រដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
25-02-2026 12:54
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះ មានវត្តមានចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង, ទីប្រឹក្សាក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត និងតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។
តាមរយៈសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបំពេញបេសកកម្មយ៉ាងសកម្មក្នុងការអភិវឌ្ឍតំបន់ជនបទដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល តាមរយៈការអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ខ្លួន ដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាមួយនឹងការដាក់ចេញទិសដៅការងារបន្ដយ៉ាងច្បាស់លាស់ផងដែរ។
ជាមួយគ្នានោះដែរ លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ក៏បានធ្វើបទបង្ហាញអំពីអត្រាកំណើននៃលទ្ធផលការងារសម្រេចបានក្នុងខែ និងលទ្ធផលសរុបត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ ធៀបនឹងខែកុម្ភៈ ឆ្នាំ២០២៦។
បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធ្វើឱ្យសម្រេចតាមគោលដៅនៃផែនការយុទ្ធសាស្ដ្រ និងចក្ខុវិស័យដែលបានកំណត់គឺ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព»។
ជាចុងបញ្ចប់ លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍មួយចំនួនដែលជាការតម្រង់ទិសជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ឱ្យបន្តអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង ដើម្បីកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន៕
















