ទណ្ឌិតក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ចំនួន៣៨នាក់ ត្រូវជ្រើសរើស ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦
25-02-2026 14:38
(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីដោះលែង និងបន្ធូបន្ថយទោស តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស ជាន់ទី១សាលាខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ ដោយបានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត, លោកវរអគ្គានុរក្សថ្នាក់លេខ២ ប្រធានពន្ធនាគារខេត្ត, លោកស្នងការរងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ពៅ ពិសិដ្ឋ បានថ្លែងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើក លែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះ គឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ ឃាតកម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភេរវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម។
លោកបានស្នើមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួន ឱ្យក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។
លោកអភិបាលរងខេត្ត បានសន្និដ្ឋានជារួមថា កម្រិតកែប្រែ របស់ទណ្ឌិតទាំង៣៨នាក់ គឺសុទ្ធសឹងមិនមែនទោស បទឧក្រឹដ្ឋ ហើយមិនពាក់ព័ន្ធច្រើន ឬធ្ងន់ធ្ងរ ទៅលើការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន។ មួយវិញទៀតដោយសារតែទីកន្លែងឃុំខ្លួនទណ្ឌិត មានសភាពចង្អៀតណែនតាន់តាប់ ទើបគណៈកម្មការខេត្ត បានឯកភាពឱ្យបន្ថយទោស និងបន្តដាក់ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ទៅគណៈកម្មការជាតិ ធ្វើការសម្រេច។
គួរជម្រាបជូនថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យជាតិធំៗចំនួន០៥ សម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ក្នុងនោះមាន៖
ទី១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា)
ទី២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ទី៣៖ ពិធីបុណ្យវិសាខបូជា
ទី៤៖ ពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា)
ទី៥៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ២០២៦ខាងមុខនេះ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ បានជ្រើសរើសយកទណ្ឌិត ដាក់ជូនគណៈកម្មការខេត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស មានចំនួន២០នាក់ ស្រី០១នាក់ ក្នុងនោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៣ខែ មានចំនួន១៦នាក់ ស្រី០១នាក់ និងទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៦ខែ មានចំនួន០៤នាក់។
ដោយឡែកក្នុងពិធីបុណ្យវិសាខបូជា ២០២៦ខាងមុខនេះដែរ អង្គភាពពន្ធនាគារខេត្តពោធិ៍សាត់ ក៏បានជ្រើសរើសយកទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស មានចំនួន១៨នាក់ ស្រី០២នាក់ ក្នុងនោះទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៣ខែ មានចំនួន១១នាក់ ស្រី០២នាក់, ទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៦ខែ មានចំនួន០៦នាក់ និងទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស រយៈពេល០៩ខែ មានចំនួន០១នាក់៕

















