រដ្ឋបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្ត ប្រារព្ធទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ២០២៦
25-02-2026 14:32
(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្ត នៅពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ស្វាយ វាសនា ស្នងការរង ទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានឱ្យដឹងថា ទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីដាស់ស្មារតីឱ្យប្រជាពលរដ្ឋម្ចាស់ការ «បង្ការ» ជាមុន និងឈប់ធ្វេសប្រហែស, ផ្សព្វផ្សាយ ដោយបង្រៀនចំណេះដឹង និងបច្ចេកទេសពន្លត់ភ្លើងបឋមដល់សាធារណជន, ត្រៀមលក្ខណៈ ពង្រឹងសមត្ថភាពកងកម្លាំង និងត្រួតពិនិត្យឧបករណ៍សង្គ្រោះឱ្យរួចរាល់ជានិច្ច និងកាត់បន្ថយការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិឱ្យនៅកម្រិតទាបបំផុត។
លោកបន្តថា បើតាមស្ថិតិគ្រោះថ្នាក់ ដែលបណ្តាលមកពីអគ្គិភ័យឆ្នាំ២០២៥ ប្រៀបធៀបឆ្នាំ២០២៤ នៅទូទាំងខេត្ត មានចំនួន១៣/២៩លើក (ថយចុះ១៦លើក ស្មើនឹង៥៥.១៧%) បណ្តាលឱ្យឆេះផ្ទះ ចំនួន១២ខ្នង និងតូប១២ខ្នង កត្តាមកពីឆ្លងចរន្តអគ្គិសនី ធ្វេសប្រហែស ភ្លើងឆេះព្រៃ និងកត្តាផ្សេងៗទៀត។
លោក ពៅ ពិសិដ្ឋ សម្តែងនូវការអបអរសាទរ និងគាំទ្រខ្ពស់ ចំពោះការរៀបចំឱ្យមានទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យនេះឡើង សំដៅរំលឹកឱ្យប្រជាពលដរដ្ឋយើងនៅទូទាំងខេត្ត មានការយល់ដឹង និងចងចាំបានថា អគ្គិភ័យគឺជាគ្រោះថ្នាក់ដ៏កាចសាហាវមួយ ដែលអាចបំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋបានគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ឬគ្មានការប្រុងប្រយ័ត្ន។
លោកបន្តថា ដូចយើងទាំងអស់គ្នាបានដឹងហើយថា បន្ទាប់ពីប្រទេសជាតិ ត្រូវបានរំដោះចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត អ្វីៗត្រូវចាប់ផ្តើមឡើងវិញពីចំណុចសូន្យ ពីស្ថានភាពលំបាកលំបិន ខ្សត់ខ្សោយ ខ្វះខាតគ្រប់ទីកន្លែង ជាពិសេសភូមិករ ផ្ទះសម្បែង រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន ត្រូវបានបំផ្លិចបំផ្លាញ ស្ទើរទាំងស្រុង។ ប៉ុន្តែក្រោមមគ្គទេសដឹកនាំដ៏ឆ្នើម នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកន្លងមក នេះនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍រីកចម្រើន និងក្រោមការដឹកនាំដ៏ឈ្លាសវៃក្នុងអណត្តិថ្មីរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏រឹតតែមានការ រីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះវិស័យឧស្សាហកម្ម សិប្បកម្ម រោងចក្រ លំនៅដ្ឋាន និងសំណង់បានលេចធ្លោរឡើងយ៉ាងឆាប់រហ័ស។ ទាំងអស់នេះគឺជាមោទនភាពដ៏ឧត្តុង្គឧត្តម និងថ្លៃថ្លា សម្រាប់ជាតិ និងប្រជាជនយើង ហើយយើងគប្បីត្រូវរួបរួមគ្នាការពារឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនបន្ថែមទៀត។
លោកអភិបាលរងខេត្តបន្ថែមថា ទន្ទឹងនឹងការរីកចម្រើន យើងក៏នូវជួបប្រទះសោកនាដកម្មជារឿយៗ បណ្តាលមកពីគ្រោះថ្នាក់អគ្គិភ័យ ដែលតែងកើតមានឡើង និងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិយ៉ាងច្រើនអនេក របស់ប្រជាពលរដ្ឋ ដែលបានខិតខំតស៊ូព្យាយាមសន្សំដ៏លំបាកជាច្រើនឆ្នាំមកហើយ និងសម្លាប់ជីវិតមនុស្សអស់មិនតិចទៀតផង។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងនូវការសោកស្តាយជាអនេក និងសូមចូលរួមនូវទុក្ខក្រៀមក្រំជាមួយប្រជាពលរដ្ឋយើងទាំងអស់ ដែលទទួលរងគ្រោះដោយសារអគ្គិភ័យរយៈពេលកន្លងមក។
លោក ពៅ ពិសិដ្ឋ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កន្លងមកនេះតែងបានយកចិត្តទុកដាក់គិតគូរជាប្រចាំ ចំពោះកិច្ចការបង្ការ និងពន្លត់អគ្គិភ័យ និងបានដាក់ចេញនូវវិធានការជាច្រើនទាក់ទងនឹងការអប់រំ បញ្ហាគ្រោះមហន្តរាយបណ្តាលមកពីអគ្គិភ័យ ការពង្រឹងស្ថាប័នមានសមត្ថកិច្ច គ្រប់ផ្នែក និងការបំពាក់ឧបករណ៍ មធ្យោបាយ សម្ភារៈពន្លត់អគ្គិភ័យ។ ទោះបីជាយ៉ាងណានៅក្នុងស្ថានភាពជាក់ស្តែង ករណីអគ្គិភ័យនៅតែកើតមានជាបន្តបន្ទាប់ ដែលចាំបាច់ត្រូវមានការគិតគូរបន្ថែមទៀត ដើម្បីដោះស្រាយ ដើមចមនៃការបង្កគ្រោះថ្នាក់អគ្គិភ័យកន្លងមកនេះ ឱ្យមានប្រសិទ្ធិភាព ជាពិសេសការតចរន្តអគ្គិសនីមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការធ្វេសប្រហែសក្នុងការប្រើភ្លើងទៀន ធូប ភ្លើង ចង្ក្រាន និងការដុតសំរាម...។ល។
លោកសូមអំពាវនាវដល់គ្រប់មន្ទីរ ស្ថាប័ន អង្គការ សង្គមស៊ីវិល គ្រឹះស្ថានរដ្ឋ និងឯកជន និងប្រជាពលរដ្ឋគ្រប់រូប សូមរួមគ្នាចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ កុំឱ្យកើតមានជាយថាហេតុ ដើម្បីសេចក្តីសុខទាំងអស់គ្នា។
ក្នុងឱកាសនោះ ក៏មានកម្មវិធីប្រគល់សម្លៀកបំពាក់ពន្លត់អគ្គិភ័យ ជាអំណោយរបស់ប្រទេសកូរ៉េ ជូនការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងការបង្ហាញសកម្មភាព អំពីរបៀប និងអនុវត្តជាក់ស្តែងការពន្លត់អគ្គិភ័យ វិធីសាស្ត្រការពារ តាមរយៈការឆេះដោយការប្រើប្រាស់ធុងហ្គាស, ពន្លត់ការឆេះដោយប្រេងឥន្ធនៈ និងពន្លត់ការឆេះទ្រង់ទ្រាយធំ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យផងដែរ៕

















































