អង្គការហត្ថាវេជ្ជសាស្ត្រ រៀបចំកម្មវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រ Osteopathy ដើម្បីជួយសម្រួលចលនាពីភាពតានតឹង ពីភាពជាប់គាំងតំបន់មួយចំនួននៃរាងកាយ
25-02-2026 15:27
(ភ្នំពេញ)៖ អង្គការហត្ថាវេជ្ជសាស្ត្រ សហការរៀបចំជាមួយ ភោជនីយដ្ឋានកាណែល (Kanell) បានរៀបចំកម្មវិធីព្យាបាលតាមបែបវេជ្ជសាស្ត្រមួយហៅថា Osteopathy ដើម្បីផ្ដល់សេវាជូនដល់បុគ្គលិករបស់ភោជនីយដ្ឋានដែលមានអាការៈចុករោយ ថ្លោះគ្រេច សម្រាន្ដមិនលក់ អារម្មណ៍តានតឹង និងជំងឺផ្សេងៗទៀត។
កម្មវិធីដែលរៀបចំនៅអំឡុងខែធ្នូនេះ មានអ្នកផ្ដល់សេវាជំនាញជាច្រើនរូប មកពីប្រទេសបារាំង រួមសហការជាមួយអ្នកអនុវត្ដកម្ពុជា ដែលក្នុងគោលបំណងផ្ដល់សេវាជូនដល់បុគ្គលិករបស់ភោជនីយដ្ឋាន ហើយវាជាការចាប់ផ្ដើមដំបូងក្នុងការបញ្រ្ជៀបសកម្មភាពចូលទៅក្នុងសមាគម សម្រាប់សេវាព្យាបាលមនុស្សពេញវ័យនៅក្នុងប្រទេស។
អ្នកជំនាញមកពីអង្គការហត្ថាវេជ្ជសាស្ត្រ បាននិយាយថា ក្រុមការងារមានភាពសប្បាយរីករាយដែលបានផ្ដល់ការប្រឹក្សា និងសេវាដល់បុគ្គលិកភោជនីដ្ឋានកាណែល (Kanell) ដើម្បីជួយចលនារាងកាយរបស់ពួកគាត់ឱ្យបានធូរស្បើយពីភាពតានតឹងមួយចំនួន។
អ្នកជំនាញបានបន្ថែមថា៖ «បុគ្គលិកទាំងអស់ គឺយើងបានពិនិត្យឃើញពួកគាត់មានអាការៈផ្សេងៗគ្នា ហើយភាគច្រើនពួកគាត់មានអាការៈចុករោយដៃជើង ឈឺចង្កេះ ខ្លះមានការឈឺចាប់រយៈពេលយូរ រហូតដល់រាប់ឆ្នាំហើយ តែមិនដឹងអំពីមូលហេតុ។ មិនត្រឹមតែប៉ុណ្ណោះបុគ្គលិកខ្លះទៀត មិនបានដឹងអំពីជម្ងឺរបស់ខ្លួន ទើបតែមានការព្យាបាលហើយក៏រកឃើញពីមូលហេតុនៃជំងឺនោះតាមរយៈជំនាញវេជ្ជសាស្ត្រ Osteopathy»នេះ។
លោកវេជ្ជបណ្ឌិត និងអ្នកជំនាញ បានថ្លែងអំណរគុណដល់ម្ចាស់ភោជនីយដ្ឋានកាណែល(Kanell) ដែលបានយល់ពីជំនាញវេជ្ជសាស្ត្រមួយនេះ ហើយបានផ្ដល់ឱកាសដល់ក្រុមការងាររបស់ខ្លួនមកផ្ដល់សេវាព្យាបាលដល់បុគ្គលិកនៃភោជនីយដ្ឋាន ដើម្បីជាសារមួយជួយឱ្យពលរដ្ឋកម្ពុជា បានយល់ដឹងអំពីជំនាញនេះកាន់តែច្រើនឡើងៗ និងមានការសំណូមពរឲ្យមានកម្មវិធីបែបនេះបន្ថែមទៀតនាថ្ងៃខាងមុខ។
សូមរំលឹកថា អង្គការហត្ថាវេជ្ជសាស្ត្រ តែងតែព្យាបាលជូនដល់កុមារកំព្រា និងកុមារងាយរងគ្រោះតាមបណ្ដាអង្គការ ឬមណ្ឌលកុមារនៅក្នុងប្រទេសកម្ពុជា នៅតាមសហគម អង្គការដៃគូនានា ក៏ដូចជាស្ថាប័ននានា ដោយបានអញ្ជើញក្រុមវេជ្ជបណ្ឌិតមកពីប្រទេសបារាំង និងរ៉ូម៉ានី មកចូលរួមផ្ដល់សេវាព្យាបាល បេសកកម្មនេះត្រូវបានធ្វើឡើងចំនួន ២ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចនៅអំឡុងខែមីនា ខែកក្កដា និងខែធ្នូជារៀងរាល់ឆ្នាំ៕







