រដ្ឋមន្ត្រី ឈាង រ៉ា ជំរុញឲ្យមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណនៃក្រសួងសុខាភិបាល ពង្រឹងការងារថែរក្សា និងអភិរក្សរុក្ខជាតិឱសថបន្ថែមទៀត
25-02-2026 16:40
(កំពង់ស្ពឺ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញឲ្យមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណនៃក្រសួងសុខាភិបាល ពង្រឹងការងារថែរក្សា និងអភិរក្សរុក្ខជាតិឱសថបន្ថែមទៀត។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យសួនរុក្ខជាតិឱសថ នៅឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ (គីរីរម្យ) របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ នៃក្រសួងសុខាភិបាល ដើម្បីពិនិត្យវឌ្ឍនភាព នារសៀលថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសចុះពិនិត្យនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ត្រូវខិតខំថែរក្សា និងអភិវឌ្ឍសួនរុក្ខជាតិនេះឱ្យក្លាយជាសួន ពណ៌បៃតង ចម្រុះពណ៌ ដែលមានរុក្ខជាតិឱសថជាច្រើនប្រភេទ ដែលប្រមូលពីគ្រប់ទីកន្លែង ដើម្បីរក្សានូវតម្លៃផ្នែករុក្ខជាតិឱសថបូរាណខ្មែរ ដែលមានដើមកំណើតពីដូនតាជំនាន់មុន ដែលមានប្រាសាទនាគព័ន្ធ តំណាងឱ្យវិស័យសុខាភិបាលខ្មែរនាជំនាន់នោះ។
បន្ថែមពីនេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកមានជំនាញ និងលោកគ្រូអ្នកគ្រូ ដែលមានជំនាញផ្នែករុក្ខជាតិឱសថនេះ ដោយត្រូវចូលរួមជួយគាំទ្រ អភិរក្ស និងថែរក្សារុក្ខជាតិឱសថ ដោយត្រូវរៀបចំចក្ខុវិស័យ ផែនការយុទ្ធសាស្រ្ត និងការដឹកនាំដែលនាំឱ្យកាន់តែមានការរីកចម្រើន ដែលអាចឈានទៅការផលិតជាឱសថ និងផលិតជាគ្រឿងសំអាងនានា ដើម្បីជាអត្ថប្រយោជន៍ដល់សង្គមជាតិ ស្របតាម តម្រូវការបច្ចុប្បន្ន។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា វេជ្ជសាស្ត្របូរាណ (ឱសថ ឫថ្នាំបូរាណ) គឺជាកេរ្តិ៍តំណែលរបស់ជាតិ ហើយជាមរតកដែលមានតម្លៃជាប្រវត្តិសាស្ត្រ តម្លៃប្រពៃណី ដែលយើងទាំងអស់គ្នាត្រូវខិតខំថែរក្សា និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ដោយខិតខំបន្តស្រាវជ្រាវសុីជម្រៅបន្ថែមទៀត។
នាឳកាសនោះថ្នាក់ដឹកនាំ និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ បានប្តេជ្ញាចិត្តរួមគ្នា សហការគ្នា សាមគ្គីគ្នាដើម្បីប្រែក្លាយសួនរុក្ខជាតិឱសថនេះ ឱ្យក្លាយជាសួនចម្រុះពណ៌ ក្នុងការបម្រើជាអត្ថប្រយោជន៍ដល់ និស្សិត អ្នកស្រាវជ្រាវ បម្រើក្នុងផ្នែកវេជ្ជសាស្រ្ត និងជាពិសេសសង្គមជាតិ។
សូមជម្រាបជូនថា សួនរុក្ខជាតិឱសថ (គីរីរម្យ) មានផ្ទៃដីទំហំ ៥ហិចតា ស្ថិតនៅឧទ្យានជាតិ ព្រះសុរាម្រិត-កុសុមៈ គីរីរម្យ ភូមិចាន់ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សួនរុក្ខជាតិនេះ ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សរុក្ខជាតិ ដែលបានកំពុងប្រើប្រាស់ជាឱសថ ក្នុងការថែទាំ និងព្យាបាលជំងឺជាពិសេសរុក្ខជាតិឱសថ ដែលកម្រកំពុងរងការគម្រាមគំហែង និងជិតផុតពូជ និងជាសួនរុក្ខជាតិឱសថគំរូថ្នាក់ជាតិ និងប្រើប្រាស់ជាថ្នាលសម្រាប់ការស្រាវជ្រាវ ទស្សនៈកិច្ចសិក្សារបស់និស្សិត គ្រូបូរាណ និងក្រុមអ្នកស្រាវជ្រាវជាតិ អន្តរជាតិ៕




























