FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បទយកការណ៍៖ ស្នាមរបួសនៃការឈឺចាប់ ទុក្ខវេទនារបស់ប្រជាជនកម្ពុជា ការបំផ្លិចបំផ្លាញ​ប្រាសាទ និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ​ដោយសារការឈ្លានពានរបស់ថៃ បានផុសឡើងលើផ្ទាំងគំនូរ នៅកណ្តាលរាជធានីភ្នំពេញ (Video inside)

25-02-2026 12:41

(ភ្នំពេញ)៖ ស្លាកស្នាមនៃការឈឺរបស់ប្រជាជនកម្ពុជា ការបំផ្លិចបំផ្លាញ ប្រាង្គប្រាសាទខ្មែរ ទេវរូបសាសនា ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ បាននិងកំពុងផុសឡើង នៅលើផ្ទាំងគំនូរ ដែលដាក់តាំងបង្ហាញនៅចំកណ្តាលរាជធានីភ្នំពេញ។

ទោះបីជារូបគំនូរនេះ គ្មានសំលេង ប៉ុន្តែវាបានបង្ហាញនូវភាពឈឺចាប់ ដែលមិនអាចពណ៌នាបាននូវអ្វីដែលពលរដ្ឋកម្ពុជា បានជួបប្រទះដោយសារឈ្លានពានរបស់ថៃ។​ គ្រប់សកម្មភាពទាំងអស់​នៅលើផ្ទាំងគំនូរដ៏ធំនេះ ​សុទ្ធតែបង្ហាញរូបភាពនៃការឈឺចាប់ដែលមិនអាចបំភ្លេចបាន និងភស្តុតាងដែលបង្ហាញពីសកម្មភាពឈ្លានរបស់ទាហានថៃ មកលើទឹកដីកម្ពុជា ដូចជា ​ដ្រូន និងយន្តហោះ F-16 របស់ថៃ ទម្លាក់គ្រាប់បែកបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោក និងប្រាសាទដទៃទៀត ដែលជាការបំផ្លាញមរតករប្បធម៌របស់មនុស្សជាតិ។ ព្រមទាំងកាត់ផ្តាច់ស្ពានមេទឹកនៅខេត្តពោធិ៍សាត់ ដែលជាកន្លែងតភ្ជាប់ការធ្វើដំណើរយ៉ាងសំខាន់ របស់ប្រជាជននៅតំបន់នោះ។

ជ្រុងម្ខាងនៃផ្ទាំងគំនូរនេះ បានបង្ហាញពីទាហានថៃយកគ្រឿងចក្រផ្តួលរលំរូបព្រះវិស្ណុ ដែលជាទេវរូបដ៏សំខាន់មួយនៅក្នុងសាសនាព្រាហ្មណ៍ ដែលទង្វើនេះ គឺជាប្រមាថដល់អ្នកកាន់សាសនានេះ រាប់លាននាក់នៅលើពិភពលោក។

នៅផ្នែកកណ្តាលនៃផ្ទាំងគំនូរ គឺម្តាយដែលកំពុងមានកូនក្នុងផ្ទៃ អោបកូន២នាក់ទៀតយ៉ាងតឹងណែន ដើម្បីការពារកូនពីទង្វើក៏យង់ឃ្នង់របស់ទាហានថៃ។ រូបភាពដែលគេចាប់អារម្មណ៍ទៀតនោះ គឺនារីវ័យក្មេងម្នាក់ កំពុងអង្គុយយំអោបជង្គង់ បន្ទាប់ពីរងការរំលោភបំពានពីទាហានថៃ អំឡុងពេលឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា។ ក្រៅពីរូបភាពទាំងនេះ នៅមានរូបភាពជាច្រើន ដែលស្ថិតក្នុងការចងចាំដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា។

ក្រុមវិចិត្រករ ដែលស្រាក់ដៃគ្នាបង្កើតជាផ្ទាំងគំនូរ លើផ្ទៃប្រវែង៣៥ម៉ែត្រ កម្ពស់៥ ម៉ែត្រនេះ ខ្លះគឺជាជនរងគ្រោះដែលត្រូវបានទាហានថៃបំផ្លាញផ្ទះសម្បែង ខ្លះទៀតជា អ្នកស្ម័គ្រចិត្ត ដែលរងការឈឺចាប់ពីទង្វើរបស់ទាហានថៃ ធ្វើមកលើប្រទេសកម្ពុជា។

