អភិបាលខេត្តកំពង់ចាម អញ្ជើញបើកជំរំរបស់យុវជនលើកទី១៤ ក្រោមប្រធានបទ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ»
24-02-2026 22:00
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញបើកជំរំរបស់យុវជនខេត្តកំពង់ចាម លើកទី១៤ ក្រោមប្រធានបទ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ការបោះជំរំយុវជនខេត្តកំពង់ចាមនេះ មានប្រតិភូយុវជនមកពីវិទ្យាល័យនានា នៅតាមបណ្តាក្រុង/ស្រុកទាំង១០ ទូទាំងខេត្តកំពង់ចាម និងលោក លោកស្រី ជាថ្នាក់ដឹកនាំប្រតិភូយុវជន និងគណៈកម្មការរៀបចំជំរំជាង ៦០០នាក់។
លោកអភិបាលខេត្ត បានថ្លែងថា ការបោះជំរំយុវជន ជាកិច្ចការហ្វឹកហាត់ដ៏សំខាន់ក្នុងការងារអប់រំ ពីព្រោះការងារ បោះជំរុំនេះធ្វើឱ្យយុវជន អភិវឌ្ឍន៍ជំនាញទន់របស់ខ្លួន ដោយឲ្យក្មួយៗចេះសង្កេត ចេះពិចារណា ចេះបង្កើនស្មារតី ធ្វើការងារជាបុគ្គល ជាក្រុម ចេះធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព និងជាបុគ្គល ចេះទទួលខុសត្រូវក្នុងស្មារតីមិត្តភាព។ ម្យ៉ាងទៀតការបោះជំរំយុវជន ជាការងារបង្កលក្ខណៈឱ្យយុវជនស្គាល់ភូមិសាស្រ្ត តម្លៃពិតនៃធម្មជាតិ ចេះស្រឡាញ់ ការពារបរិស្ថាន និងទទួលបានចំណេះដឹង បំណិននានាបន្ថែម ទៅតាមគោលដៅ និងគោលបំណងដែលគណៈកម្មការរៀបចំកម្មវិធី ជំរំបានគ្រោងទុក។
ការបោះជំរំ គឺជាការបង្ហាត់បង្ហាញពីការងារគ្រប់គ្រង តាមបែបប្រព័ន្ធគ្រប់គ្រងស្វ័យគ្រប់គ្រង ដែលគណៈកម្មការបានរៀបចំបែងចែកជាក្រុម ជាសាខា និងប្រគល់កិច្ចការទទួលខុសត្រូវតាមឋានានុក្រម ដូចជាប្រធាន អនុប្រធានក្រុម និងប្រធាន អនុប្រធានសាខាឱ្យដឹកនាំអនុវត្ត។ ទាំងអស់នេះហើយដែលគេហៅថា ការរៀនដោយការអនុវត្ត ហើយនៅពេលដែល ក្មួយៗឆ្លងកាត់ការរៀនដោយការអនុវត្តនេះ ក្មួយៗនឹងមានស្មារតីម្ចាស់ការលើការងារគ្រប់គ្រង ក្មួយៗនឹងទទួលបានបទពិសោធន៍ ទៅតាមកម្មវិធីដែលគណៈកម្មការបានកំណត់ និងណែនាំ។
លោកអភិបាលខេត្តបន្តថា ទន្ទឹមនឹងនោះក្មួយៗយុវជនបានហាត់ បានរៀនតាមការអនុវត្តដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៍បំណិនជីវិតរបស់ក្មួយៗ ក្នុងរយៈពេលនៃដំណើរការបោះជំរំនេះ។ ដូចនេះការបោះជំរុំ គឺជាសកម្មភាពជំរុញ និងលើកទឹកចិត្តយុវជន ឱ្យទទួលបាននូវការអប់រំ និងការបណ្តុះបណ្តាលអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ របស់យុវជនឱ្យមានភាពពេញលេញលើផ្នែករាងកាយ បញ្ញាស្មារតី សីលធម៌ និងបំណិន ដើម្បីឱ្យយុវជនក្លាយជាពលរដ្ឋល្អ ក្នុងសង្គមជាតិ៕















