FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវជនប្រមាណ២០០នាក់ ពីស្រុកប្រាសាទបល្ល័ង្ក ទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាននៃតុលាការខ្មែរក្រហម ដើម្បីស្វែងយល់អំពីកេរដំណែលសាលាក្ដីខ្មែរក្រហម

25-02-2026 14:13

(ភ្នំពេញ)៖ យុវជនប្រមាណ ២០០នាក់ មកពីស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានមកទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីស្វែងយល់អំពីកេរដំណែលនៃការជំនុំជម្រះក្ដីលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលបានកើតឡើងក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។

ទស្សនកិច្ចសិក្សានេះធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ដឹកនាំដោយ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងទទួលស្វាគមន៍ដោយ លោក ថោង សុជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាមន្ដ្រីគ្រប់គ្រងជាន់ខ្ពស់ នៃ អ.វ.ត.ក. តំណាងលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្ដីទីនៃ អ.វ.ត.ក.។

លោក ងួន រាសី បានសម្ដែងក្ដីរំភើប និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ អ.វ.ត.ក. ដែលបានអនុញ្ញាត និងទទួលយ៉ាងកក់ក្ដៅចំពោះយុវជនពីខេត្តកំពង់ធំ ឱ្យបានចូលរួមសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រដ៏សោកសៅរបស់ជាតិ និងតួនាទីសាលាក្ដីក្នុងការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកបានបញ្ជាក់ថា ការចូលរួមរបស់យុវជនក្នុងសកម្មភាពបែបនេះ គឺជាឱកាសសំខាន់ក្នុងការពង្រឹងការយល់ដឹងអំពីតម្លៃសន្តិភាព ការគោរពសិទ្ធិមនុស្ស និងការការពារមិនឲ្យអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរត្រឡប់មកកើតឡើងវិញ។

លោក ថោង សុជាតិ បានថ្លែងស្វាគមន៍ និងបង្ហាញអំពីបេសកកម្ម ការងារ និងកេរដំណែលរបស់ អ.វ.ត.ក. ក្នុងនាមជាតុលាការលក្ខណៈសមាស (Hybrid Court) ដែលមានការចូលរួមរវាងជាតិ និងអន្តរជាតិ។ លោកបានលើកឡើងថា កេរដំណែលសំខាន់ៗ រួមមាន ការចងក្រងឯកសារប្រវត្តិសាស្ត្រ ការផ្ដល់ឱកាសឲ្យជនរងគ្រោះចូលរួមជាភាគីស៊ីវិល ការអប់រំផ្សព្វផ្សាយដល់សាធារណជន និងការរួមចំណែកក្នុងការពង្រឹងនីតិរដ្ឋនៅកម្ពុជា។

ក្នុងអំឡុងទស្សនកិច្ច យុវជនបានទស្សនាពិព័រណ៍ឯកសារ វីដេអូ និងសម្ភារៈពាក់ព័ន្ធនឹងដំណើរការជំនុំជម្រះក្ដី ព្រមទាំងបានសួរឆ្លើយជាមួយមន្ដ្រីជំនាញ ដើម្បីបង្កើនការយល់ដឹងអំពីយុត្តិធម៌អន្តរកាល និងសារៈសំខាន់នៃការចងចាំអតីតកាល។

បន្ទាប់ពីទស្សនកិច្ចនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. យុវជនបានបន្តដំណើរទស្សនកិច្ចទៅកាន់ សារមន្ទីរទួលស្លែង ដើម្បីសិក្សាអំពីសក្ខីកម្ម និងភស្តុតាងនានាពាក់ព័ន្ធនឹងការធ្វើទារុណកម្មក្នុងរបបនោះ។ បន្ទាប់មក ក្រុមយុវជនបានទៅកាន់វិមានឈ្នះឈ្នះ ដើម្បីស្វែងយល់បន្ថែមអំពីដំណើរការស្វែងរកសន្តិភាព និងការរួបរួមជាតិ បន្ទាប់ពីសង្គ្រាម និងជម្លោះយូរអង្វែងនៅកម្ពុជា។

ទស្សនកិច្ចសិក្សានេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការអប់រំប្រវត្តិសាស្ត្រ និងការចងចាំអតីតកាល ដើម្បីបណ្តុះស្មារតីយុវជនឱ្យក្លាយជាពលរដ្ឋមានការយល់ដឹង ទទួលខុសត្រូវ និងចូលរួមថែរក្សាសន្តិភាពឲ្យបានយូរអង្វែង៕