ជាវិចិត្រករមួយរូបរស់នៅរាធានីភ្នំពេញ លោក អ៊ុំ លាង បានមកគូរដោយស្ម័គ្រចិត្តនៅទីនេះ រយៈពេល ៤ថ្ងៃមកហើយ។ រូបស្រ្តីមានផ្ទៃពោះ កំពុងអោបកូនតូចប្រុសស្រី ២នាក់ ក្នុងទឹកមុខភ័យរន្ធត់​​ គឺជារូបគំនូរដែលលោកកំពុងគូរដោយ​អារម្មណ៍សោគសង្រេង ដោយនឹករលឹកពីភាពភ័យខ្លាចដែលស្រ្តី និងកុមារបានជួបប្រទះ។

ធ្វើដំណើរជាង ៣០០គីឡូម៉ែត្រពីខេត្តសៀមរាប លោក មនោ បានស្ម័គ្រចិត្តមកគំនូរនៅលើផ្ទាំងនេះ ជាលើកទី២ បន្ទាប់ពីលោកបានគូរលើផ្ទាំងគំនូរលើកទី១ នៅក្នុងខេត្តសៀមរាប។ វិចិត្រករវ័យ ៤៥ឆ្នាំរូបនេះ យល់ថា បើទោះបីជាលោកមិនអាចចេញច្បាំងការពារជាតិដូចវីរៈកងទ័ព ប៉ុន្តែតាមរយៈរូបគំនូរផុសឡើងនេះ នឹងរួមចំណែកបង្ហាញដល់ពិភពលោក ពីភាពព្រៃផ្សៃដែលទាហានថៃ បានឈ្លានពានមកលើកម្ពុជា។

នៅក្បែរលោក មនោ មាននារីវ័យម្នាក់ទៀត កំពុងផាត់ពណ៌ទៅលើរូបស្ពាន ដែលត្រូវបានកាត់ផ្តាច់ដោយគ្រាប់បែក ដែលទម្លាក់ពីលើយន្តចម្បាំងហោះ F-16របស់ថៃ។ ឃើញរូបភាពនេះ ធ្វើឱ្យគេនឹកឃើញដល់ព្រឹត្តិការណ៍​នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយយោធាថៃ បានប្រើប្រាស់យន្តចម្បាំងហោះF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក ទៅលើស្ពានជ័យជំនះ ហៅមេទឹក​ ក្នុងភូមិសាស្ត្រថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។ កំពុងផាត់ពណ៌បណ្តើរ កញ្ញា ណើម ធាង បានបង្ហាញអារម្មណ៍សោកស្តាយ ដែលហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ត្រូវបានបំផ្លាញដោយយោធាថៃ ដោយគ្មានស្តាយស្រណោះ ខណៈកញ្ញា ក៏ជាជនភៀសសឹកមួយរូប ដែលរត់គេចពីសង្រ្គាមដូចគ្នា។

រូបបន្លាលួស កង់ឡាន ដែលទាហានថៃ ប្រើប្រាស់សម្រាប់ព័ន្ធយកដីកម្ពុជា កំពុងគូរឡើងដោយវិចិត្រករឯករាជ្យ​មួយរូប មកពីខេត្តកណ្តាល។ លោក នូ ដារ៉ូ បានស្ម័គ្រចិត្តមកគូររយៈពេល ៣ថ្ងៃហើយ។ លោកបានលើកឡើងថា គំនូរទាំងនេះនឹងក្លាយជាការចងចាំដ៏ឈឺចាប់មួយ ដែលពលរដ្ឋកម្ពុជាបានប្រទះ និងបាន​ប៉ះទង្គិចដល់ការរស់នៅរបស់ប្រជាជន នៅតាមតំបន់ព្រំដែន។

ស្ថិតនៅចំកណ្តាលនៃផ្ទាំងគំនូរ ដែលកំពុងលាតសន្ធឹងលើសួនច្បារមុខវត្តបុទម គឺរូបស្រ្តីវ័យចំណាស់ កំពុងអង្គុយសញ្ជឹងនៅលើរទេះរុញ នៅមុខបន្លាលួសដែលព័ន្ធដោយទាហានថៃ កាត់ផ្តាច់ការចេញចូល លំនៅដ្ឋានរបស់ខ្លួន។ រូបនេះ កំពុងតែទទួលបានចាប់អារម្មណ៍ពីជនបរទេស និងមកចូលរួមគូរបន្ថែម​។
លោក Miguel galbie មកពីសហរដ្ឋអាមេរិកបានលើកឡើងថា នៅពេលលោកបានឃើញរូបនេះ ធ្វើឱ្យលោកមានអារម្មណ៍សោកសៅ និងសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងវិញ។ ហើយព្រឹត្តិការណ៍ដែលបានកើតឡើងនេះ នឹងក្លាយជាការចងចាំមួយ សម្រាប់ពលរដ្ឋកម្ពុជា។​

