សមរាត្រី (Equinox) ដែលមើលឃើញព្រះអាទិត្យរះចំកំពូលកណ្ដាលអង្គរវត្ត នឹងមកដល់នៅខែក្រោយ
25-02-2026 16:24
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានជូនដំណឹងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនៃសមរាត្រីអង្គរ (Equinox) ដែលនឹងកើតឡើង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាពេលខាងមុខនេះ។
សមរាត្រីអង្គរ (Equinox) គឺជាបាតុភូតធម្មជាតិដ៏អស្ចារ្យដែលកើតឡើងពីរដងក្នុងមួយឆ្នាំ (ចន្លោះថ្ងៃទី២១ដល់២៣ ខែមីនា និងខែកញ្ញា) នៅពេលព្រះអាទិត្យរះត្រង់កំពូលកណ្ដាលនៃប្រាសាទ អង្គរវត្ត បានបង្កើតទិដ្ឋភាពស្រស់ស្អាត និងមានន័យជ្រាលជ្រៅផ្នែកស្ថាបត្យកម្ម និងតារាសាស្ត្រ។
បាតុភូតនេះបង្ហាញពីភាពអស្ចារ្យនៃការគណនា និងការរៀបចំទិសដៅសំណង់របស់បុព្វបុរសខ្មែរ ដែលអាចបញ្ចូលវិទ្យាសាស្ត្រតារាសាស្ត្រជាមួយស្ថាបត្យកម្មបានយ៉ាងច្បាស់លាស់។ សមរាត្រីអង្គរ (Equinox) បានក្លាយជាព្រឹត្តិការណ៍ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ មកទស្សនាព្រះអាទិត្យរះត្រង់កំពូលប្រាសាទជារៀងរាល់ឆ្នាំ៕
