FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកសន្ដិបណ្ឌិត នេត សាវឿន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងាររបស់ក្រសួងសង្គមកិច្ច ដែលសម្រេចបានកន្លងទៅ និងដាក់ចេញអនុសាសន៍ណែនាំ៨ចំណុច ដើម្បីជាទិសដៅអនុវត្តបន្ដ

25-02-2026 12:28

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទី និងជាតំណាងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវជនីតិសម្បទា។

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់លោក ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកត់សម្គាល់ឃើញថា សមិទ្ធផលឆ្នាំ២០២៥ ក៏មិនខុសពីឆ្នាំកន្លងទៅប៉ុន្មានដែរ ពោលគឺក្រសួងបានសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈជាច្រើន ព្រមទាំងបានកំណត់ទិសដៅការងារ សម្រាប់ឆ្នាំបន្តរបស់ខ្លួន ប្រកបដោយទស្សនវិស័យច្បាស់លាស់ប្រកបដោយភាពប្រាកដនិយម ដែលគ្របដណ្តប់ទៅលើការងារសំខាន់ៗដូចជា កម្មវិធីជាតិជំនួយសង្គម, ការងារជនពិការ, កុមារ, មនុស្សចាស់, អតីតយុទ្ធជន និងនិវត្តជន, ការគាំពារជនរងគ្រោះ និងការងារស្តារនីតិសម្បទា អនីតិជន និងអ្នកញៀនគ្រឿងញៀនជាដើម។

លោកបានគូសបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ពិតជាបានដើរតួនាទីស្នូលដ៏សំខាន់ក្នុងនាមជាសេនាធិការ គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនយោបាយសំខាន់នានា ប្រកបដោយប្រសិទ្ធភាព។ ទាំងនេះពិតណាស់បានមកក្រោមការដឹកនាំយ៉ាងសកម្មឈ្មួសឈ្មួល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលលះបង់កម្លាំងកាយចិត្ត ខិតខំពូនជ្រំ កសាងនូវសមិទ្ធផល ការងារលេចធ្លោជាច្រើន ដែលលោកសូមនាំនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ និងប្រសិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ។

ដើម្បីគាំទ្រដល់ការងារអនុវត្តការងារទាំងនេះ ទទួលបានជោគជ័យបន្តបន្ថែមទៀត និងដើម្បី ឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលក្រសួងបានរំលេចក្នុងរបាយការណ៍សន្និបាត, ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តី លោកសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការណែនាំ និងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ នូវការងារមួយចំនួនដូចខាងក្រោម៖

*ទី១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តអនុសាសន៍ដែលបានដាក់ចេញកាលពីឆ្នាំកន្លងទៅឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសការអនុវត្ត៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ, កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនក្រីក្រនិងគ្រួសាររងហានិភ័យ, កម្មវិធីដោះស្រាយបញ្ហាជនអនាថា និងជនវិបល្លាសស្មារតី, ការលើកកម្ពស់ការងារយុវនីតិសម្បទា និងកម្មវិធីយុត្តិធម៌អនីតិជន, ការជំរុញអត្រាជនមានពិការភាពបម្រើការងារក្នុងវិស័យរដ្ឋនិងឯកជន និងការកំណត់គោលនយោបាយ សម្រាប់ជនរងគ្រោះ និងជនងាយរងគ្រោះ

*ទី២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង សា្ថប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំសុវត្ថិភាព ជួយសម្រួលទុក្ខលំបាក បង្កឱកាសឲ្យកុមារបានរៀនសូត្រ និងត្រៀមអនុវត្តកម្មវិធី កិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ដើម្បីអន្តរាគមន៍ ជួយដល់ពួកគាត់ក្នុងការរក្សាលំនឹងជីវភាព កាត់បន្ថយកម្មវិបាកអវិជ្ជមាន និងស្តារជីវភាពឲ្យប្រសើរឡើងវិញ

*ទី៣៖ ឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃកង្វះសមាគមមនុស្សចាស់ លោកបានធ្វើការណែនាំ ជាពិសេសទៅដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវ បង្កើនកិច្ចសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកចិត្តទុកដាក់ ចំពោះបញ្ហានេះ ដោយសារអាជ្ញាធរមូលដ្ឋាន គឺដើរតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហាកង្វះ សមាគមមនុស្សចាស់នេះ

*ទី៤៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ និងផ្តល់តម្លៃដល់ការប្រើប្រាស់បណ្ណសម្គាល់ជនមានពិការភាព

*ទី៥៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខ សង្គមឲ្យកាន់តែរឹងមាំ តាមរយៈការធ្វើស្វ័យប្រវត្តិកម្ម នៃការបញ្ចូនទិន្នន័យសិទ្ធិវន្ត ជាមួយនឹងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងសុក្រឹតភាពនៃទិន្នន័យ ដោយប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថលកម្ពុជាជាគោល

*ទី៦៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការយកចិត្តទុកដាក់ ការងារគ្រប់គ្រង មជ្ឈមណ្ឌល និងមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ទាំងរដ្ឋ និងឯកជន

*ទី៧៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបង្កើនការសហការ ជាប់ជាប្រចាំជាមួយនឹងអគ្គលេខាធិការដ្ឋាន នៃសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ដើម្បីបង្កើនការយកចិត្តទុកដាក់ទៅដល់ការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជននៅកម្ពុជា

*ទី៨៖ សូមក្រើនរំលឹកសាឡើងវិញអំពី ការអនុវត្តបទបញ្ជា០១បប ស្តីពីការចាត់វិធានការចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលពាក់ព័ន្ធ នឹងសារធាតុញៀន ដោយសារតែរយៈពេលចុងក្រោយនេះ ចំនួនធ្វើតេស្តតាមក្រសួង ស្ថាប័ន មានការថយចុះ ដែលសូមក្រសួង ស្ថាប័នទាំងអស់បន្ត ការធ្វើតេស្តនេះជាប់ជាប្រចាំ ដើម្បីធានាបានថា មន្ត្រី និងកងកម្លាំងរបស់យើង គឺជាមន្ត្រីស្អាតស្អំ ជាអ្នកគំរូ ដែលឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី គឺ «គោលការណ៍ សម្អាតផ្ទះ និងសម្អាតចកចេញពីបឹង»