ជាមួយនឹងអារម្មណ៍ដិតដាមការឈឺចាប់ ដោយសារទង្វើឈ្លានពានរបស់ថៃ យុវជន ចិន្តា កំពុងផ្តោតអារម្មណ៍ទៅលើការគូសវាសរបស់វិចិត្រករនីមួយៗ។ បើទោះជារូបនេះ គ្មានសំលេងប្រាប់ពីការឈឺចាប់របស់ខ្លួន តែអត្ថន័យនៃរូបនីមួយបានធ្វើឱ្យ ចិន្តា ស្រក់ទឹកភ្នែក ដោយឃើញការឈឺចាប់ និងទុក្ខវេទនាដែលប្រជាពលរដ្ឋកម្ពុជា បានទទួល ក្នុងអំឡុងពេលកម្ពុជា​បាញ់ប្រយុទ្ធគ្នាជាមួយថៃទាំង២លើក។

ក្រោយទទួលបានជោគជ័យ និងទទួលបានការគាំទ្រច្រើនពីសាធារណជនជាតិ និងអន្តរជាតិ ទៅលើការដាក់បង្ហាញ ផ្ទាំងគំនូរស្នាដៃកូនខ្មែរ ​ក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» នៅខេត្តសៀមរាប លោក តាន់ គីមសួរ បានបន្ត​សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បង្កើតផ្ទាំងគំនូរទី២ ដាក់តាំងបង្ហាញនៅកណ្តាលរាជធានីភ្នំពេញ នៅលើសួនវត្តបុទមវត្តី ដើម្បីបង្ហាញអំពីភាពឈឺចាប់របស់ប្រជាជនខ្មែរ នៅទូទាំងប្រទេសដែលត្រូវបាន​សត្រូវឈ្លានពាន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា​។

​លោក តាន់ គីមសួរ ដែលជាម្ចាស់គម្រោង​សិល្បៈ ដើម្បីសន្តិភាព បានបញ្ជាក់ថា គំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី២នេះ នឹងបង្ហាញនូវទិដ្ឋភាពឈ្លានពាន ពីភាគីថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ទាំងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាសនា និងសកម្មភាពនានាដែលប្រជាជនកម្ពុជា បានរងទុក្ខ។

លោកបានលើកឡើងថា បើទោះបីជាពេលនេះ ស្ថានការណ៍នៃជម្លោះហាក់ស្ងប់ស្ងាត់ក៏ដោយ ប៉ុន្តែកម្ពុជាមិនទាន់អាចទទួលបានសន្តិភាពពេញលេញនោះទេ ដូច្នេះហើយរូបគំនូរដែលគូរឡើងនៅលើផ្ទាំងនេះ ក្រៅបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ក៏បង្ហាញនៅរូបភាពដែលទាហានថៃរាយបន្លាលួស ដាក់ទូកុងតឺន័រ កាន់កាប់ទឹកដីកម្ពុជា​ ក្នុងពេលបច្ចុប្បន្នផងដែរ។

​​គំនូរសិល្បៈដើម្បីសន្តិភាពផ្ទាំងទី២នេះ មានការចូលរួមគូពីសិល្បករខ្មែរប្រមាណជាង ៧០នាក់​ ដែលបានចាប់ផ្ដើមគូពីថ្ងៃទី២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣ ខែមីនា​ ឆ្នាំ២០២៦។ ក្រោយបញ្ចប់ការគូរផ្ទាំងគំនូរនេះ នឹងបន្តដាក់តាំងបង្ហាញសាធារណជនរហូតដល់ខែឧសភា។

តាមរយៈគំនូរទាំងនេះ មិនមែនគ្រាន់តែបង្ហាញនូវការឈឺចាប់ប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏ជាសារដាស់តឿនដល់កូនខ្មែរ ជំនាន់ក្រោយត្រូវចងចាំ និងខិតខំអភិវឌ្ឍន៍ខ្លួនឱ្យខ្លាំង ដើម្បីចូលអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែខ្លាំង កុំប្រទេសដទៃមើលងាយ៕