលបានជ័យលាភីនេះ ក្រុមនិស្សិត AUPP បានប្រកួតប្រជែងយ៉ាង ស្វិតស្វាញ រហូតទទួលបានជ័យជម្នះលើក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។

ក្រុមនិស្សិតតំណាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលចូលរួមក្នុងការប្រកួតរួមមាន៖ និស្សិត ឈុំ នរៈនន្រ្ទ (ប្រធានក្រុម), និស្សិត តាន់ រតនាលតា, និស្សិត សែ ឈុនលីម, និស្សិត អ៉ឹង ទេពីបញ្ចពណ៌, និងនិស្សិត ព្រហ្ម សុវណ្ណនិតា។ បន្ថែមពីលើនេះ ក្រុមត្រូវបានដឹកនាំដោយ លោកសាស្រ្តាចារ្យ កែវ សុទ្ធិ (គ្រូបង្វឹក) និងក្រុមប្រឹក្សាក្រុម៖ និស្សិត ហេង សិរីមង្គល (អ្នកគ្រប់គ្រងក្រុម), និស្សិត ញ៉ែត វិចិត្រនាថ, និស្សិត អុប សញ្ជាតា, និងនិស្សិត ទូច ស៊ូហុង។

ក្រៅពីការទទួលបានពានជ័យលាភីថ្នាក់ជាតិនេះ ក្រុមនិស្សិតខាងលើនេះក៏បានទទួលពានរង្វាន់ដូចជា៖

* រង្វាន់ជ័យលាភី «សារណាលាយលក្ខណ៍អក្សរ នៃរដ្ឋភាគីដើមបណ្ដឹង ដែលល្អបំផុត»
*រង្វាន់ជ័យលាភី «សារណាលាយលក្ខណ៍អក្សរសរុប ទាំងរដ្ឋភាគីដើមបណ្ដឹងនិងឆ្លើយតប ដែលល្អបំផុត»។
*និស្សិត AUPP ក៏ទទួលបាននូវរង្វាន់ជ័យលាភីឯកត្តជន លើការថ្លែងការណ៍ផ្ទាល់មាត់ផងដែរ ដែលរួមមាន៖
*ជ័យលាភី «អ្នកថ្លែងការណ៍ល្អបំផុត» បានទៅលើនិស្សិត ព្រហ្ម សុវណ្ណនិតា (Best Oralist)
*ជ័យលាភី «អ្នកថ្លែងការណ៍ល្អលេខ២» បានទៅលើនិស្សិត សែ ឈុនលីម (2nd Best Oralist)
*ជ័យលាភី «អ្នកថ្លែងការណ៍ល្អលេខ៣» បានទៅលើនិស្សិត អ៉ឹង ទេពីបញ្ចពណ៌ (3rd Best Oralist)
*ចំណាត់ថ្នាក់អ្នកថ្លែងការណ៍លេខ៤ គឺនិស្សិត តាន់ រតនាលតា។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមនិស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនអស់រយៈពេល ៦ (ប្រាំមួយ) ខែកន្លងទៅ រហូតទទួលបានលទ្ធផលប្រកបដោយមោទនភាពនាពេលនេះ។ សាកលវិទ្យាល័យបានសង្ឃឹមថា លទ្ធផលទាំងនេះនឹងជំរុញទឹកចិត្តឲ្យសិស្សនិស្សិតជំនាន់ក្រោយខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំង ដើម្បីទទួលបាននូវលទ្ធផលកាន់តែល្អក្នុងការប្រកួតប្រជែងកម្រិតអន្តរជាតិ នាំមកនូវកិត្តិយសជូនជាតិ នាឆ្នាំខាងមុខបន្តទៀត៕