មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ដល់គ្រួសារវីរកងទ័ពពលី គ្រួសារភៀសសឹក និងពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
25-02-2026 14:54
(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកជូនអំណោយសប្បុរសធម៌ ដល់គ្រួសារវីរកងទ័ពពលី គ្រួសារភៀសសឹក និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
ក្នុងឱកាសសំណេះសំណាលនោះ លោក ឡុង សេង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
ទន្ទឹមនឹងនោះលោកបានលើកឡើង និងសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនរួមមាន៖ បញ្ហាព្រំដែន ការតាមដាន និងរក្សាស្ថិរភាពតាមតំបន់ព្រំដែន។សន្តិសុខ និងសណ្ដាប់ធ្នាប់ ការពង្រឹងភូមិ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាបាននូវការរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ, លោក ឡុង សេង បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារកងទ័ព គ្រួសារភៀសសឹក និងប្រជាពលរដ្ឋខ្វះខាតចំនួន ១២គ្រួសារ។ អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ៕
























