ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ពង្រីកសាខាថ្មី នៅក្នុងអគារអគ្គនាយកដ្ឋានពន្ធដារ ខណ្ឌជ្រោយចង្វារ
25-02-2026 13:51
(ភ្នំពេញ)៖ ធនាគារ វីង បានសម្ពោធសាខាថ្មីមួយបន្ថែមទៀត ដែលមានទីតាំងស្ថិត នៅក្នុងបរិវេណទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) ដោយផ្តល់ជូននូវ សេវាកម្មធនាគារ និងហិរញ្ញវត្ថុពេញលេញនៅចំទីតាំងកណ្តាល នៃខណ្ឌជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មរីកចម្រើនយ៉ាងឆាប់រហ័សមួយ ក្នុងរាជធានីភ្នំពេញ។
ពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
មានទីតាំងស្ថិតនៅជាន់ទី២ នៃអគារ GDT Tower ដ៏ទំនើប ដែលជាអគារពហុបំណងរួមមាន ការិយាល័យធ្វើការ ហាងលក់ដូរ និងកន្លែងផ្តល់សេវាកម្មអាជីវកម្មចម្រុះ សាខាធនាគារ វីង ថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងស្ថាប័នរដ្ឋនានានៅក្នុងខណ្ឌជ្រោយចង្វារ។
លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា «ស្របពេលដែលខណ្ឌជ្រោយចង្វារ កំពុងប្រែក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងបណ្តុំទៅដោយអគារ រដ្ឋបាលដ៏សំខាន់មួយនោះ ធនាគារ វីង បានបន្តពង្រីកបណ្តាញឱ្យកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅតំបន់នេះ»។
លោកបន្ដថា «សាខាថ្មីនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីយុទ្ធសាស្ត្រចម្បងរបស់យើង ក្នុងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទំនើប និងប្រកបដោយទំនុកចិត្ត នៅគ្រប់ទីកន្លែងដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍ។ យើងមានវត្តមាននៅទីនេះ គឺដើម្បីចូលរួមគាំទ្រដល់វឌ្ឍនភាព មិនថាបច្ចុប្បន្ន និងតទៅអនាគតដ៏យូរអង្វែងឡើយ»។
ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ ៤៖០០ល្ងាច សាខាថ្មីនេះ ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុពេញលេញ រួមមាន៖ កម្ចីអាជីវកម្មផ្តល់ជូនអត្រា ការប្រាក់ចាប់ពី ៧,៥% ក្នុងមួយឆ្នាំ និងគណនីសន្សំដែលផ្តល់អត្រាការប្រាក់រហូតដល់ ៣% ក្នុងមួយឆ្នាំ។ អតិថិជនក៏ទទួលបានការលើកលែងថ្លៃសេវាសម្រាប់ឆ្នាំដំបូង លើការប្រើប្រាស់កាត Wing Bank Mastercard One Card, Visa Debit និង Visa Credit ទៀតផង។
លើសពីនេះទៅទៀត សាខាថ្មីនេះផ្តល់ជូនសេវាទូទាត់បង់ពន្ធគ្រប់ប្រភេទដោយឥតគិតថ្លៃសេវា ព្រមទាំងផ្តល់ជូននូវសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ការទូទាត់វិក្កយបត្រទឹកភ្លើង និងប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃជាច្រើនទៀត។
ដើម្បីបង្កើនភាពងាយស្រួល សាខានេះមានបំពាក់នូវម៉ាស៊ីនស្វ័យសេវាកម្មដ៏ទំនើប ដែលមានម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដាក់ប្រាក់ ព្រមទាំងមានចំណតយានយន្តធំទូលាយ នៅក្នុងបរិវេណអគារ GDT Tower ផ្ទាល់តែម្តង។
សាខាថ្មីនេះ គឺជាការជាវឌ្ឍនភាពមួយបន្ថែមទៀត ក្នុងការបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារ វីង នៅទូទាំងប្រទេស ខណៈដែលបច្ចុប្បន្នធនាគារខ្មែរមួយនេះ កំពុងដំណើរការជាមួយសាខាជិត ៣០ ទីតាំង ភ្នាក់ងារធនាគារ វីង ជាង១២,០០០កន្លែង ភ្នាក់ងារវីង ម៉ាស្ទ័រ ជិត២០០ កន្លែង និងអេប Wing Bank ដែលមានមុខងារ ដំណោះស្រាយហិរញ្ញវត្ថុជាង ១០០ ប្រភេទ។
ធនាគារ វីង បានបង្ហាញពីលទ្ធផលប្រតិបត្តិការដ៏រឹងមាំកាលពីឆ្នាំកន្លងទៅ ដោយប្រាក់ចំណូលមានការកើនឡើង ៣០,២០%។ ទន្ទឹមនឹងនេះ ការផ្តល់ឥណទានបានកើនឡើងរហូតដល់ ៧៦,៥០% ខណៈដែលប្រាក់បញ្ញើអតិថិជនកើនឡើង ៥៧,៤៥% ដែលសមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកំណើននៃការប្រើប្រាស់អតិថិជន និងទំនុកចិត្តលើសេវាកម្មរបស់ធនាគារ វីង។
ខណ្ឌជ្រោយចង្វារ បាននិងកំពុងប្រែក្លាយមុខមាត់យ៉ាងឆាប់រហ័ស ទៅជាតំបន់ពាណិជ្ជកម្ម លំនៅឋាន និងស្ថាប័នដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ ខណ្ឌនេះ ជាទីតាំងប្រមូលផ្តុំ ទៅដោយសាកលវិទ្យាល័យ មជ្ឈមណ្ឌលសន្និបាត ពហុកីឡដ្ឋាន និងការិយាល័យរដ្ឋាភិបាលធំៗជាច្រើន រួមទាំងទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារ នៅទីនេះផ្ទាល់ផងដែរ៕

















